ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump មិន​បញ្ជាក់​អំពី​ការតាំងចិត្ត​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ទេ


លោក​ប្រធានាធិបតី Donald Trump ថ្លែង​នៅក្នុង​បន្ទប់ខាងកើត​នៃសេតវិមាន កាលពី​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។
លោក​ប្រធានាធិបតី Donald Trump ថ្លែង​នៅក្នុង​បន្ទប់ខាងកើត​នៃសេតវិមាន កាលពី​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

ឆ្លើយ​តប​នឹង​សំណួរ​អ្នក​សារព័ត៌មាន​នៅ​ឯ​សេតវិមាន​កាល​ពី​ថ្ងៃ​ពុធ លោក Trump ថ្លែង​ថា៖ «យើង​ត្រូវ​ចាំ​មើល​ថា​ នឹង​មាន​អ្វី​កើត​ឡើង។ កន្លង​មក​ខ្ញុំ​បាន​តវ៉ា​យ៉ាង​ខ្លាំង​អំពី​បញ្ហា​សន្លឹក​ឆ្នោត ​ហើយ​សន្លឹក​ឆ្នោត​នេះ ​ជា​មហន្តរាយ​មួយ»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​បដិសេធ​មិន​បញ្ជាក់​ថា​តើ​លោក​នឹង​សុខចិត្ត​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ដែរ​ឬ​ទេ ប្រសិន​បើ​លោក​ចាញ់​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​ខាង​មុខ។

ឆ្លើយ​តប​នឹង​សំណួរ​អ្នក​សារព័ត៌មាន​នៅ​ឯ​សេតវិមាន​កាល​ពី​ថ្ងៃ​ពុធ លោក Trump ថ្លែង​ថា៖ «យើង​ត្រូវ​ចាំ​មើល​ថា​ នឹង​មាន​អ្វី​កើត​ឡើង។ កន្លង​មក​ខ្ញុំ​បាន​តវ៉ា​យ៉ាង​ខ្លាំង​អំពី​បញ្ហា​សន្លឹក​ឆ្នោត ​ហើយ​សន្លឹក​ឆ្នោត​នេះ ​ជា​មហន្តរាយ​មួយ»។

លោក​ប្រធានាធិបតី កន្លង​មក​តែង​បាន​ទស្សន៍ទាយ​ដោយ​គ្មាន​ភស្តុតាង​ថា នឹង​មាន​ការ​បន្លំ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​រាប់​សិប​លាន​សន្លឹក នៅ​ពេល​មាន​ការ​បោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍ ដែល​ជា​មធ្យោបាយ​បោះឆ្នោត​គាំទ្រ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​កូវីដ១៩ នេះ។

លោក Trump បញ្ជាក់​ដូច្នេះ​ថា៖ «យើង​មិន​ចង់​ឲ្យ​មាន​រឿង​សន្លឹក​ឆ្នោត​នេះ​កើតឡើង​ទេ»។ លោក​បាន​ពន្យល់​បន្ថែម​ថា ប្រសិនបើ​រឿង​នេះ​កើតឡើង​នោះ «និយាយ​ដោយ​ត្រង់​ទៅ នឹង​គ្មាន​ការ​ផ្ទេរ [អំណាច] នោះ​ឡើយ។ នឹង​មាន​ការ​បន្ត​ដូច្នេះ​តទៅ​មុខ​ទៀត»។

គូ​ប្រជែង​របស់​លោក​ គឺ​លោក Joe Biden បាន​ឆ្លើយតប​ភ្លាមៗ​នៅ​រដ្ឋ Delaware កាល​ពី​ថ្ងៃ​ពុធ​ថា៖ «តើ​យើង​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ណា? លោក Trump និយាយ​អ្វី​មិន​សម​ហេតុ​ផល​ទាល់​តែ​សោះ។ ខ្ញុំ​មិន​ដឹងនិយាយ​អ្វី​ទៀត​ទេ»។

លោក Mitt Romney សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ប្រសាសន៍​របស់​លោក Trump ដោយ​លោក​បាន​សរសេរ​តាម Twitter ថា៖ «ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ ជា​រឿង​ចាំបាច់​នៅ​ក្នុង​របប​ប្រជាធិបតេយ្យ បើ​មិន​ដូច្នេះ​ទេ របប​នោះ​នឹង​ក្លាយ​ដូច​ទៅ​នឹង​ប្រទេស​បេឡារុស»។

កាល​ពី​ថ្ងៃ​ពុធ លោក Trump ថា លោក​គិត​ថា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ខែ​វិច្ឆិកា «នឹង​ឈាន​ដល់​ការ​ឡើង​តុលាការ​កំពូល» ហើយ «វា​ជា​រឿង​សំខាន់​ជាទីបំផុត​ដែល​តុលាការ​កំពូល​មាន​សមាសភាព​គ្រប់ ៩ អង្គ​ចៅក្រម»។

នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ លោក Trump គ្រោង​ប្រកាស​អំពី​បេក្ខភាព​ដែល​លោក​ជ្រើសរើស​សម្រាប់​ជំនួស​តំណែង​របស់​លោកស្រី Ruth Bader Ginsburg ចៅក្រម​តុលាការកំពូល​មាន​និន្នាការ​សេរីនិយម​ ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន៕

XS
SM
MD
LG