ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបោះឆ្នោត កាលពីថ្ងៃពុធ ដើម្បីអនុម័តឲ្យលោក Merrick Garland កាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ នៅពេលស្បថចូលកាន់តំណែង លោកនឹងក្លាយជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទី ៨៦។
លទ្ធផលនៃការបោះឆ្នោតសម្រេចបានសំឡេង ៧០ ទល់ ៣០ ដោយមានមន្ត្រីជាន់ខ្ពស់មកពីគណបក្សសាធារណរដ្ឋជាច្រើនរូបបោះឆ្នោតគាំទ្រ។ ក្នុងចំណោមអ្នកទាំងនោះ មានលោក Mitch McConnell មេដឹកនាំព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ និងសមាជិកព្រឹទ្ធសភាពីរដ្ឋ Texas លោក John Cornyn និងលោក Lindsay Graham ពីរដ្ឋ South Carolina។
សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋដែលបោះឆ្នោតប្រឆាំង រួមមានលោក Josh Hawley នៃរដ្ឋ Missouri និងលោក Ted Cruz នៃរដ្ឋ Texas ដែលត្រូវបានគេចាត់ទុកថាអាចក្លាយជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៤។
នៅក្នុងឆ្នាំ ២០១៦ លោក Barack Obama ដែលជាប្រធានាធិបតីនៅពេលនោះ បានតែងតាំងលោក Garland ជាចៅក្រមតុលាការកំពូល ប៉ុន្តែត្រូវរាំងខ្ទប់ដោយគណបក្សសាធារណរដ្ឋនៅក្នុងសវនាការរបស់ព្រឹទ្ធសភា។
លោក Garland អាយុ ៦៨ ឆ្នាំ បានបម្រើការនៅសាលាឧទ្ធរណ៍ប្រចាំរដ្ឋធានី Washington ចាប់តាំងពីឆ្នាំ ១៩៩៧ មក ហើយលោកគឺជាប្រធានចៅក្រមពីចន្លោះឆ្នាំ ២០១៣ ដល់ ២០២០។
ក្នុងអំឡុងពេលអនុម័ត លោក Garland បាននិយាយថា ករណីដំបូងដែលលោកនឹងស៊ើបអង្កេតគឺព្រឹត្តិការណ៍លុកលុយចូលក្នុងវិមានសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៦ ខែមករា។
លោក Garland បាននិយាយថា៖ «យើងត្រូវតែធ្វើគ្រប់យ៉ាងតាមអំណាចរបស់ក្រសួងយុត្តិធម៌ ដើម្បីរារាំងការវាយប្រហារបែបនេះលើគោលនយោបាយរបស់ស្ថាប័នប្រជាធិបតេយ្យអាមេរិកាំង»។
លោក Garland ក៏បាននិយាយផងដែរថា លោកនឹងមិនយកក្រសួងយុត្តិធម៌មកធ្វើនយោបាយ ឬជ្រែតជ្រែកការស៊ើបអង្កេតលើករណីបង់ពន្ធឲ្យរដ្ឋាភិបាលសហព័ន្ធ ដែលកំពុងបន្តលើលោក Hunter Biden ដែលជាកូនប្រុសរបស់លោកប្រធានាធិបតី បៃដិន ឡើយ៕