ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​សហភាព​អឺរ៉ុប​នឹង​ផ្ដល់​សក្ខីកម្ម​រឿង​ស៊ើប​អង្កេត​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង


រូបឯកសារ៖ ប្រធានាធិបតីលោក Donald Trump ថ្លែងនៅក្នុងកិច្ចប្រជុំ Values Voter Summit នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។​
រូបឯកសារ៖ ប្រធានាធិបតីលោក Donald Trump ថ្លែងនៅក្នុងកិច្ចប្រជុំ Values Voter Summit នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។​

គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់ គណៈកម្មាធិការ​កិច្ចការ​បរទេស និង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​កិច្ចការ​រដ្ឋាភិបាល​នៃ​រដ្ឋ​សភា នឹង​បើក​សវនាការ​បិទ​ទ្វារ​ជាមួយ​នឹង​លោក Sondland នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ 

បន្ទាប់ពី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​រារាំង​មិន​ឲ្យ​បង្ហាញ​ខ្លួន​កាល​ពី​សប្ដាហ៍​មុន​មក នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​សហភាព​អឺរ៉ុប​លោក Gordon Sondland គ្រោង​នឹង​បង្ហាញ​ខ្លួន​នៅ​ពី​មុខ​ក្រុម​សមាជិក​រដ្ឋសភា​ដែល​ធ្វើ​ការ​ស៊ើប​អង្កេត​អំពី​ទំនាក់ទំនង​រវាង​លោក​ប្រធានាធិបតី Donald Trump និង​ប្រទេស​អ៊ុយក្រែន ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង។

គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់ គណៈកម្មាធិការ​កិច្ចការ​បរទេស និង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​កិច្ចការ​រដ្ឋាភិបាល​នៃ​រដ្ឋ​សភា នឹង​បើក​សវនាការ​បិទ​ទ្វារ​ជាមួយ​នឹង​លោក Sondland នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក Sondland ត្រូវ​គេ​រំពឹង​ថា​ នឹង​និយាយ​ថា លោក Trump នឹង​អញ្ជើញ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy មក​ធ្វើ​ទស្សនកិច្ច​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ប្រសិនបើ​លោក Zelenskiy យល់ព្រម​ស៊ើប​អង្កេត​លើ​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

លោក Sondland ដែល​ជា​អ្នក​ជួយ​ជ្រោមជ្រែង​លោក Trump គឺ​ជា​មន្ត្រី​ការទូត​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​ការទូត​មួយ​ចំនួន​ដែល​ផ្ដល់​ប្រឹក្សា​ដល់​ថ្នាក់​ដឹកនាំ​ប្រទេស​អ៊ុយក្រែន​អំពី​វិធី​អនុវត្ត​តាម​ការ​ទាមទារ​របស់​លោក Trump ក្រោយ​ពី​លោក Trump បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​នឹង​លោក Zelenskiy កាល​ពី​ខែ​កក្កដា​មក។

នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​នោះ លោក Trump ស្នើ​ឲ្យ​លោក Zelenskiy ជួយ​ស៊ើប​អង្កេត​លើ​អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដែល​ជា​គូ​ប្រជែង​បេក្ខភាព​ប្រធានាធិបតី​ដ៏​ចម្បង​ម្នាក់​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​ស៊ើប​អង្កេត​លើ​ការ​ធ្វើ​អាជីវកម្ម​របស់​លោក Hunter Biden ដែល​ជា​កូន​ប្រុស​របស់​លោក Joe Biden។

បើ​យោង​តាម​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់ លោក Sondland និង​មន្ត្រី​ការទូត​ផ្សេង​ទៀត​បាន​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ទៅ​វិញ​ទៅ​មក​ជា​ច្រើន ដែល​នៅ​ក្នុង​សារ​ទាំង​នោះ មន្ត្រី​ការ​ទូត​ទាំង​នោះ​មាន​ចម្ងល់​អំពី​មូលហេតុ​ដែល​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ប្រហែល ៤ រយ​លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ុយក្រែន​ត្រូវ​បាន​ផ្អាក៕

XS
SM
MD
LG