ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសបិទទ្វារសាលារៀនក្នុងរាជធានីភ្នំពេញនិងទីក្រុងសៀមរាប ទាំងរដ្ឋនិងឯកជន ដោយដាក់ឲ្យចូលវិស្សមកាល ឬឈប់សម្រាកមុនកាលកំណត់ភ្លាមៗ នៅថ្ងៃសៅរ៍ទី១៤ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណា ឬ COVID 19 ដែលគេបានរកឃើញមួយមួយករណីនៅខេត្តសៀមរាប និងពីរករណីនៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងដែលបានចេញផ្សាយនៅថ្ងៃនេះ ក្រោយពេលក្រសួងសុខាភិបាលបានបញ្ជាក់ពីការរកឃើញករណីឆ្លងថ្មី នៅរាជធានីភ្នំពេញជាលើកដំបូង។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ បានបញ្ជាក់ថា៖ «យោងតាមរបាយការណ៍ស្ថានភាពរាតត្បាតនៃវីរុសកូវីដ១៩ របស់អង្គការសុខភាពពិភពលោក (WHO) និងពេលថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជាបានរកឃើញជាបន្តបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេសមានសញ្ជាតិផ្សេងៗ ដែលតម្រូវឲ្យមានវិធានការការពារទប់ស្កាត់ជាបន្ទាន់ ក្រសួងសូមណែនាំគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន នៅរាជធានីភ្នំពេញនិងក្រុងសៀមរាប (ត្រូវ) ចាប់អនុវត្តវិស្សមកាលតូចមុន កាលកំណត់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះ រហូតដល់ពេលចូលរៀនឡើងវិញ»។
លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់ VOA បន្ថែមថា៖ «អីចឹងវាជាវិធានការចូលរួមទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩»។
នៅពេលសួរថាតើហេតុអ្វីបានជាក្រសួងអប់រំមិនបានប្រកាសអនុវត្តន៍ដូចគ្នាចំពោះសាលារៀននៅខេត្តកំពង់ចាម និងខេត្តព្រះសីហនុ ដែលបានរកឃើញវីរុសកូវីដ១៩ដែរនោះ លោក ឌី ខាំបូលី បានពន្យល់ថា៖ «ស្ថានភាពវាខុសគ្នា នៅកំពង់សោមផុតទៅហើយ នៅភ្នំពេញយើងទើបតែរកឃើញ ក្រសួងសុខាភិបាលទើបតែរកឃើញកាលពីម្សិលមិញ (១៣ មីនា) អីចឹងបានជាមានវិធានការហ្នឹង»។
ក្រសួងសុខាភិបាលបានឱ្យដឹងកាលពីថ្ងៃសុក្រនេះថា ខ្លួនបានរកឃើញករណីទី៦ និងទី៧ ដែលមានឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) នៅកម្ពុជា និងជាករណីដំបូងផងដែរដែលត្រូវបានរកឃើញនៅរាជធានីភ្នំពេញ។ ករណីទាំងពីរនេះ កើតឡើងចំពោះបុរសជនជាតិកាណាដា វ័យ៤៩ឆ្នាំម្នាក់ និងបុរសម្នាក់ទៀតជនជាតិប៊ែលហ្សិក វ័យ៣៣ឆ្នាំ។
នៅឯខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍សំខាន់បំផុតរបស់ប្រទេសវិញ ក្រសួងសុខាភិបាលបានរកឃើញជនជាតិខ្មែរដំបូងគេម្នាក់ កាលពីដើមខែមីនា ដែលបុរសនេះបានប្រាស្រ័យទាក់ទងជាមួយជនជាតិជប៉ុនម្នាក់ ដែលរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា ក្រោយបានចាកចេញពីកម្ពុជាកាលពីដើមខែមីនា។
វិធានការប្រកាសបិទទ្វារសាលារៀនក្នុងរាជធានីភ្នំពេញ និងទីក្រុងសៀមរាប ទាំងរដ្ឋនិងឯកជន ដោយដាក់ឲ្យចូលវិស្សមកាល ឬឈប់សម្រាកមុនកាលកំណត់នេះ ត្រូវគេគិតថាទំនងជាត្រូវកែសម្រួលកាលវិភាគថ្មី ឬប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្សជាច្រើន។
បើតាមស្ថិតិចុងក្រោយរបស់ក្រសួងអប់រំសម្រាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ បានបង្ហាញថា យ៉ាងតិចសិស្សានុសិស្សចំនួន ១០១ ២៨៧នាក់ ទាំងរដ្ឋនិងឯកជន មកពីសាលារៀនចាប់ពីកម្រិតទាបដល់ឧត្តមសិក្សាចំនួន ៥៣០កន្លែង ក្នុងរាជធានីភ្នំពេញ ហើយនិងសិស្សានុសិស្សជាច្រើនពាន់នាក់មកពីសាលារៀនរាប់សិបកន្លែងក្នុងទីក្រុងសៀមរាបមួយក្នុងចំណោមសិស្សសរុបទូទាំងខេត្ត ១៥២០៤នាក់ និងសាលារៀន ១០២។
