ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន៖ លោក​ ត្រាំ គាំទ្រ​ខ្លាំង​ដល់​ការ​តវ៉ា​របស់​ពួក​សាធារណរដ្ឋ​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​លោក


លោក Adam Schiff ប្រធាន​គណៈកម្មការ​ស៊ើប​អង្កេត​របស់​សភា​ បាន​មក​ដល់​កិច្ច​ប្រជុំ​បិទ​ទ្វារ​នៅ​វិមាន​កាពីតូល ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១៥ តុលា ២០១៩។
លោក Adam Schiff ប្រធាន​គណៈកម្មការ​ស៊ើប​អង្កេត​របស់​សភា​ បាន​មក​ដល់​កិច្ច​ប្រជុំ​បិទ​ទ្វារ​នៅ​វិមាន​កាពីតូល ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១៥ តុលា ២០១៩។

សេតវិមាន​បាន​និយាយ​ថា​ លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ គាំទ្រ​ខ្លាំង​ណាស់​ដល់​ពួក​សមាជិក​សភា​អភិរក្ស​និយម​ខាង​គណបក្ស​សាធារណរដ្ឋ​២៤​នាក់​ដែល​បាន​ចូល​ទាំង​ទទឹង​ទទែង​ទៅ​អុកឡុក​ការ​ប្រជុំ​បិទ​ទ្វារ​ស្តី​ពី​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​លោក​ កាល​ពី​ដើម​សប្តាហ៍​នេះ ដោយ​បាន​ពន្យារ​ពេល​សវនការ​នេះ​ចំនួន​៥​ម៉ោង។

ពួក​សមាជិក​សភា​ទាំង​នោះ​បាន​បរិហារ​រិះ​គន់ទម្រង់ការ​បិទ​ទ្វារ​នេះ ហើយ​ទាមទារ​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​អត្ថបទ​នៃ​សវនាការ​នេះ​ពី​ពួក​មន្ត្រី​មួយ​ចំនួន​ធំ​ខាង​ការទូត​និង​ខាង​សន្តិសុខ​ជាតិ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់ថា​លោក​ ត្រាំ ដាក់​សម្ពាធ​លើ​ប្រទេស​អ៊ុយក្រែន​ឱ្យ​បើក​ការ​ស៊ើប​អង្កេត​អំពី​ទ្រឹស្តី​ខុស​មួយ។ ទ្រឹស្ដី​នោះ​គឺ​ថា ការ​លើក​ឡើង​ថា អ៊ុយ​ក្រែន​បាន​ស្វះ​ស្វែង​ធ្វើ​ឱ្យ​លោក​ ត្រាំ​ ចាញ់​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ២០១៦។

លើស​ពី​នេះ​ទៀត​ ក៏​មាន​ការលើក​ឡើង​ថា លោក​បាន​ស្នើ​ឲ្យស៊ើប​អង្កេត​អំពី​គូប្រជែង​ធំ​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២០ ​នោះ​គឺលោក​អតីត​អនុប្រធានាធិបតី​ Joe Biden ​និង​កូន​ប្រុស​លោក​ឈ្មោះ ​Hunter Biden​ ដែល​បាន​បម្រើការ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុ​នឧស្ម័ន​ធម្មជាតិ​អ៊ុយក្រែន​មួយ។

លោក​ Adam Schiff ​សមាជិក​សភា​ស.រ.អា.​ដែល​ជា​អ្នក​ប្រជាធិបតេយ្យ​នាំ​មុខគេ​ក្នុង​ការ​ស៊ើប​អង្កេត​អំពី​សកម្មភាព​របស់​លោក ​ត្រាំ​ បាន​មាន​ប្រសាសន៍​ថា​ អត្ថបទ​នៃ​សវនាការ​នេះ​នឹង​ត្រូវផ្សព្វផ្សាយ។ ពួក​មន្ត្រី​បាន​និយាយ​ថា​ សវនាការ​សាធារណៈ​អំពី​ការ​ចោទ​ប្រកាន់​លោក​ ត្រាំ​ អាច​ចាប់​ផ្តើម​ធ្វើ​នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា។

ប៉ុន្តែ​ពួក​គេ​ថា ប្រសិន​បើ​សភា​តំណាង​រាស្ត្រ​អាមេរិកាំងចោទ​ប្រកាន់​លោក ត្រាំ​ លោក​នឹង​ប្រឈម​នឹង​ការ​កាត់​ក្តី​នៅ​ក្នុង​ព្រឹទ្ធសភា​ស.រ.អា.​ដែល​មាន​សមាជិក​ភាគ​ច្រើន​ខាង​គណបក្ស​សាធារណរដ្ឋ ហើយ​លោក​មិន​ទំនង​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG