ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​​ពិភពលោក​អំពាវនាវ​ឲ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ការពារ​ប្រឆាំង​នឹង​មេរោគ​ហ្ស៊ីកា​


A municipal worker fumigates an area outside a train station to check the spread of mosquito-borne diseases in Mumbai, India, Sept. 3, 2016.
A municipal worker fumigates an area outside a train station to check the spread of mosquito-borne diseases in Mumbai, India, Sept. 3, 2016.

អង្គការ​សុខភាព​ពិភព​លោក​ WHO បាន​បន្ថែម​ការ​ក្រើន​រំឮក​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នយ៍​ឲ្យ​ជួយ​ទប់​ស្កាត់​ការ​គំរាម​កំហែង​ដោយ​មេរោគ​ហ្ស៊ីកា​ (Zika) ដែល​កើត​ចេញ​ពី​សត្វ​មូស​ ខណៈ​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​នៃ​ជំងឺ​នេះ​ទៅ​លើ​ប្រជាជន​ក្នុង​ស្រុក​កំពុង​កើន​ឡើង។

លោក Roderico Ofrin​ ប្រធាន​ផ្នែក​សង្គ្រោះ​បន្ទាន់​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​របស់​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ប្រទេស​ទាំង​នេះ​ត្រូវ​តែ​ភ្ជាប់​ខ្លួន​ទៅ​នឹង​ «ប្រព័ន្ធ​តាមដាន​និង​រាយការណ៍​ដ៏​មាន​ប្រ​សិទ្ធភាព»​ ដើម្បី​ពិនិត្យ​តាម​ដាន​យ៉ាង​ដិត​ដល់​ទៅ​លើ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​នេះ។

លោក​ Ofrin បាន​ប្រាប់​ VOA តាម​រយៈ​អ៊ីម៉ែល​ថា៖ «អង្គការ​សុខភាព​ពិភព​លោក​កំពុង​ធ្វើ​ការ​ជា​មួយ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដើម្បី​បន្ត​ទប់​ស្កាត់​ ស៊ើប​អង្កេត​ និង​ឆ្លើយ​តប​ទៅ​នឹង​ការ​ឆ្លង​មេរោគ​ស៊ីកា​នេះ»។

លោក​បាន​បន្ថែម​ថា​ យុទ្ធសាស្ត្រ​គឺ​ផ្តោត​ទៅ​លើ​សារៈ​សំខាន់នៃ​ការ​គ្រប់​គ្រង​លើ​អង្គធាតុ​ចម្លង​មេរោគ​ជា​ប្រចាំ ពង្រឹង​ការ​តាម​ដាន​លើ​មេរោគ​ហ្ស៊ីកា​និង​ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្តល់​កំណើត​ បន្ថែម​សមត្ថភាព​នៅ​មន្ទីរ​ពិសោធន៍​ និង​បន្ថែម​ការ​ផ្សព្វផ្សាយ​អំពី​ហានិភ័យ​នៃ​ជំងឺ​នេះ​ និង​ការ​ធ្វើ​សកម្មភាព​នានា​នៅ​សហគមន៍។

ទ្វីប​អាមេរិក​ខាង​ត្បូង​ទទួល​រង​ឥទ្ធិពល​ធ្ងន់​ធ្ងរ​បំផុត​ពី​វីរុស​នេះ​ ជា​ពិ​សេស​ប្រទេស​ប្រេស៊ីល​ ដែល​មានករណី​ក្មេង​កើត​មក​មាន​ក្បាល​តូច​ជា​ច្រើន​ករណី​ត្រូវ​បាន​គេ​រក​ឃើញ​ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​ជំងឺ​នេះ​ក្នុង​ឆ្នាំ​២០១៥។

របាយការណ៍​ក្នុង​ទស្សនាវដ្ដី Lancet Infectious Diseases​ បាន​រក​ឃើញ​ថា​ ប្រទេស​ឥណ្ឌា ហ្វីលីពីន​ ថៃ​ និង​ឥណ្ឌូនេស៊ី​ គឺ​ជា​ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់​ ខណៈ​ដែល​ប្រទេស​ក្នុង​អនុ​តំបន់​អាហ្វ្រិក​សាហារ៉ា​ ប្រទេស​អង់ហ្គោឡា បាន​ជួប​នឹង​ហានិភ័យ​ដែល​កំពុង​តែង​កើន​ឡើង​ដោយ​សារ​តែ​មាន​ទំនាក់​ទំនង​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​ប្រទេស​ប្រេស៊ីល។

ទស្សនាវដ្ដី​ Lancet ​បាន​ព្រមាន​ថា​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​២,៦​ពាន់​លាន​នាក់​ក្នុង​ចំណោម​មនុស្ស​ជាង​១ភាគ​៣​នៃ​ចំនួន​ប្រជាជន​នៅ​លើ​សាកលលោក​ដែល​រស់​នៅ​ទ្វីប​អាហ្វ្រិក​ អាស៊ី​ និង​តំបន់​ប៉ាស៊ីហ្វិក​ ដែល​ងាយ​នឹង​រង​គ្រោះ​ដោយ​មេរោគ​ស៊ីកា​នេះ។

អ្នក​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ជាង​គេ​គឺ​ស្រ្តី​កំពុង​មាន​ផ្ទៃ​ពោះ​។ ការ​ឆ្លង​ជំងឺ​នេះ​ បច្ចុប្បន្ន​កំពុង​ប៉ះពាល់ដល់​ប្រជាជន​ក្នុង​ទ្វីប​អាមេរិក​ខាង​ត្បូង​ ដែល​បណ្ដាល​ឲ្យ​មាន​ភាព​ខុស​ប្រក្រតី​នៃ​ការ​ផ្តល់​កំណើត​ដល់​ទារក​ ជាពិសេស​ភាព​មិន​ប្រក្រតី​ដែល ប៉ះពាល់​ដល់​ការ​លូត​លាស់​ជា​ធម្មតា​នៃ​ក្បាល​របស់​ទារក។​

វីរុស​នេះ​ក៏​ត្រូ​បាន​ចម្លង​តាម​រយៈ​ការ​រួម​ភេទ​ ការ​បញ្ចូល​ឈាម ការ​ឆ្លង​ពី​ម្តាយ​ទៅ​កូន​ ហើយ​ក៏​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ខ្សោយ​នៃ​សាច់​ដុំ​ និង​រោគ​ខ្វិន​ដៃ​ជើង​ ដោយ​សារ​តែ​កោសិកា​ប្រសាទ​បាន​ខូច​ខាត​ដែល​គេ​ស្គាល់​ថា​ជា​អាការៈ​រោគ​ Guillain-Barre។

រដ្ឋាភិបាល​ជា​ច្រើន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​បាន​បង្កើត​ការ​តាម​ដាន​និង​ការ​ត្រួត​ពិនិត្យ​នៃ​វីរុស​នេះ​ក្នុង​ក្នុង​សហគមន៍​ជា​ច្រើន​ដោយ​បាន​បាញ់​សារធាតុ​គីមី​ទៅ​លើ​ទីតាំង​ដែល​គេ​ដឹង​ថា​ជា​កន្លែង​បន្ត​ពូជ​របស់​សត្វ​មូស​ Aedes។

សមាជិក​ក្រុម​បាញ់​ថ្នាំ​សម្លាប់​មូស​ពិនិត្យ​មើល​លូទឹក​ស្អុយ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី
សមាជិក​ក្រុម​បាញ់​ថ្នាំ​សម្លាប់​មូស​ពិនិត្យ​មើល​លូទឹក​ស្អុយ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី

ប្រទេស​សិង្ហបុរី​បាន​រាយការណ៍​អំពី​ករណី​នៃ​ការ​ឆ្លង​មេរោគ​ហ្ស៊ីកា​ជាង​២៤០​ករណី​ ខណៈ​ពេល​ដែល​ប្រទេស​ម៉ាឡេស៊ី និង​ថៃ​ ក៏​បាន​រាយការណ៍​អំពី​ការ​ឆ្លង​មេរោគ​នេះ​ផង​ដែរ។ ការ​ដាក់​បម្រាម​មិន​ឲ្យ​ធ្វើ​ដំណើរ​ត្រូវ​បាន​ចេញ​ដោយ​សហរដ្ឋ​អាមេរិក​ អង់គ្លេស​ អូស្ត្រាលី​ និង​តៃវ៉ាន់ ដោយ​បាន​ព្រមាន​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​មិន​ឲ្យ​ធ្វើ​ដំណើរ​ក្នុង​ករណី​មិន​ចាំ​បាច់។

ប៉ុន្តែ​ក្រុម​អ្នក​វិទ្យសាស្ត្រ​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​នៅ​ទ្វីប​អាស៊ី​និយាយ​ថា​ ការ​ផ្ទុះ​ឡើង​ចុង​ក្រោយ​នេះ​បាន​បន្សល់​ទុក​នូវ​ចម្ងល់​ជា​ច្រើន​ដែល​មិន​ទាន់​បាន​បក​ស្រាយ។

ភាព​តាន​តឹង​ដោយ​សារ​មេរោគ​ហ្ស៊ីកា​បាន​កើត​មាន​ឡើង​ក្នុង​ទ្វីប​អាស៊ី​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដោយ​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ជំងឺ​គ្រុន​ក្តៅ​កាច​សាហាវ​ ការឈឺ​ចុក​ចាប់​សន្លាក់ ​និង​កន្ទួល​ ដែល​វេជ្ជបណ្ឌិត​ជា​ច្រើន​បាន​និយាយ​ថា​ អាច​ឆ្លង​ផុត​បន្ទាប់​ពី ព្យាបាល​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍។ ជា​លទ្ធផល ​មេរោគ​ហ្ស៊ីកា​ ត្រូវ​បាន​គេ​យក​ចិត្ត​ទុកដាក់​តិច​តួច​ជាង​ជំងឺ​កាច​សាហាវ​ផ្សេង​ទៀត​ដូច​ជា​គ្រុន​ឈាម និង​គ្រុន​ចាញ់។

នៅ​ឆ្នាំ​២០១៦​ ប្រទេស​ថៃ​តែ​ម្នាក់​ឯក​បាន​រាយការណ៍​អំពី​ករណី​ជំងឺ​គ្រុន​ឈាម​ជាង​៣៥.៨០០​ករណី​ ដោយ​មាន​ករណី​ស្លាប់​ជាង​២០​ករណី។

ទីភ្នាក់​ងារ​សុខភាព​និង​បរិស្ថាន​ជាតិ​របស់​ប្រទស​សិង្ហបុរី​បាន​រាយការណ៍​អំពី​ការ​កើន​ឡើង​នៃ​មេរោគ​ហ្ស៊ីកា​ដែល​បាន​ឆ្លង​ដល់​សហគមន៍​ក្នុង​សប្តាហ៍​ថ្មីៗ​នេះ​ថា​ កើត​ចេញ​ពី​ក្នុង​ទ្វីប​អាស៊ី​ មិន​មែន​ឆ្លង​ពី​ប្រទេស​ប្រេស៊ីល​ទេ។

លោក​ Prasert Auewarakul សាស្ត្រាចារ្យ​ និង​ជា​នាយក​វិទ្យាស្ថាន​ជីវសាស្ត្រ​ម៉ូលេគុល​ នៅ​សាកល​វិទ្យាល័យ ​Mahidol​ និយាយ​ថា ការ​កំណត់​ឲ្យ​ឃើញ​ការ​រីក​រាល​ដាល​នៃ​មេរោគ​នេះ​គឺ​ជា​គន្លឹះ​ ហើយ​ថា​តើ​ការ​ផ្ទុះ​ឡើង​នេះ​មាន​សភាព​កាច​សាហាវ​ដូច​ស្ថានភាព​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង​ដែរ​ឬ​យ៉ាង​ណា។

លោក​និយាយ​ថា៖ «ជា​មូលដ្ឋាន​ ការ​រីក​រាល​ដាល​នេះ​គឺ​ដូច​គ្នា​ បើ​យើង​គិត​ពី​ការ​វិវត្ត​របស់​វា។ មនុស្ស​ជឿ​ថា​ ការ​រីករាល​ដាល​ក្នុង​ទ្វីប​អាមេរិក​ខាង​ត្បូង​កើត​ចេញ​ពី​ការ​រីក​រាល​ដាល​នៅ​តំបន់​អាស៊ី​អាគ្នេយ៍»។

«អ្វី​ដែល​នៅ​តែ​ជា​ចម្ងល់​គឺ​ថា​ ទោះ​បី​ជា​យើង​ឃើញ​មាន​ការ​រីករាល​ដាល​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក៏​ដោយ​ មិន​មាន​អ្វី​កើត​ឡើង​ធំដុំ​ទេ​រហូត​មក​ដល់​ពេល​នេះ»។

លោក​ Prasert​ និយាយ​ថា​ អាជ្ញាធរ​ថៃ​កំពុង​ផ្តោត​ការ​យក​ចិត្តទុកដាក់​ទៅ​លើ​ការ​ឃ្លាំ​មើល​លើ​ការ​ឆ្លង​ជា​ករណី​ ដូច្នេះ​ ដោយសារ​តែ​មាន​ហានិភ័យ​កាន់​តែ​ខ្លាំង​ អ្នក​ធ្វើ​ការ​នៅ​ក្រសួង​សុខភាព​សាធារណៈ ​កំពុង​ព្យាយាម​យ៉ាង​ខ្លាំង​ក្នុងការ​កំណត់​សម្គាល់​ករណី​ជា​ច្រើន​ដើម្បី​កុំ​ឲ្យ​វា​រីក​រាល​ដាល។

ប៉ុន្តែ​អ្នក​ផ្សេង​ទៀត​ ដូចជា​លោក ​Voravit Suwanvanichkij​ នៃ​សាលា​ ​Johns Hopkins School ផ្នែក​ឱសថ​ និង​អ្នក​ផ្សេង​ទៀត​ដែល​ធ្វើ​ការ​ក្នុង​អង្គការ​សប្បុរសធម៌​សម្រាប់​ជន​ភៀស​ខ្លួន​តាម​បណ្តោយ​ព្រំ​ដែន​ថៃ​-មីយ៉ាន់ម៉ា​ មាន​ការ​ប្រុង​ប្រ​យ័ត្ន​ខ្ពស់​ជាង​នេះ។ លោក Voravit និយាយ​ថា​ ការ​ឆ្លង​មេរោគ​ហ្ស៊ីកា​នឹង​កើន​ឡើង។ «មាន​ហានិភ័យ​ពិត​ប្រាកដ​ថា​ យើង​កំពុង​បង្កើត​ឲ្យ​មាន​ជំងឺ​រាតត្បាត​ថ្មី​មួយ​នៅ​តំបន់​នេះ»។

លោក​និយាយ​ថា៖ «នេះ​ជា​ការ​ព្រួយបារម្ភ​មួយ​យ៉ាង​ធំ​ ជា​ពិសេស​ចាប់​តាំង​ពី​មាន​ការ​ភ័យ​ច្របូក​ច្របល់​ខ្លាំង​បំផុត​មួយ​ដោយ​សារ​តែ​ភាព​មិន​ប្រក្រតី​នៃ​ទារក​ គឺ​ធ្វើ​ឲ្យ​ក្មេងៗ​កើត​មក​មាន​ក្បាល​តូច​ខុស​ប្រក្រតី»។

ទីភ្នាក់​ងារ​ព័ត៌មាន​ថៃ​ក្នុង​ស្រុក​ជា​ច្រើន​បាន​រាយការណ៍​ថា​ មន្ត្រី​ជាន់​ខ្ពស់​នៅ​ផ្នែក​ប្រឆាំង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខភាព​សាធារណៈ​ បាន​និយាយ​ថា​ ហ្ស៊ីកា​មិន​ត្រូវ​បានគេ​ចាត់​ទុក​ថា​ជា​ករណី​ធ្ងន់​ធ្ងរទេ​ ដោយ​សារ​តែ​នៅ​ពេល​នេះ​វា​មិន​មាន​ការ​ផ្ទុះ​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ឡើយ។

មន្ត្រី​ជា​ច្រើន​នៅ​ក្រសួង​សុខភាព​សាធារណៈ​ថៃ​និយាយ​ថា​ ក្នុង​ស្រុក​ San Sai នៃ​ខេត្ត​ឈៀងម៉ៃ​ មាន​ស្រ្តី​ពីរ​នាក់​ ដែល​ម្នាក់​មាន​ផ្ទៃ​ពោះ​៦​ខែ ហើយ​ម្នាក់​ទៀត​៨​ខែ​ កំពុង​ត្រូវ​បាន​ត្រួត​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត​ពី​សំណាក់​បុគ្គលិក​ពេទ្យ។

លោក ​Voravit និយាយ​ថា​ ក្រុម​មន្ត្រី​ទាំង​នោះ ​និង​សាធារណជន​ទាំង​អស់​កុំ​ទាន់​អាល​សប្បាយ​ចិត្ត​។

លោក​បាន​ថ្លែង​ប្រាប់​ VOA​ ​ថា៖ «ការពិត​នោះ​គឺ​ថា​ ទាំង​នេះ​មិន​គួរ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​បន្ថយ​កម្លាំង​ការពារ​យើង​ទេ។ ពួក​គេ​មាន​សក្តានុភាព​ ហើយ​យើង​នៅ​តែ​សិក្សា​អំពី​ជំងឺ​នេះ​ ហើយ​ពេល​នេះ​មិន​មែន​ជា​ពេល​ដែល​ត្រូវ​បន្ថយ​កម្លាំង​ទេ»។

លោក​និយាយ​ថា​ ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​នៅ​ក្នុង​ទី​ក្រុង​ ជា​ពិសេស​នៅ​ខណៈ​ពេល​ដែល​សត្វ​មូស​ Aedes ដែល​ផ្ទុក​មេរោគ​នេះ​ បាន​បន្សាំ​ខ្លួន​របស់​ពួក​វា​ទៅ​នឹង​«ការ​រស់​នៅ​ជុំវិញ​មនុស្ស​និង​លំនៅ​ដ្ឋានរបស់​មនុស្ស»។

លោក​និយាយ​ថា​ ការ​ព្រួយបារម្ភ​គឺ​ថា​ «បើ​សិន​ជា​អ្នក​ស្ថិត​នៅ​ញឹក​ញាប់​ជាមួយ​មនុស្ស​ដែល​ឆ្លង​ជំងឺ​នេះ​ អ្នក​អាច​នឹងធ្វើ​ឲ្យ​មាន​ការ​រាតត្បាត​»៕

ប្រែសម្រួល​ដោយ​ នៀម ឆេង

XS
SM
MD
LG