ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន៖ ប្រាក់​ជំនួយ​ ១.៤០០ដុល្លារ​ អាចនឹង​ផ្តល់​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ភាគ​ច្រើន​នៅ​ចុង​សប្តាហ៍​នេះ


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ American Rescue Plan ដែលជាកញ្ចប់ជំនួយសម្រាប់វិបត្តិជំងឺកូវីដ១៩ ឲ្យក្លាយទៅជាច្បាប់ នៅការិយាល័យរបស់លោកក្នុងសេតវិមាន នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ American Rescue Plan ដែលជាកញ្ចប់ជំនួយសម្រាប់វិបត្តិជំងឺកូវីដ១៩ ឲ្យក្លាយទៅជាច្បាប់ នៅការិយាល័យរបស់លោកក្នុងសេតវិមាន នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

សេតវិមាន​បាន​ឲ្យ​ដឹង​ថា ប្រាក់​ជំនួយ ១.៤០០ ​ដុល្លារ​សហរដ្ឋ​អាមេរិក​ តាម​រយៈ​ «គម្រោង​សង្គ្រោះ​សហរដ្ឋ​អាមេរិក» ឬ American Rescue Plan នឹង​ចូល​ក្នុង​គណនេយ្យ​ធនាគារ​របស់​ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន​ នៅ​ចុង​សប្តាហ៍​នេះ។ ​នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Jen Psaki បាន​និយាយ​ថា រដ្ឋាភិបាល​នឹង​ចាប់ផ្តើម​ផ្តល់​ប្រាក់​ជំនួយ​នេះនៅ​ចុង​សប្តាហ៍​ ហើយ​ដំណើរការ​នេះ នឹង​បន្ត​ក្នុង​រយៈពេល​ជា​ច្រើន​សប្តាហ៍​ទៅ​មុខ​ទៀត។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ការិយាល័យ​របស់​លោក​ក្នុង​សេតវិមាន លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Joe Biden បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​ American Rescue Plan ដែលមាន​ទឹកប្រាក់ ១,៩​លានលាន​ដុល្លារ​សហរដ្ឋ​អាមេរិក ឲ្យ​ក្លាយ​ទៅ​ជា​ច្បាប់។

ក្រៅ​ពី​ប្រាក់​ជំនួយ ១.៤០០ ​ដុល្លារ​នេះ គម្រោង​សង្គ្រោះ​សហរដ្ឋ​អាមេរិក ​រួម​មាន​កញ្ចប់​ប្រាក់​សម្រាប់​ការ​ចែកចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ជំនួយ​ដល់​ម្ចាស់​គេហដ្ឋាន​និង​អ្នក​ជួល​ផ្ទះ ជំនួយ​សម្រាប់​ការ​បើក​ដំណើរការ​សាលារៀន​ឡើង​វិញ ការ​ផ្តល់​ជំនួយ​ដល់​រដ្ឋ​និង​រដ្ឋាភិបាល​ថ្នាក់​មូល​ដ្ឋាន និង​គម្រោង​ផ្សេងៗ​ទៀត។

នៅ​ពេល​ចុះ​ហត្ថលេខា​លោក​ Joe Biden បាន​និយាយ​ថា កញ្ចប់​ជំនួយនេះ នឹង​ជួយ​ឲ្យ​សហរដ្ឋ​អាមេរិក​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ និង​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ។

លោក​បាន​ថ្លែង​ថា៖ «ច្បាប់​ដែល​មាន​លក្ខណៈ​ប្រវត្តិសាស្ត្រនេះ​ គឺ​ដើម្បី​កសាង​ស្នូល​នៃ​ប្រទេស​ជាតិ​នេះ​ឡើង​វិញ»៕

XS
SM
MD
LG