រដ្ឋសភាសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានអនុម័តសេចក្ដីព្រាងច្បាប់កញ្ចប់ថវិកាចំនួន ១,៩ លានលានដុល្លារសម្រាប់សង្គ្រោះវិបត្តិកូវីដ១៩។ ការអនុម័តនេះបានផ្ដល់នូវជ័យជម្នះធំធេងលើកទីមួយដល់ច្បាប់ដែលស្នើឡើងដោយលោកប្រធានាធិបតី Joe Biden ចាប់តាំងពីលោកបានចូលកាន់តំណែងកាលពីថ្ងៃទី ២០ ខែមករាមក។
ឥឡូវនេះសេចក្ដីព្រាងច្បាប់នេះត្រូវបញ្ជូនទៅឲ្យលោកប្រធានាធិបតី Biden ដែលនឹងចុះហត្ថលេខាឲ្យទៅជាច្បាប់នៅថ្ងៃសុក្រនេះ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមាន អ្នកស្រី Jen Psaki។
ការបោះឆ្នោតនៅរដ្ឋសភាសហរដ្ឋអាមេរិកលើសេចក្ដីព្រាងច្បាប់នេះទទួលបានសំឡេងគាំទ្រចំនួន ២២០ ទល់នឹង ២១១។
ប្រធានរដ្ឋសភា អ្នកស្រី Nancy Pelosi បានមានប្រសាសន៍នៅមុនការបោះឆ្នោតអនុម័តសេចក្ដីព្រាងច្បាប់នេះថា៖ «យើងនឹងធ្វើការភ្លាមៗក្នុងការចែកចាយធនធានសង្គ្រោះជីវិតនេះ ក្រោយពីសេចក្ដីព្រាងច្បាប់នេះត្រូវបានអនុម័ត និងចុះហត្ថលេខា[ដោយប្រធានាធិបតី] ខណៈដែលយើងចូលរួមជាមួយនឹងលោកប្រធានាធិបតី Biden ទៅតាមការសន្យារបស់លោក ដែលថា ជំនួយកំពុងតែត្រូវបានផ្ដល់ជូនទៅហើយ»។
ច្បាប់កញ្ចប់ថវិកាជំនួយនេះ រួមមានដូចជា ថវិកាចំនួន ១.៤០០ ដុល្លារសម្រាប់ពលរដ្ឋអាមេរិកម្នាក់ៗដែលមានចំណូលទាប និងមធ្យម និងថវិកាចំនួន ៣.០០០ ឬ ៣.៦០០ ដុល្លារក្នុងមួយឆ្នាំសម្រាប់កុមារម្នាក់ៗ អាស្រ័យតាមអាយុរបស់ពួកគេ។ អ្នកដែលបាត់បង់ការងារក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩នេះ នឹងបន្ដទទួលបានថវិកាចំនួន ៣០០ ដុល្លារក្នុងមួយសប្ដាហ៍ រហូតដល់ខែកញ្ញា បន្ថែមពីលើជំនួយថវិកាតាមរដ្ឋនីមួយៗដែលពួកគេរស់នៅ។ រដ្ឋាភិបាលថ្នាក់រដ្ឋ និងថ្នាក់ក្រុងនឹងទទួលបានថវិកាចំនួន ៣៥០ ពាន់លានដុល្លារដើម្បីស្ដារស្ថានភាពពីការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩នេះ៕