ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​​ថា​អាមេរិក​ស្វែង​រក «វិធីសាស្ត្រ​ថ្មី»​​​ ក្នុង​ទំនាក់ទំនង​ជាមួយ​​ចិន


ទង់ជាតិសហរដ្ឋអាមេរិកនិងចិន ដោតនៅខាងក្រៅអគារក្រុមហ៊ុនអាមេរិកាំងមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។
ទង់ជាតិសហរដ្ឋអាមេរិកនិងចិន ដោតនៅខាងក្រៅអគារក្រុមហ៊ុនអាមេរិកាំងមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

សេតវិមាន​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុងអត់ធ្មត់​ ស្រប​ពេល​ដែល​ខ្លួន​កំពុង​ស្វែង​រក «វិធី​សាស្ត្រ​ថ្មី»​ ចំពោះ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន នៅ​ពេល​ដែល​ប្រទេស​ទំាង​ពីរ​បន្តស្ថិត​នៅក្នុង «ការ​ប្រកួត​ប្រជែង​ផ្នែក​យុទ្ធសាស្ត្រ» យ៉ាង​ស្វិត​ស្វាញ។​

អ្នក​នំា​ពាក្យ​ប្រចាំ​សេតវិមាន​អ្នកស្រី Jen Psaki បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ កាល​ពី​ថ្ងៃច័ន្ទ​ថា៖ «អ្វី​ដែល​យើងបាន​មើលឃើញ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​គឺ​ថា ប្រទេស​ចិន​កំពុង​បង្កើន​អំណាច​ផ្ដាច់ការ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន និង​ភាព​គឃ្លើននៅ​បរទេស ហើយ​រដ្ឋាភិបាល​ក្រុង​ប៉េកំាង​កំពុង​តែ​បង្ក​ជា​បញ្ហា​លើសន្តិសុខ វិបុលភាព និង​គុណតម្លៃ​របស់​សហរដ្ឋ​អាមេរិក​យ៉ាង​ខ្លាំង ដែល​តម្រូវ​ឲ្យ​យើង​ត្រៀម​យុទ្ធសាស្ត្រ​ថ្មី​មួយ»។

ប៉ុន្មាន​ម៉ោង​មុន​នោះ ប្រធានាធិបតី​ចិន លោក Xi Jinging បាន​ថ្លែង​តាម​វីដេអូ​ទៅ​កាន់​ការ​ប្រជុំវេទិកា​សេដ្ឋកិច្ច​ពិភព​លោក (World Economic Forum) កន្លែង​ដែល​លោក​ជំុរុញ​ឲ្យ​ប្រទេស​នានា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ប្រែប្រួល​អាកាសធាតុ និង​សុខភាព​សាធារណ: ក៏​ដូច​ជា​ព្រមាន​អំពី​ជម្លោះ​រវាង​ប្រទេស​ចិន និង​អាមេរិក ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​សហរដ្ឋ​អាមេរិក។

លោក​ Xi បាន​និយាយ​ថា ​ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីត១៩ គឺ​ជា​រឿង​ចំាបាច់​បំផុត​របស់​សហគមន៍​អន្តរជាតិ។

រដ្ឋាភិបាល​ក្រុង​បេកាំង​បាន​ថ្លែង​សារ​ដូច្នេះ ខណ:​ពេល​ដែល​ក្រុម​ការងារផ្នែក​គោលនយោបាយ​ការបរទេស​របស់​លោក​ប្រធានាធិបតី Joe Biden បាន​ត្រៀម​ប្រមូល​ផ្ដុំ​ក្រុមប្រទេស​សម្ព័ន្ធមិត្ត ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​ ដែល​រួម​មានការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ​និងការ​កើន​ឡើង​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​ប្រទេស​ចិន និង​ប្រទេស​ប្រកាន់​របប​ផ្ដាច់ការដទៃ​ទៀត។

លោក​ Xi បាន​ថ្លែង​បន្តនៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នោះថា៖ «ពិភពលោក​ដែល​បែកបាក់​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ប្រឈម​រួម ដែល​មនុស្ស​ជាតិ​កំពុង​ជួប​ប្រទះទេ ហើយ​ការ​ប្រឈម​មុខ​ដាក់​គ្នានឹង​បង្ក​ឲ្យ​មនុស្ស​ជាតិរក​ផ្លូវ​ចេញ​មិន​ឃើញ​នោះ ទេ»។

ទំនាក់ទំនង​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទំាង​ពីរ​កំពុង​ស្ថិត​ក្នុង​បរិយាកាស​អាក្រក់​បំផុត​ក្នុង​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ ដោយ​សារតែ​ប្រទេស​ទំាង​ពីរ​ប្រឈមមុខ​ដាក់​គ្នា​លើ​រឿង​ជា​ច្រើន​ដូច​ជាពាណិជ្ជកម្ម​ បច្ចេកវិទ្យា 5G សិទ្ធិមនុស្ស និង​សន្តិសុខ​តំបន់៕

XS
SM
MD
LG