លោក Antony Blinken ដែលប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិកលោក Joe Biden បានតែងតាំងឲ្យធ្វើជារដ្ឋមន្ត្រីការបរទេសសម្រាប់រដ្ឋបាលរបស់លោក បានសន្យាថា នឹងធ្វើការដើម្បីស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យដែលខ្ទេចខ្ទាំរបស់សហរដ្ឋអាមេរិក និងធ្វើការជាមួយដៃគូនានារបស់សហរដ្ឋអាមេរិកនៅជុំវិញពិភពលោក ដើម្បីដោះស្រាយបញ្ហាប្រឈមចម្បងៗនានា ដែលបង្កឡើងដោយប្រទេសចិន រុស្ស៊ី អ៊ីរ៉ង់ និងប្រទេសផ្ដាច់ការមួយចំនួនទៀត។
កាលពីថ្ងៃអង្គារមិ្សលមិញ លោក Blinken បានផ្តល់សក្ខីកម្មនៅពីមុខគណៈកម្មាធិការកិច្ចការបរទេសរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅក្នុងសវនាការតែងតាំងរូបលោក។
នៅក្នុងសុន្ទរកថាត្រៀមទុករបស់លោក លោក Blinken បានបញ្ជាក់ថា សហរដ្ឋអាមេរិក «អាចយកឈ្នះលើប្រទេសចិនបាន»។
នៅក្នុងសវនាការរបស់ព្រឹទ្ធសភានោះ លោក Blinken បានយល់ស្របជាមួយនឹងការប្រឆាំងរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ជាមួយនឹងប្រទេសចិន ប៉ុន្តែលោកបានបញ្ជាក់ថា៖ «ខ្ញុំមិនឯកភាពជាច្រើនជាមួយនឹងវិធីដែលលោក [ប្រធានាធិបតី Trump] ប្រើក្នុងផ្នែកមួយចំនួន»។
លោក Blinken បានលើកឡើងនៅក្នុងសុន្ទរកថាត្រៀមទុកថា៖ «សហរដ្ឋអាមេរិកអាចប្រមូលផ្តុំឡើងវិញនូវសម្ព័ន្ធមិត្តសំខាន់ៗរបស់ខ្លួន ដោយជំរុញនូវឥទ្ធិពលរបស់ខ្លួនឲ្យបានខ្លាំងនៅជុំវិញពិភពលោក។ ដោយធ្វើការរួមគ្នា យើងនឹងស្ថិតលើគោលជំហរដ៏ប្រសើរមួយដើម្បីទប់ទល់នឹងការគំរាមកំហែងពីប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង និងក្រោកឈរដើម្បីការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»៕