ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងមេដឹកនាំចិន Xi Jinping ត្រូវបានគេរំពឹងថា នឹងថ្លែងទៅកាន់មេដឹកនាំនៃតំបន់ឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក នៅថ្ងៃសុក្រ ចំពេលភាពតានតឹងផ្នែកពាណិជ្ជកម្មក្នុងតំបន់ និងភូមិសាស្ត្រនយោបាយកើនឡើង។ នេះ បើតាមទីភ្នាក់ងារព័ត៌មាន Reuters។
ប្រទេសចិន បានថ្លែងការប្តេជ្ញាប្រាប់កិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលមានសមាជិក ២១ ប្រទេស នៅសប្តាហ៍នេះ ដោយលោក Xi Jinping បានព្រមាននៅក្នុងវីដេអូថតកាលពីថ្ងៃព្រហស្បតិ៍ថា តំបន់នេះ មិនត្រូវត្រឡប់ទៅរកភាពតានតឹងដូចសម័យសង្រ្គាមត្រជាក់ទេ។
ការអត្ថាធិប្បាយនេះត្រូវគេមើលឃើញថា និយាយសំដៅដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ដើម្បីទប់ស្កាត់អ្វីដែលពួកគេមើលឃើញថា ជាកំណើនឥទ្ធិពលសេដ្ឋកិច្ច និងយោធារបស់ចិន។
សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Biden នឹងថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំនេះ ដោយបន្ថែមថា លោកនឹងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តដើម្បីដោះស្រាយជំងឺរាតត្បាតកូវីដ១៩ និងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។
សេចក្តីថ្លែងការណ៍បាននិយាយថា៖ «ការចូលរួមរបស់ប្រធានាធិបតីបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងកិច្ចសហប្រតិបត្តិការពហុភាគី»។
ក្រសួងការបរទេសចិន ក៏បានបញ្ជាក់ដែរថា លោក Xi Jinping នឹងនិយាយនៅក្នុងកិច្ចប្រជុំតាមរយៈការភ្ជាប់វីដេអូ។
កិច្ចប្រជុំរបស់ APEC ធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលតាមអនឡាញដែលគេទន្ទឹងខ្លាំងរវាងលោក Biden និង Xi Jinping នៅថ្ងៃចន្ទ ខណៈប្រទេសមហាអំណាចទាំងពីរ រកវីធីទប់ស្កាត់មិនឱ្យភាពតានតឹងដែលកំពុងកើនឡើងរវាងប្រទេសទាំងពីរដែលមានសេដ្ឋកិច្ចធំជាងគេបំផុតក្នុងពិភពលោករីករាលដាលឆ្ពោះទៅរកជម្លោះ។
ជំនួបរបស់ APEC គឺជាកិច្ចប្រជុំពហុភាគីចុងក្រោយនៅឆ្នាំនេះ ហើយកើតឡើងបន្ទាប់ពីជំនួបចម្រូងចម្រាសរួមមានកិច្ចប្រជុំកំពូល G-20 នៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី និងកិច្ចប្រជុំអំពីអាកាសធាតុ (COP26) នៅទីក្រុង Glasgow ប្រទេសស្កុតលែន។
កិច្ចប្រជុំ APEC2021 ត្រូវបានរៀបចំឡើងតាមអ៊ីនធឺណិតទាំងស្រុង ដោយសារតែវិធានការទប់ស្កាត់ជំងឺរាតត្បាតដ៏តឹងរ៉ឹងរបស់ប្រទេសម្ចាស់ផ្ទះ គឺនូវែលសេឡង់ ដែលបានបិទព្រំដែនសម្រាប់អ្នកដំណើរស្ទើរតែទាំងអស់អស់រយៈពេល១៨ខែ។
ប្រទេសនូវែលសេឡង់ បានសង្កត់ធ្ងន់លើការគាំទ្ររបស់ APEC សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពង្រីកសេដ្ឋកិច្ចមិនប្រើធាតុកាបោន និងការរីកលូតលាស់ប្រកបដោយចីរភាព។ នៅក្នុងកិច្ចប្រជុំពិសេសរៀបចំដោយនាយករដ្ឋមន្ត្រីនូវែលសេឡង់អ្នកស្រី Jacinda Ardern ក្នុងខែមិថុនា សមាជិក APEC បានសន្យាពង្រីកការចែករំលែក និងការផលិតវ៉ាក់សាំងកូវីដ១៩ និងលុបបំបាត់រនាំងពាណិជ្ជកម្មសម្រាប់ឱសថ។
APEC នឹងប្រជុំនៅប្រទេសថៃនៅឆ្នាំក្រោយ។
មន្ត្រីនានាបាននិយាយថា សហរដ្ឋអាមេរិកបានស្នើរៀបចំកិច្ចប្រជុំ APEC ឆ្នាំ២០២៣ ជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍ ទោះជាមិនទាន់មានការមូលមតិគ្នាទេនៅឡើយក៏ដោយ។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីកាណាដា លោក Justin Trudeau ក៏ត្រូវគេរំពឹងថា នឹងនិយាយនៅក្នុងកិច្ចប្រជុំនេះដែរ៕