លោក Michael Cohen អតីតមេធាវីរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ត្រូវបានផ្ដន្ទាទោសកាលពីពេលថ្មីៗនេះឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំ សម្រាប់បទឧក្រិដ្ឋមួយចំនួន។
ការផ្ដន្ទាទោសនេះបានធ្វើឲ្យលោកក្លាយជាអតីតសហការីជាន់ខ្ពស់បំផុតរបស់លោក Trump មួយរូប ដែលមានទោសជាប់ពន្ធនាគារពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសលោក Robert Mueller អំពីការជ្រៀតជ្រែករបស់ប្រទេសរុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦។
ការកាត់ទោសនេះបានធ្វើឡើង បន្ទាប់ពីលោក Cohen បានសារភាពថា លោកបានកុហកសភា និងបានប្រព្រឹត្តិបទល្មើសទាក់ទងនឹងច្បាប់ថវិកាយុទ្ធនាការឃោសនាបោះឆ្នោត នