ក្រសួងសុខាភិបាលបានឱ្យដឹងកាលពីព្រលប់ថ្ងៃសុក្រនេះថា ខ្លួនបានរកឃើញករណីទី៦ និងទី៧ ដែលមានឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) នៅកម្ពុជា និងជាករណីដំបូងផងដែរដែលរកឃើញនៅរាជធានីភ្នំពេញ។
ក្នុងចំណោមករណីឆ្លង COVID-19 ទាំង៧ករណី មកទល់នឹងយប់ថ្ងៃសុក្រនេះ មាន៦ករណីត្រូវបានរកឃើញក្នុងរយៈពេលត្រឹមតែ៦ថ្ងៃចុងក្រោយចុងក្រោយ ខណៈដែលអង្គការសុខភាពពិភពលោក WHO ទើបបានប្រកាសថា ការរីករាលដាលបន្តបន្ទាប់ និងឆាប់រហ័សនៃជំងឺរលាកសួត COVID-19 ជារោគរាតត្បាតសកល។
ការត្រួតពិនិត្យសំណាក បានមកពីបុរសជនជាតិកាណាដាវ័យ៤៩ឆ្នាំម្នាក់ និងបុរសម្នាក់ទៀតជនជាតិប៊ែលហ្សិកវ័យ៣៣ឆ្នាំ ត្រូវបានរកឃើញលទ្ធផលថាវិជ្ជមាន COVID-19 កាលពីម៉ោង៤រសៀល ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០នេះ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា។
សេចក្ដីថ្លែងការណ៍ដដែលបានបន្តថា៖ «ការងារដែលត្រូវធ្វើបន្ត គឺត្រូវស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយបុរសជនជាតិកាណាដា និងជនជាតិប៊ែលហ្សិក វិជ្ជមានកូវីដទាំងពីរនាក់នេះ ដែលក្រុមការងារកំពុងតែសកម្មធ្វើ»។
ក្រៅតែពីបានបញ្ជាក់ថា បុរសទាំងពីរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហើយមិនមានពាក់ព័ន្ធនាវា Viking ដែលឈប់សំចតនៅខេត្តកំពង់ចាមនោះ ក្រសួងមិនបានបញ្ជាក់លម្អិតនោះទេ ថាតើបុរសទាំងពីរជាអ្នកស្នាក់នៅអចិន្ត្រៃយ៍នៅកម្ពុជា ឬជាអ្នកទេសចររយៈពេលខ្លី ហើយថា តើពួកគេចូលមកប្រទេសកម្ពុជាពេលណា តាមច្រកណា ដោយរបៀបណា ហើយធ្វើដំណើរទៅទីកន្លែងណាខ្លះ ក៏មិនបានបង្ហាញឱ្យដឹងនោះដែរ។
VOA មិនទាន់អាចទាក់ទង ទាំងលោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងអ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដើម្បីសុំការបំភ្លឺបន្ថែម បានទេក្រោយសេចក្តីប្រកាសបានបង្ហោះលើបណ្តាញសង្គម។
ក្រោយមក អ្នកស្រី ឱ វណ្ណឌីន បានឆ្លើយតបសារសំឡេងប្រាប់វីអូអេថា៖
«ទេក្មួយ អានេះជាករណីនាំចូល មិនមែនឆ្លងនៅក្នុងភ្នំពេញយើងទេ។ ករណីហ្នឹងគឺគាត់ទៅក្រៅទៅអីទៅគាត់មានរោគសញ្ញា។ វាជាករណីនាំចូល នេះតាមព័ត៌មានមុនហ្នឹងបន្តិច»។
អ្នកស្រីបន្ថែមថា៖ «ពេលរៀបចំ Press [សេចក្តីប្រកាសព័ត៌មាន] មីងអត់ទាន់មានព័ត៌មានអីទាំងអស់ តែដោយសារ តម្រូវការចេញភ្លាម មីងត្រូវដាក់ទៅសិនហើយ»។
ខុសប្លែកពីការរកឃើញករណីថ្មីពីលើកមុនៗ ការរកឃើញករណីឆ្លងបួនករណីនៅថ្ងៃនេះ ត្រូវបានក្រសួងប្រកាសឱ្យដឹងត្រឹមតែជាការចេញសេចក្ដីថ្លែងការណ៍ជាលាយល័ក្ខណ៍អក្សរប៉ុណ្ណោះ មិនមានការធ្វើសន្និសីទសារព័ត៌មានជូនអ្នកកាសែតអាចសាកសួរព័ត៌មានលម្អិតនោះទេ។
នេះជាករណីដំបូងហើយ ដែលត្រូវបានគេរាយការណ៍ជាផ្លូវការអំពីការឆ្លងឬផ្ទុកមេរោគCOVID-19 នៅរាជធានីភ្នំពេញ។
ពីរករណីសង្ស័យផ្សេងទៀត ដែលជាអ្នកទេសចរបានមកធ្វើដំណើរទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដែលម្នាក់ជាជនជាតិចិន និងម្នាក់ជាជនជាតិអង់គ្លេស មានលទ្ធផលវិភាគសំណាកអវិជ្ជមាន ពោលគឺពុំទាន់រកឃើញមានមេរោគ COVID-19 នៅឡើយទេ ហើយត្រូវបានផ្ដែផ្ដាំឱ្យត្រួតពិនិត្យសុខភាពជាប្រចាំ។ នេះបើយោងតាមអាជ្ញាធរ។
នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ បុរសស្ត្រីប្ដីប្រពន្ធជនជាតិអង់គ្លេសមួយគូ ដែលជាអ្នកដំណើរលើនាវា Viking ចូលសំចតនៅខេត្តកំពង់ចាមនោះ ក៏ត្រូវបានរកឃើញថាមានផ្ទុក COVID-19។ នេះបើយោងតាមក្រសួងសុខាភិបាលដដែល ដែលបានបញ្ជាក់ថា បុរសជាប្ដីវ័យ៧៣ឆ្នាំ ហើយនារីជាភរិយាវ័យ៦៩ឆ្នាំ។
នាវា Viking បានចេញដំណើរពីកំពង់ផែក្រុងមេសរ (My Tho) ក្បែរទីក្រុងព្រៃនគរ (Ho Chi Minh) ក្នុងទឹកដីវៀតណាម និងដែលមានស្ត្រីជនជាតិអង់គ្លេសម្នាក់មានលទ្ធផលតេស្ដវិជ្ជមានឃើញមានមេរោគCOVID-19 ពេលនាវានេះឆ្លងចូលក្នុងទឹកដីកម្ពុជា តាមដងទន្លេមេគង្គទៅសំចតដល់ខេត្តកំពង់ចាម កាលពីថ្ងៃទី១០ ខែមីនាកន្លងទៅ។
បច្ចុប្បន្ននេះនៅសល់អ្នកដំណើរ២៨នាក់ និងក្រុមនាវិក៣៤នាក់ផ្សេងទៀត ត្រូវបានមន្ត្រីសុខាភិបាលកម្ពុជា ផ្លាស់យកមកឡើងគោក និងសម្រាកក្នុងទីតាំងសណ្ឋាគារមួយកន្លែងក្នុងខេត្តកំពង់ចាម ក្នុងដំណាក់កាលចត្តាឡីស័ក ដើម្បីពិនិត្យតាមដានការប្រែប្រួលសុខភាព និងពិនិត្យលទ្ធភាពនៃការចេញរោគសញ្ញា។
បុរសជនជាតិខ្មែរម្នាក់រស់នៅខេត្តសៀមរាបត្រូវបានគេរកឃើញថាមានផ្ទុកមេរោគ COVID-19 កាលពីថ្ងៃទី៧ ខែមីនា ដោយលោកមានការប្រាស្រ័យទាក់ទងជិតស្និទ្ធជាមួយម្ចាស់ក្រុមហ៊ុនរបស់លោកជនជាតិជប៉ុន ដែលបានចេញផុតពីកម្ពុជាចូលទៅមាតុប្រទេសរបស់ខ្លួនវិញ ហើយត្រូវបានរកឃើញថា មានផ្ទុកមេរោគនេះ។ បច្ចុប្បន្នមនុស្ស៤៧នាក់ដែលមានប្រាស្រ័យទាក់ទងផ្ទាល់និងមិនផ្ទាល់ជាមួយបុរសទាំងពីររូបខាងលើ ត្រូវបានគេដាក់ឱ្យស្ថិតក្រោមការតាមដានការប្រែប្រួលសុខភាពផងដែរ។
ករណីដំបូងនៃ COVID-19 ដែលមាននៅកម្ពុជា កើតមានឡើងលើបុរសជនជាតិចិនមួយរូបវ័យ៦០ឆ្នាំ កាលពីថ្ងៃទី២៧ ខែមករា ដែលលោកបានធ្វើដំណើរពីទីក្រុង Wuhan ប្រទេសចិន ទីដែលមានការរាយការណ៍ពីការផ្ទុះរីករាលដាលនៃCOVID-19នេះ។ លោកត្រូវបានប្រកាសថា សះស្បើយប៉ុន្មានសប្ដាហ៍ក្រោយមក ហើយក៏បានត្រឡប់ទៅស្រុកវិញ។
មកទល់នឹងវេលាល្ងាចថ្ងៃសុក្រនេះ នៅទូទាំងពិភពលោក មានករណីឆ្លង COVID-19 នេះឡើងដល់ ១៣ម៉ឺន៧ពាន់នាក់ (ក្នុងនោះមាន៦ម៉ឺន៧ពាន់នាក់បានជាសះស្បើយ) និងបានសម្លាប់មនុស្ស៥ពាន់នាក់ ខណៈដែលការឆ្លងរាតត្បាតបានថយនៅប្រទេសចិន ហើយកើនគំហុកនៅកូរ៉េខាងត្បូង អ៊ីរ៉ង់ អ៊ីតាលី និងបណ្ដាប្រទេសបស្ចិមលោករួមមានសហរដ្ឋអាមេរិកជាដើម៕