ក្រុមសកម្មជន មន្ត្រី និងអ្នកជំនាញរាប់រយនាក់ បានមកជួបជុំគ្នានៅខែធ្នូនេះ ក្នុងរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ដើម្បីស្វះស្វែងរករបៀបបញ្ចប់អំពើពុករលួយដ៏រ៉ាំរ៉ៃក្នុងក្រសួង ស្ថាប័ននិងប្រព័ន្ធរដ្ឋាភិបាលនៅជុំវិញពិភពលោក។
សន្និសីទរយៈពេល៥ថ្ងៃនេះ ដែលត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្ដងដោយអង្គការឃ្លាំមើលអំពើពុករលួយអន្តរជាតិ Transparency International និងប្រទេសម្ចាស់ផ្ទះ ត្រូវបានចាត់ទុកថាជាវេទិកាប្រឆាំងអំពើពុករលួយអន្តរជាតិធំជាងគេលើពិភពលោក។
សន្និសីទប្រឆាំងអំពើពុករលួយអន្តរជាតិ ហៅកាត់ថា IACCនេះ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី៦ដល់១០ខែធ្នូ ដោយផ្ដោតលើប្រធានបទចំនួន៧រួមមាន សន្តិសុខសកល ពូជសាសន៍និងការប្រែប្រួលអាកាសធាតុ ទីផ្សារងងឹតនិងបណ្ដាញឧក្រិដ្ឋ អំពើលួចជាតិ និងការលាងលុយកខ្វក់ ហើយនិងសន្តិសុខរបស់សកម្មជនប្រឆាំងអំពើពុករលួយ។
ក្រុមអ្នករៀបចំនិយាយថាសន្និសីទនេះ ធ្វើឡើងនៅចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងអំពីបរាជ័យរបស់រដ្ឋាភិបាលជាច្រើនក្នុងការអនុវត្តការប្តេជ្ញាចិត្តប្រឆាំងអំពើពុករលួយរបស់ពួកគេ។
អ្នកស្រី Huguette Labelle ប្រធានក្រុមប្រឹក្សា IACC បានថ្លែងបើកសន្និសីទនេះថា«អំពើពុករលួយបន្តបង្កការគំរាមកំហែងជាសកលនិងរារាំងជោគជ័យនៃដំណោះស្រាយនាពេលបច្ចុប្បន្ននិងអនាគតដែលយើងតាមរក។ គេប៉ាន់ប្រមាណថាអំពើពុករលួយធ្វើឲ្យខាតបង់លុយរាប់លានលានដុល្លារជារៀងរាល់ឆ្នាំ»។
ក្រុមអ្នកជំនាញនិយាយថាអំពើពុករលួយជំរុញឲ្យមានវិសមភាពនិងការរំលោភសិទ្ធិមនុស្សនិងឧក្រិដ្ឋកម្មជុំវិញពិភពលោក។
អ្នករៀបចំសន្និសីទ IACC ពន្យល់ក្នុងសេចក្ដីថ្លែងការណ៍មួយថា៖«អភិបាលកិច្ចអន់បណ្ដោយឲ្យមេដឹកនាំផ្ដាច់ការ របបលួចជាតិ និងបណ្ដាញឧក្រិដ្ឋកម្មជាប្រព័ន្ធ ពង្រឹងការក្ដោបក្ដាប់អំណាចនិងសេដ្ឋកិច្ចសកលលោក ដោយធ្វើឲ្យខាតបង់ដល់ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសន្តិសុខសកល»។
រុស្ស៊ី ចិន អ៊ីរ៉ង់ និងអាហ្វហ្គានីស្ថាន ស្ថិតក្នុងចំណោមប្រទេសមួយចំនួនដែលមិនបានបញ្ជូនតំណាងចូលរួមក្នុងសន្និសីទនេះទេ។
អ្នកនាំពាក្យអង្គការ Transparency International លោក Alejandro Salas និយាយថា សន្និសីទនេះ បើកចំហដល់គ្រប់ប្រទេសទាំងអស់ តែប្រទេសខ្លះ មិនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមទេ។
លោក Salas ប្រាប់ VOAថា៖ «ជាអកុសល ប្រទេសខ្លះ ត្រូវបានគ្រប់គ្រងដោយរបបផ្ដាច់ការ ឬរបបលួចជាតិដែលមានផលប្រយោជន៍យ៉ាងជាក់លាក់ក្នុងការរក្សាការត្រួតត្រាយ៉ាងតឹងរ៉ឹងលើប្រជាជននៃប្រទេសទាំងនោះ ដោយបំបិទសំឡេងអ្វីៗគ្រប់យ៉ាងដែលមើលទៅទំនងដូចជាសំឡេងប្រឆាំង ឬក៏សង្គមស៊ីវិលសេរី និងសេរីភាពនៃការបញ្ចេញមតិ»។
ទីប្រឹក្សាសន្តិសុខជាតិនៅសេតវិមាន លោក Jake Sullivan បានថ្លែងទៅកាន់អ្នកចូលរួមសន្និសីទថាសហរដ្ឋអាមេរិក កំពុងប្រយុទ្ធប្រឆាំងអំពើពុករលួយទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស។
លោក Sullivan និយាយថា៖ «យើងត្រូវធានាថាប្រព័ន្ធរបស់យើង ដើរតួនាទីជាអ្នកត្រួតពិនិត្យ មិនមែនជាអ្នកសមគំនិតប្រព្រឹត្តអំពើពុករលួយទេ»។ លោកបន្ថែមថាគោលនយោបាយអាមេរិក ផ្ដោតសំខាន់ទៅលើការគាំទ្រសកម្មជនប្រឆាំងអំពើពុករលួយ រួមទាំងអ្នកសារព័ត៌មានដែលលាតត្រដាងអំពើពុករលួយ និងតាមរកជនពុករលួយជាដើម។
លោក Sullivan និយាយថាសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានរឹបអូសទ្រព្យសម្បត្តិប្រមាណ៣០ពាន់លានដុល្លារដែលជាកម្មសិទ្ធិរបស់ក្រុមអភិជនរុស្ស៊ី។
ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ អ្នកស្រី Samantha Power បាននិយាយថា៖
«អំពើពុករលួយលែងគ្រាន់តែជារឿងរបស់ជនផ្ដាច់ការម្នាក់ៗដែលលួចទ្រព្យសម្បត្តិជាតិដើម្បីរស់នៅហ៊ឺហាហើយ។ វាក៏ទាក់ទងនឹងការកសាងបណ្ដាញអភិបាលកិច្ចទាំងមូលដែលមានអ្នកជួយរត់ការឆ្លងដែនផងដែរ»។
អង្គការ Transparency International បានឲ្យដឹងក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថាយោងតាមសន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយសកលថ្មីចុងក្រោយបង្អស់ កិច្ចប្រឹងប្រែងប្រឆាំងអំពើពុករលួយ គ្មានការរីកចម្រើនជាដុំកំភួនទេក្នុងពេលជាច្រើនឆ្នាំមកនេះ។
សន្ទស្សន៍នេះដាក់ចំណាត់ថ្នាក់ប្រទេសនានាផ្អែកតាមការយល់ឃើញរបស់សាធារណជនអំពីអំពើពុករលួយក្នុងជួររដ្ឋាភិបាលនិងវិស័យឯកជន។ នៅឆ្នាំ២០២១ សន្ទស្សន៍នេះដាក់ចំណាត់ថ្នាក់ប្រទេសដាណឺម៉ាក ហ្វាំងឡង់ និងនូវែលសេឡង់ ជាប្រទេសពុករលួយតិចជាងគេហើយប្រទេសស៊ូដង់ខាងត្បូង ស៊ីរី និងសូម៉ាលី ជាប្រទេសពុករលួយខ្លាំងជាងគេក្នុងចំណោមប្រទេស១៨០។
ក្នុងពេលពីរបីឆ្នាំចុងក្រោយនេះ សន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយក្នុងសហរដ្ឋអាមេរិក បានរីកធំឡើង ដោយទម្លាក់ចំណាត់ថ្នាក់ប្រទេសនេះពីលេខរៀងទី១៦ក្នុងឆ្នាំ២០១៧ដល់លេខរៀងទី២៧នៅឆ្នាំ២០២១។
ឆ្នាំមុន រដ្ឋាភិបាលអាមេរិក បានប្រកាសយុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយថ្មីមួយដែលចាត់ទុកការប្រយុទ្ធប្រឆាំងអំពើពុករលួយជា«ផលប្រយោជន៍ស្នូលខាងសន្តិសុខជាតិអាមេរិក»។
អំពើពុករលួយត្រូវបានចាត់ទុកជាបញ្ហាក្នុងស្រុកយូរមកហើយដែលទាមទារការដោះស្រាយថ្នាក់ជាតិ។
ក្រុមអ្នកជំនាញនិយាយថា ការរឹបអូសទ្រព្យសម្បត្តិនិងបណ្ដាញឥទ្ធិពលរបស់មន្ត្រីពុករលួយនិងបុគ្គលមានអំណាចហួសទីព្រំដែនជាតិរបស់ពួកគេ បានជំរុញសុទិដ្ឋិនិយមខ្លះឡើងវិញថាអំពើពុករលួយអាចត្រូវបានចាត់ទុកជារបៀបវារៈអន្តរជាតិកំពូល។
អ្នកនាំពាក្យអង្គការ Transparency International លោក Salas និយាយថា«ខ្ញុំយល់ថាមានកម្លាំងនៅក្រោយការប្រយុទ្ធប្រឆាំងអំពើពុករលួយដែលទាក់ទងនឹងភូមិសាស្ត្រនយោបាយនិងកិច្ចការដទៃទៀត តែតាមការដោះស្រាយបញ្ហាគន្លឹះខ្លះៗដូចជាការលាក់លុយ និងរបៀបដែលលុយកង្វក់ចរាចរ និងក្រុមអ្នករត់ការដែលអនុញ្ញាតឲ្យជនលួចលុយទាំងនោះលាក់លុយរបស់ពួកគេ។ល។ កត្តាទាំងនេះនឹងជះឥទ្ធិពលដល់ប្រទេសនានា»៕
ប្រែសម្រួលដោយលោកសាយ មុន្នី