ប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃច័ន្ទ បានអំពាវនាវឲ្យពិភពលោកពង្រឹងការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងលើកកម្ពស់តួនាទីរបស់កិច្ចប្រជុំ G20 នៅក្នុងអភិបាលកិច្ចសេដ្ឋកិច្ចសាកលលោក ខណៈដែលលោកបានលើកឡើងអំពីការងើបឡើងវិញ «ដ៏ត្រដាបត្រដួស» ពីវិបត្តិជំងឺកូវីដ១៩។
ថ្លែងនៅក្នុងកិច្ចប្រជុំតាមអនឡាញមួយរបស់វេទិកាសេដ្ឋកិច្ចពិភពលោក លោក Xi Jinping បានថ្លែងថា ទិដ្ឋភាពសេដ្ឋកិច្ចសាកលលោកនៅតែមានភាពមិនប្រាកដប្រជា ហើយភាពអាសន្នផ្នែកសុខភាពសាធារណៈ «ប្រហែលជានឹងអាចកើតឡើងម្ដងទៀត» នៅពេលខាងមុខ។
លោក Xi Jinping ដែលបានបង្ហាញវត្តមានជាលើកដំបូងនៅវេទិកាសេដ្ឋកិច្ចពិភពលោកនេះ ចាប់តាំងពីលោកថ្លែងសុន្ទរកថាការពារយ៉ាងខ្លាំងក្លាលើពាណិជ្ជកម្មសេរី និងសាកលភាវូបនីយកម្មនៅក្នុងទីក្រុង Davos ប្រទេសស្វីស កាលពីឆ្នាំ ២០១៧ មក បានលើកឡើងស្រដៀងគ្នានេះ នៅក្នុងកិច្ចពិភាក្សាលើកនេះ ដោយបានជំរុញគាំទ្រថា ពហុភាគីនិយមគឺជាវិធីដោះស្រាយឧបសគ្គនាពេលបច្ចុប្បន្ននេះ។
លោក Xi Jinping បានថ្លែងដូច្នេះថា៖ «យើងគួរតែកសាងសេដ្ឋកិច្ចពិភពលោកបើកទូលាយមួយ …លះបង់ចោលបទដ្ឋានរើសអើង និងបទដ្ឋានមិនដាក់បញ្ចូលប្រទេសទាំងអស់ ក្បួនច្បាប់និងប្រព័ន្ធនានា និងដកចេញនូវឧបសគ្គដែលរារាំងការធ្វើពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្ដូរបច្ចេកវិទ្យា»។
G20 គឺជាវេទិកាអន្តរជាតិមួយ ដែលមានការចូលរួមពីប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនបំផុត និងប្រទេសដែលមានសេដ្ឋកិច្ចកំពុងលេចធ្លោចំនួន ១៩ បូករួមនឹងសហភាពអឺរ៉ុប។
លោក Xi Jinping បានបន្ថែមថា សហគមន៍អន្តរជាតិគួរតែត្រូវបានគ្រប់គ្រងផ្អែកតាមក្បួនច្បាប់ និងការព្រមព្រៀងគ្នារបស់ប្រទេសទាំងអស់ ជាជាងតាមរយៈការគ្រប់គ្រងដោយប្រទេសណាមួយ ឬដោយប្រទេសមួយចំនួនដែលចេញបទបញ្ជានោះ។ លោកបានថ្លែងដូច្នេះ ដោយមិនបានបញ្ជាក់ឈ្មោះប្រទេសណាមួយនោះទេ៕