មានមតិជាប្រតិកម្មចំពោះការបិទទ្វារគ្រិះស្ថានសិក្សារដ្ឋនិងឯកជន ដោយដាក់ឲ្យចូលវិស្សមកាលមួយរយៈពេលខ្លី ឬឈប់សម្រាកមុនកាលកំណត់ភ្លាមៗ នៅថ្ងៃទី១៤ ខែមីនា មុនកាលកំណត់ថ្ងៃទី៦ ខែមេសានេះ។ ក្រុមអាណាព្យាបាល សិស្សនៅក្នុងទីក្រុងទាំងពីរ បានបង្ហាញការយល់ស្របនឹងវិធានការនេះ ដោយឈរលើសុវត្ថិភាព និងសុខភាពជាចម្បង ទោះបីជាក្រុមអាណាព្យាបាលមានការសោកស្តាយចំពោះការខកខានពេលសិក្សារបស់កូនៗក្តី។
ថ្លែងប្រាប់ VOA តាមទូរស័ព្ទលោក ពេជ្រ ជុង អាជីវករម្នាក់រស់នៅខណ្ឌដូនពេញ ក្នុងរាជធានីភ្នំពេញ ដែលជាអាណាព្យាបាលសិស្ស២នាក់ រៀននៅវិទ្យាល័យសន្ធរម៊ុក និងសាលាបឋមមួយនៅខណ្ឌទួលគោក បានសម្តែងការយល់ស្របនឹងវិធានការរបស់រដ្ឋ ហើយណែនាំកូនមិនឲ្យទៅរៀនដើម្បីជៀសវាងការប្រឈមនឹងការឆ្លងវីរុសកូវីដ១៩ តាមវិធានការរបស់ក្រសួងអប់រំ។
«ហើយជាធម្មតាក្មេង ចង់ទៅរៀនអីចឹងហើយ តែក្នុងនាមជាឪពុកម្តាយ យើងការពារ ព្រោះរឿងនេះមិនមែនតែកូនយើងម្នាក់ទេ វាជាទូទៅ»។
លោក ស្វាយ សារ៉េត ពាណិជ្ជករនៅក្នុងក្រុងសៀមរាប និងជាអាណាព្យាបាលកូនពីរនាក់ ដែលរៀននៅថ្នាក់ទី១ និង ថ្នាក់ទី៣ ក្នុងសាលារៀនអន្តរជាតិ The International School of Siem Reap (ISSR) បានថ្លែងប្រាប់ VOA តាមទូរស័ព្ទថា លោកបានដឹងដំណឹងពីការបិទសាលារៀននៅក្នុងទីក្រុងសៀមរាប ហើយលោកបញ្ជាក់ថា ទោះជាបីជាមានការរអាក់រអួលខ្លះ តែលោករីករាយចំពោះសុវត្ថិភាពកូនរបស់លោក។
«តែមួយទៀតដល់ពេលបានបិទអីចឹងទៅ ក៏យើងអត់សូវបារម្ភដែរ ព្រោះកាលណាកូនទៅរៀនផង ហើយព្រួយបារម្ភរឿងហ្នឹងផង យើងនៅអត់សុខ»។
ក្រៅពីបញ្ជាក់ថាកូនលោកមានការភ្ញាក់ផ្អើលចំពោះការបិទសាលារៀននោះ លោកក៏បញ្ជាក់ថា សាលារៀនកូនរបស់លោកបានបិទទ្វារចាប់តាំងពីគេរកឃើញករណីខ្មែរម្នាក់ឆ្លងនៅសៀមរាបដំបូងមេ្ល៉ះ ហើយសាលារៀននេះបានរៀបចំកម្មវិធីសិក្សាឲ្យមានការរៀនតាមប្រព័ន្ធអ៊ីនធឺណិត ឬអនឡាញ។
ក្រៅពីណែនាំឲ្យមានស្វ័យសិក្សា ក៏មានការណែនាំឲ្យជៀសវាងកន្លែងដែលមានហានិភ័យខ្ពស់ ដូចជាកន្លែងហែលទឹកសាធារណៈ កន្លែងហាត់ប្រាណ សួនកុមារជាដើម។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡាដដែលនោះ ក៏ណែនាំគ្រឹះស្ថានសិក្សាដែលមិនទាន់បញ្ចប់ការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សក្នុងឆមាសទី១ តម្រូវឲ្យយកលទ្ធផលសិក្សាជាមធ្យមភាគនៃពិន្ទុប្រចាំខែធ្នូ ឆ្នាំ២០១៩ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២០ ជាមធ្យមភាគពិន្ទុប្រចាំឆមាសទី១។ ហើយម្យ៉ាងទៀត គ្រឹះស្ថានសិក្សាអន្តរជាតិ នឹងមានការប្រជុំសម្រេចជាមួយមាតាបិតាសិស្ស ដើម្បីចាត់វិធានការនិងអនុវត្តតាមវិធានការបង្ការនិងទប់ស្កាត់របស់អង្គការសុខភាពពិភពលោក។
អង្គការសុខភាពពិភពលោក WHO ទើបបានប្រកាសនៅក្នុងសប្តាហ៍នេះអំពីការរាលដាលដ៏ឆាប់រហ័សនៃជំងឺរលាកសួត COVID-19 ដ៏គួរឲ្យបារម្ភនេះថា ជារោគរាតត្បាតសកល ដែលតម្រូវឲ្យប្រទេសនៅលើសកលលោក បង្កើនការទប់ស្កាត់ខ្លាំងជាងមុន ដើម្បីរារាំងកុំឲ្យធ្លាក់ដល់ស្ថានភាពអាក្រក់គ្រប់គ្រងលែងបាន។
ការប្រកាសនេះកើតឡើង នៅពេលដែលករណីឆ្លងថ្មីនៃវីរុសកូរ៉ូណា ឬកូវីដ១៩ នៅពិភពលោកបានកើនឡើងខ្លាំង បន្ទាប់ពីការផ្ទុះឡើងដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន ហើយបានឆ្លងរីករាលដាលពាសពេញពិភពលោក ដោយបានសម្លាប់មនុស្សជាង ៥៤០០ នាក់ ហើយមនុស្សចំនួនជាង ១៤៥ ០០០នាក់ បានឆ្លងវីរុសនេះ គិតមកដល់ថ្ងៃសៅរ៍នេះ៕