ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump នឹងស្បថចូលកាន់តំណែងជាផ្លូវការនៅថ្ងៃចន្ទ ដែលនឹងបើកផ្លូវឲ្យលោកចាត់ចែងការងាររដ្ឋាភិបាលអាមេរិកជាលើកទី២។
អ្នកឃ្លាំមើលមួយចំនួននៅប្រទេសកម្ពុជាបន្តផ្តល់ក្តីសង្ឃឹមថា លោក Trump នឹងអាចជួយសា្តរដំណើរការប្រជាធិបតេយ្យនៅកម្ពុជា បើទោះបីជាលោកត្រូវបានអ្នកវិភាគជាច្រើនមើលឃើញថា នឹងផ្តោតសំខាន់លើការជំរុញកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន សម្តែងការអបអរសាទរចំពោះការឡើងកាន់តំណែងរបស់លោក Trump ហើយលោកក៏នៅមានក្តីសង្ឃឹមលើការកែលម្អប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា នៅពេលលោក Trump ចូលបំពេញការងារនៅសេតវិមានចាប់ពីឆ្នាំ ២០២៥ នេះទៅ។
លោកថ្លែងថា៖ «យើងនៅតែមានក្តីសង្ឃឹមទៅលើ គឺថា ការដឹកនាំរបស់លោក ដូណាល់ ត្រាំ។ គាត់នឹងមិនបោះបង់កម្ពុជាទេ។ គាត់នឹងចូលរួមជំរុញឲ្យកម្ពុជាយើងក៏ដូចជាពិភពលោកត្រូវតែដើរទៅតាមគន្លងប្រជាធិបតេយ្យ។ គន្លងប្រជាធិបតេយ្យ យើងដឹងហើយ ត្រូវតែមានសេរីភាព ត្រូវតែមានការគោរពសិទ្ធិមនុស្ស ហើយនឹងមានការបើកលម្ហសម្រាប់គណបក្សនីមួយៗ ដើម្បីមានសិទ្ធិពេញលេញ ក្នុងការប្រកួតប្រជែងតាមការបោះឆ្នោត»។
លោក Trump នឹងក្លាយជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក ក្រោយលោកចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ លោកត្រូវគេមើលឃើញថា នឹងផ្តោតជាអាទិភាពលើកិច្ចការ ជំនួញ ជាពិសេសគឺការតទល់ជាមួយនឹងប្រទេសចិន ដែលជាគូប្រជែងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចដ៏ស្រួចស្រាល់របស់សហរដ្ឋអាមេរិក។
សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជាលោកអ៊ូ ច័ន្ទរ័ត្ន ថ្លែងថា ក្រៅពីបញ្ហាក្នុងស្រុក លោក Trump នឹងមើលទៅលើបញ្ហាធំៗជាច្រើនរបស់សាកលលោកដូចជា ជាមួយចិន ពាក់ព័ន្ធនឹងការដាក់ពន្ធនាំចូលពីប្រទេសចិន ដែលអាចបង្កជាសង្គ្រាមពាណិជ្ជកម្មជាមួយចិន និងការដណ្តើមឥទ្ធិពលនយោបាយជាមួយចិន ទាក់ទិនភាពតានតឹងនៅកោះតៃវ៉ាន់ និងវិបត្តិផ្សេងៗទៀតដូចជាសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ជម្លោះរវាងអ៊ីស្រាអ៊ែលនិងហាម៉ាស់ ក៏ដូចជាបញ្ហានៅស៊ីរីដែលទើបរួចផុតពីការគ្រប់គ្រងដ៏យូរអង្វែងរបស់លោក Bashar al-Assad និងភូមាដែលកំពុងជាប់គាំងក្នុងសង្គ្រាមស៊ីវិលក្រោយរដ្ឋប្រហារយោធាទម្លាក់មេដឹកនាំជាប់ឆ្នោតអ្នកស្រីអង់ សានស៊ូជី (Aung San Suu Kyi) កាលពីខែកុម្ភៈ ឆ្នាំ ២០២១។
ទោះយ៉ាងណា លោកយល់ឃើញថា សហរដ្ឋអាមេរិកនឹងមិនបោះបង់ការពង្រឹងប្រជាធិបតេយ្យរបស់បណ្តាប្រទេសនានា រួមទាំងកម្ពុជា ទីដែលក្រុមប្រឆាំង និងសង្គមស៊ីវិលធ្លាប់រងការបង្ក្រាបខាងនយោបាយយ៉ាងចាស់ដៃពីសំណាក់រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាពេលលោក Trump កាន់តំណែងអាណត្តិទីមួយ។
លោកថ្លែងថា៖ «ទោះយ៉ាងណាក៏សហរដ្ឋអាមេរិកនៅតែយកចិត្តទុកដាក់ក្នុងការជំរុញលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដោយចៀសមិនរួច»។
នៅមុនមួយថ្ងៃនៃការចូលស្បថកាន់តំណែងជាប្រធានាធិបតីពេញច្បាប់របស់សហរដ្ឋអាមេរិក លោក Trump បានធ្វើពិធីជ័យជម្នះនៅរដ្ឋធានីវ៉ាស៊ីនតោន ទីដែលលោកបានប្រាប់អ្នកគាំទ្រថា លោកនឹងដោះស្រាយបញ្ចប់វិបត្តិជាច្រើន ដូចជាសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ជម្លោះនៅមជ្ឈឹមបូព៌ា និងការរឹតបន្តឹងព្រំដែនសហរដ្ឋអាមេរិក មិនឲ្យមានការហូរចូលនៃជនចំណាកស្រុកតាមតែអំពើចិត្ត។ លោកក៏បានប្រកាសឲ្យអ្នកវិនិយោគមកបង្កើតរោងចក្រនៅសហរដ្ឋអាមេរិក និងបានប្តេជ្ញាថា នឹងធ្វើឲ្យសហរដ្ឋអាមេរិកមានសុវត្ថិភាព និងរឹងមំាខ្លាំងជាងមុន និងអស្ចារ្យជាថ្មីម្តងទៀត។ លោកក៏បានប្រាប់អ្នកគាំទ្រថា លោកបានជួយឲ្យបណ្តាញសង្គម TikTok របស់ចិនដំណើរការឡើងវិញ ដោយសហរដ្ឋអាមេរិកមានភាគហ៊ុន៥០ភាគរយនៃប្រព័ន្ធទំនាក់ទំនងសង្គមដ៏ពេញនិយមមួយនេះ។
អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី មានការភ្ញាក់ផ្អើលចំពោះការវិលត្រឡប់របស់លោក Trump ដែលជាមហាសេដ្ឋីដ៏មានឥទ្ធិពលម្នាក់របស់អាមេរិកមកកាន់តំណែងជាប្រធានាធិបតីជាលើកទី២។ លោកសង្កេតឃើញថា គោលនយោបាយស្នូលរបស់លោក Trump ផ្តោតសំខាន់លើការធ្វើពាណិជ្ជកម្ម ឬការដោះដូរផលប្រយោជន៍ និងថា ការវិលត្រឡប់របស់លោក Trump ក៏ជាការដាក់សម្ពាធបន្ថែមមកលើរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នផងដែរ។
លោកថ្លែងថា៖ «ការគ្រប់គ្រងរបស់លោក Donald Trump អាណត្តិទី១ បានដាក់ទណ្ឌកម្ម និងរិះគន់យ៉ាងធ្ងន់ធ្ងរលើការរំលោភសិទ្ធិមនុស្ស និង លម្ហប្រជាធិបតេយ្យ ជាហេតុនៅពេលដែលលោក Donald Trump មុនផុតអាណត្តិទី១ លោក Donald Trump មិនបានបន្តប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាក្នុងក្របខណ្ឌ GSP នោះទេ។ ខ្ញុំគិតថា ករណីនេះនៅបន្តអូសបន្លាយ ហើយបើយើងមើលលើស្ថានភាពបច្ចុប្បន្ននៅកម្ពុជា ស្ថានភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងរឹតត្បិតសកម្មភាពសង្គមស៊ីវិល និងទំនាក់ទំនងកម្ពុជាកាន់តែជិតដិតជាមួយចិនដែលជាបញ្ហាមួយដែលធ្វើឲ្យអាមេរិកមានការព្រួយបារម្ភ ខ្ញុំគិតថា អាណត្តិទី២របស់លោក Donald Trump នឹងកាន់តែដាក់សម្ពាធខ្លាំងលើរដ្ឋាភិបាលបច្ចុប្បន្ន»។
ចំណែកបញ្ហាសន្តិសុខវិញ លោក សេង វណ្ណលី បញ្ជាក់ថា៖ «ពាក់ព័ន្ធបញ្ហាសន្តិសុខដូចជា ការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងយោធា ការចោទប្រកាន់របស់សហរដ្ឋអាមេរិកថា កម្ពុជាបានផ្តល់មូលដ្ឋានទ័ពមួយផ្នែកនៃកងទ័ពជើងទឹករាមឲ្យចិន ក៏ជាបញ្ហាមួយដែលធ្វើឲ្យ លោក Trump លើកមកដាក់ក្នុងរបៀបវារៈក្នុងគោលនយោបាយការប្រឆាំងនិងចិនដែរ។ វាអាចមិនមែនដោយសារបញ្ហាសិទ្ធិមនុស្សប្រជាធិបតេយ្យ តែវាអាចដោយសារតែពាក់ព័ន្ធអរិភាពក្នុងភូមិសាស្រ្តនយោបាយរវាងសហរដ្ឋអាមេរិក និងចិនចាប់ផ្តើម[កើន]កម្តៅ ពិសេសពាក់ព័ន្ធការធ្វើសង្គ្រាមពាណិជ្ជកម្មកាន់តែតានតឹងខ្លាំង ដែលអាចត្រូវបានទាញកម្ពុជាចូលក្នុងសមរភូមិសាស្រ្តនយោបាយផងដែរ»។
លោកបន្ថែមថា កម្ពុជានឹងខិតទៅរកចិនកាន់តែខ្លាំងក្នុងអាណត្តិទី២របស់លោក Trump បើសិនកម្ពុជាមិនអាចកំណត់ទិសដៅផែនការយុទ្ធសាស្រ្តខ្លួនឲ្យបានត្រឹមត្រូវ និងថា កម្ពុជាអាចនឹងរង«ហានិភ័យខ្លាំង»ក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ។
ដោយឡែក អ្នកវិភាគនយោបាយ លោក មាស នី ជឿថា ដំណើរវិលត្រឡប់របស់លោក Trump លើកនេះនឹងបន្តធ្វើ«សង្រ្គាមពាណិជ្ជកម្ម»ជាមួយចិនទៀត ជាជាងការតទល់គ្នាខាងភូមិសាស្រ្តនយោបាយ។
លោកថ្លែងថា៖«ជាការមើលឃើញរបស់ខ្ញុំ ខ្ញុំគិតថា អ្វីដែលជាទិសដៅសំខាន់របស់លោក Trump គឺនៅតែព្យាយាមទី១ នយោបាយការបរទេសក្នុងមហាអំណាច ចំណោមគឺធ្វើយ៉ាងណាដើម្បីកុំឲ្យមហាអំណាចចិនដែលជាគូប្រកួតអាចខ្លាំងទៅរួច រួមទាំងការអនុវត្តបន្តនូវសង្រ្គាមពាណិជ្ជកម្មជាមួយនិងចិន ជាដើមនេះខ្ញុំគិតថា ជាយុត្តិសាស្រ្តសំខាន់របស់លោក Trump»។
បើតាមលោក មាស នី កម្ពុជាក៏ត្រូវត្រៀមខ្លួនផងដែរ ចំពោះការទាញយកប្រយោជន៍ពីទីផ្សារសេរីរបស់អាមេរិក ខណៈចិនក៏នៅតែជាដៃគូវិនិយោគសំខាន់មួយរបស់កម្ពុជាក្នុងការផលិតនិងនាំចេញទំនិញទៅសហរដ្ឋអាមេរិក និងថា កម្ពុជាក៏គួរពិនិត្យមើលឡើងវិញចំពោះភាពចម្រូងចម្រាសរវាងកម្ពុជា និងអាមេរិក ដើម្បីបង្កើនទំនុកចិត្តបន្ថែមដល់អាមេរិកក្នុងបន្តកិច្ចសហប្រតិបត្តិការរួមគ្នា ក្រោមអាណត្តិជាប្រធានាធិបតីរបស់លោក Trump។
លោកប្រាប់វីអូអេនៅថ្ងៃចន្ទថា៖ «រឿងការវិវឌ្ឍនៃស្ថានការណ៍នយោបាយទាំងការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅក្នុងស្រុកខ្មែរយើង ដែលនៅតែជាចម្រូងចម្រាសទៅលើទំនាក់ទំនងដ៏ស្មោះត្រង់រវាងប្រទេសទាំងពីរ[កម្ពុជា-អាមេរិក] នេះជាកាតព្ចកិច្ចដែលកម្ពុជាត្រូវតែសម្លឹងមើលរឿងហ្នឹង ព្រោះធម្មតាការធ្វើឲ្យទំនាក់ទំនងគ្នាបានប្រសើរហើយកម្ពុជាទទួលបានផលចំណេញពីហ្នឹង វាទាល់តែយើងពិនិត្យមើលរឿងអស់ហ្នឹងឡើងវិញ ហើយត្រូវកែតម្រូវគ្នាយ៉ាងម៉េចដើម្បីឲ្យមានទំនុកចិត្តរវាងសហរដ្ឋអាមេរិក និងកម្ពុជាឡើងវិញ ហើយក៏វាត្រូវនឹងអ្វីដែលបានចែងក្នុងរដ្ឋធម្មនុញ្ញដែលថា កម្ពុជាជាប្រទេសឯករាជ្យ អព្យាក្រឹត្យ»។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនបាននៅឡើយទេ។ កន្លងទៅ លោក សុខ ឥសាន បញ្ជាក់ថា ការឲ្យឬមិនឲ្យប្រព័ន្ធអនុគ្រោះពន្ធមកកម្ពុជានោះ គឺជារឿងធម្មតាទេសម្រាប់កម្ពុជា ដោយលោកអះអាងថា កម្ពុជានឹងក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាពេលខាងមុខ បន្ទាប់ពីទទួលបានការវាយតម្លៃពីអង្គការសហប្រជាជាតិ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត នៅតែមានសុទិដ្ឋិនិយមថា គោលនយោបាយរបស់សហរដ្ឋអាមេរិក ទោះបីជាប្រធានាធិបតីណាឡើងកាន់តំណែងក៏ដោយ ក៏នៅតែបន្តកិច្ចខិតខំប្រឹងប្រែងលើកិច្ចសហប្រតិបត្តិការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាដដែល។
លោកប្រាប់វីអូអេថា៖ «ខ្ញុំនៅតែមានសុទិដ្ឋិនិយមថា នៅពេលដែលលោក Trump ចូលកាន់តំណែងជាប្រធានាធិបតី លោកនឹងនៅតែបន្តការអនុវត្ត គោលការណ៍ពង្រឹងនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដូចជាអាណត្តិប្រធានាធិបតីមុនៗកន្លងមក ដែលមានការយកចិត្តទុកដាក់ចំពោះបញ្ហាប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា...។ កន្លងមកនេះយើងឃើញថា បញ្ហាចម្រូងចម្រាសបានកើតឡើងសម្រាប់កម្ពុជាយើងដែលទាក់ទងជាមួយសហរដ្ឋអាមេរិកដែលលើកឡើងអំពីលម្ហសេរីភាពជាមូលដ្ឋាន លម្ហសេរីភាពស៊ីវិល លម្ហសេរីភាពសារព័ត៌មាន លម្ហសេរីភាពនយោបាយ លម្ហសេរីភាពជួបជុំបញ្ចេញមតិ ពិសេសលម្ហសេរីភាពសិទ្ធិមនុស្សមានការធ្លាក់ចុះ»៕
វេទិកាបញ្ចេញមតិ