អង្គការសុខភាពពិភពលោកហៅកាត់ថា WHO និយាយថា ទ្វីបអឺរ៉ុបបានជំនួសប្រទេសចិនដែលជាមណ្ឌលនៃការរាតត្បាតជំងឺ COVID។
លោក Tedros Adhanom Ghebreyesus ប្រធាននៃអង្គការ WHO បានមានប្រសាសន៍ប្រាប់ពួកអ្នកកាសែតកាលពីថ្ងៃសុក្រនៅក្នុងក្រុងហ្សឺណែវថា នៅក្នុងទ្វីបអឺរ៉ុប «ករណីច្រើនជាងមុនបានត្រូវរាយការណ៍រៀងរាល់ថ្ងៃដោយមានច្រើនជាងចំនួនដែលបានត្រូវរាយការណ៍នៅក្នុងប្រទេសចិននៅពេលមានការរាលដាលខ្លាំង»។
ពួកមន្ត្រីនៅក្នុងប្រទេសអ៊ីតាលីបាននិយាយកាលពីថ្ងៃសុក្រថា ចំនួននៃអ្នកឆ្លងមេរោគវីរុសកូរ៉ូណាបានកើនឡើងជាង២,៥០០នាក់ក្នុងពេល២៤ម៉ោងកន្លងទៅនេះដែលនាំឱ្យចំនួនអ្នកឆ្លងជំងឺនេះនៅក្នុងប្រទេសនេះបានឡើងដល់១៧,៦៦០នាក់។ ចំនួនមនុស្សស្លាប់ដោយសារមេរោគវីរុសកូរ៉ូណានៅក្នុងប្រទេសអ៊ីតាលីដែលជាប្រទេសរងគ្រោះខ្លាំងជាងគេនៅខាងក្រៅប្រទេសចិនមាន១,២៦៦នាក់។
គេរាយការណ៍ថាប្រទេសអេស្ប៉ាញ ជិតប្រកាសភាពមានអាសន្នពីរអាទិត្យដើម្បីទប់ទល់នឹងការឆ្លងជំងឺនេះដែលពួកមន្ត្រីសុខាភិបាលបាននិយាយកាលពីថ្ងៃសៅរ៍ថា ឡើងដល់៥,៧០០នាក់ គឺមានកំណើនជាង១,៥០០នាក់ក្នុងពេល២៤ម៉ោង។
គេរំពឹងថា ពួកមន្ត្រីអេស្ប៉ាញ នឹងប្រកាសអំពីវិធានការត្រួតត្រាតឹងរ៉ឹងថែមទៀតដោយមានរួមបញ្ចូលការកម្រិតការចេញក្រៅផ្ទះលើកលែងតែក្នុងករណីមានភាពអាសន្ន។
ប្រទេសដាណឺម៉ាក និងប្រទេសប៉ូឡូញ ចូលរួមជាមួយប្រទេសឯទៀតៗកាលពីថ្ងៃសៅរ៍ ក្នុងការបិទព្រំដែនរបស់ខ្លួនដល់ពួកអ្នកដំណើរភាគច្រើន។ចំណែកឯប្រទេសរុស្ស៊ីវិញបាននិយាយថា ខ្លួននឹងបិទព្រំដែនខ្លួនជាមួយប្រទេសន័រវែស និងប្រទេសប៉ូឡូញ នៅថ្ងៃអាទិត្យនេះ។
កាលពីថ្ងៃសុក្រ ករណីអ្នកជំងឺថ្មីៗនិងអ្នកស្លាប់ក៏បានកើនច្រើនជាងមុនដែរនៅក្នុងប្រទេសអាល្លឺម៉ង់។ ចំណែកនៅឯស.រ.អា.វិញលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសភាពមានអាសន្នជាតិ។
លោក ត្រាំ បាននិយាយនៅក្នុងសន្និសីទកាសែតមួយខាងក្រៅអាគារសេតវិមានថា វិធានការនេះនឹងប្រើប្រាស់អំណាចពេញលេញនៃរដ្ឋាភិបាលសហព័ន្ធ ហើយនឹងអនុញ្ញាតឱ្យរដ្ឋនិងទីក្រុងទទួលប្រាក់សហព័ន្ធ៥០ពាន់លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺនេះ៕