ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារបានប្រៀបធៀបការស៊ើបអង្កេតការប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែងរបស់សភា ដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យប្រឆាំងនឹងលោកថាជា ការព្យួរកសម្លាប់ដោយគ្មានការវិនិច្ឆ័យទោស និងជាឧបករណ៍ដ៏ប្រល័យមួយតាមប្រវត្តិសាស្រ្តដែលត្រូវបានប្រើដោយពួកជនស្បែកសដែលចាត់ទុកខ្លួនថា មានឧត្តមភាពដើម្បីបន្តគាបសង្កត់ជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិក។
លោកប្រធានាធិបតីត្រាំបានសរសេរកាលពីព្រឹកថ្ងៃអង្គារនៅក្នុង Twitter របស់លោកថា «ពួកគណបក្សសាធារណរដ្ឋទាំងអស់ត្រូវតែចងចាំអ្វីដែលពួកគេកំពុងឃើញហេតុការណ៍ផ្ទាល់នឹងភ្នែកនៅទីនេះគឺ ការព្យួករសម្លាប់ដោយគ្មានការវិនិច្ឆ័យទោស។ក៏ប៉ុន្តែយើងនឹងឈ្នះ»។
កំណត់សម្គាល់ប្រកបដោយភាពចម្រូងចម្រាសរបស់ប្រធានាធិបតីត្រាំបានធ្វើឲ្យមានការរិះគន់ជាបន្ទាន់យ៉ាងខ្លាំងពីសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យហើយនឹងយ៉ាងហោចណាស់ក៏ពីគណបក្សសាធារណរដ្ឋម្នាក់ដែរ។
លោកស្រី Karen Bass ប្រធាន Black Caucus របស់សភាបានឆ្លើយតបតាម Twitter វិញថា «តើលោកប្រធានាធិបតីកំពុងប្រៀបធៀបដំណើរការតាមបែបរដ្ឋធម្មនុញ្ញទៅ នឹងប្រព័ន្ធធ្វើទារុណដ៏ព្រៃផ្សៃនៅក្នុងប្រទេសនេះដែលដូចជារូបខ្ញុំឬ?»។
លោក Linsay Graham សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋមកពីរដ្ឋ South Carolina ដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីត្រាំ បានហៅការប្រើពាក្យរបស់ប្រធានាធិបតីត្រាំ ថាជាការត្រឹមត្រូវបំផុត។
លោកនិយាយថា «ការប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែងនេះជាការលេងសើច។នេះជាការគួរឲ្យខ្មាសអៀន។ ហើយនេះជាការព្យួករសម្លាប់ដោយគ្មានការវិនិច្ឆ័យទោសខាងនយោបាយ»៕