ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ការទូត​កំពូល​ស.រ.អា.​ប្រចាំ​អ៊ុយក្រែន​នឹង​ផ្ដល់​សក្ខីកម្ម​រឿង​ស៊ើប​អង្កេត​របស់​រដ្ឋសភា​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង


លោក William Taylor ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អ៊ុយក្រែន ​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ក្រុង Kyiv ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។
លោក William Taylor ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អ៊ុយក្រែន ​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ក្រុង Kyiv ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។

មន្ត្រី​ការ​ទូត​សហរដ្ឋ​អាមេរិក​ជើង​ចាស់​មួយ​រូប​គ្រោង​នឹង​បង្ហាញ​ខ្លួន​នៅ​ពី​មុខ​សមាជិក​រដ្ឋសភា​នៅ​ថ្ងៃ​អង្គារ​នេះ ទាក់ទិន​នឹង​ការ​ស៊ើប​អង្កេត​ជា​ផ្លូវការ​របស់​រដ្ឋសភា​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង។

ការ​បង្ហាញ​ខ្លួន​របស់​មន្ត្រី​ការទូត​រូប​នេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ដែល​ថា លោក Trump បាន​ព្យួរ​ជំនួយ​យោធា​សម្រាប់​ប្រទេស​អ៊ុយក្រែន រហូត​ទាល់តែ​ពេល​ដែល​អ៊ុយក្រែន​យល់ព្រម​បើក​ការ​ស៊ើប​អង្កេត​លើ​លោក Joe Biden ដែល​ជា​អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​ជា​បេក្ខជន​ប្រធានាធិបតី​មួយ​រូប​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​លើ​កូន​ប្រុស​របស់​លោក Biden គឺ​លោក Hunter។

លោក William Taylor ដែល​ជា​មន្ត្រី​កំពូល​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន នឹង​ផ្ដល់​សក្ខីកម្ម​ក្នុង​សវនាការ​បិទ​ទ្វារ​អំពី​សារ​តាម​ទូរស័ព្ទ​ជា​ច្រើន​របស់​លោក​ជាមួយ​នឹង​មន្ត្រី​ផ្សេង​ទៀត ដែល​សារ​ទាំង​នោះ​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​អំពី​វិធានការ​របស់​សេតវិមាន​នៅ​ក្នុង​ការ​ផ្អាក​ជំនួយ​សម្រាប់​អ៊ុយក្រែន​នេះ។ លោក Taylor បាន​សរសេរ​សារ​ថា វា​ជា​រឿង «ឆ្កួតៗ​នៅ​ក្នុង​ការ​ដក​ជំនួយ​យោធា ដើម្បី​ឲ្យ​មាន​ការ​ជួយ​ជ្រោមជ្រែង​នៅ​ក្នុង​យុទ្ធនាការ​នយោបាយ​មួយ»។

ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​អ្នកស្រី Laura Cooper ដែល​បាន​ធ្វើ​ការ​លើ​ផ្នែក​គោលនយោបាយ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​រុស្ស៊ី និង​ប្រទេស​អ៊ុយក្រែន​នៅ​ក្រសួង​ការពារ​ប្រទេស គ្រោង​នឹង​ផ្ដល់​សក្ខីកម្ម​នៅ​ថ្ងៃ​ពុធ​ស្អែក។

ការ​ស៊ើប​អង្កេត​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង​នេះ បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ម្នាក់​បង្ហាញ​ការ​ព្រួយ​បារម្ភ​ប្រាប់​ដល់​អគ្គអធិការកិច្ច​អំពី​ការ​សន្ទនា​តាម​ទូរស័ព្ទ​របស់​លោក Trump ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy។ នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​នោះ លោក Trump ជំរុញ​លោក Zelenskiy ឲ្យ​បើក​ការ​ស៊ើប​អង្កេត​លើ​លោក Joe Biden៕

XS
SM
MD
LG