សេតវិមានបាននិយាយថាទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានពិភាក្សាពីកិច្ចខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសយេម៉ែននៅពេលដែលលោកបានជួបជាមួយព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman នៃប្រទេសអារ៉ាប៊ី សាអូឌីតកាលពីថ្ងៃអាទិត្យម្សិលមិញ។
សេចក្តីថ្លែងការណ៍របស់សេតវិមានបានបញ្ជាក់ថាភាគីទាំង២ក៏បានពិភាក្សាពីការគាំទ្ររបស់អារ៉ាប៊ី សាអូឌីតដល់ពលរដ្ឋសហរដ្ឋអាមេរិកដែលបានជម្លៀសចេញពីប្រទេសស៊ូដង់បន្ទាប់ពីការផ្ទុះឡើងនូវការប្រយុទ្ធនៅទីនោះកាលពីខែមុន។
បណ្តាញសារព័ត៌មានអារ៉ាប៊ី សាអូឌីតបានរាយការណ៍ថាការចរចាបានធ្វើឡើងនៅក្នុងទីក្រុងកំពង់ផែ Jeddah ហើយការចរចាបានទាក់ទិននឹង«ទំនាក់ទំនងយុទ្ធសាស្ត្រ»។
សេតវិមានបានបញ្ជាក់ថាភាគីទាំង២បានចូលរួមពិភាក្សាកាន់តែធំទូលាយជាមួយទីប្រឹក្សាសន្តិសុខមកពីប្រទេសឥណ្ឌានិងប្រទេសអេមីរ៉ាត់អារ៉ាប់រួមដើម្បី«ធ្វើឱ្យជឿនលឿនដល់ទស្សនៈរួមរបស់ពួកគេក្នុងការមានសន្តិសុខនិងវិបុលភាពកាន់តែខ្លាំងឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ាដែលភ្ជាប់គ្នាទៅវិញទៅមកជាមួយប្រទេសឥណ្ឌានិងពិភពលោក»។
ការពិភាក្សាកើតមានឡើងនៅពេលដែលមានទំនាក់ទំនងតានតឹងរវាងសហរដ្ឋអាមេរិកនិងប្រទេស អារ៉ាប៊ី សាអូឌីត។ ប្រភពនៃការតានតឹងទាំងនោះរួមមានការសម្លាប់លោកJamal Khashoggi អ្នកសរសេរខ្ទង់កាសែត Washington Post កាលពីឆ្នាំ២០១៨នៅឯស្ថានកុងស៊ុលអារ៉ាប៊ី សាអូ ឌីតក្នុងទីក្រុងអ៊ីស្តង់ប៊ុលហើយនឹងការកាត់បន្ថយផលិតផលប្រេងដោយអង្គការ OPEC+ ដែលដឹក នាំដោយអារ៉ាប៊ី សាអូឌីត។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកបានវាយតម្លៃថាព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ី សាអូឌីតបានយល់ព្រមដល់ប្រតិបត្តិការដើម្បីចាប់ឬសម្លាប់លោក Khashoggi ប៉ុន្តែប្រទេសអារ៉ាប៊ី សាអូឌីតបានបដិសេធ។
សង្គ្រាមក្នុងប្រទេសយេម៉ែនបានចាប់ផ្តើមក្នុងឆ្នាំ២០១៤នៅពេលដែលពួកឧទ្ទាម Houthiបានរឹប អូសយករដ្ឋធានីរបស់យេម៉ែន។ ប្រទេសអារ៉ាប៊ី សាអូឌីតបានចាប់ផ្តើមបង្កើតក្រុមយោធាចម្រុះនៅដើមឆ្នាំ២០១៥ដើម្បីគាំទ្ររដ្ឋាភិបាលយេម៉ែន៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន APនិង Reuters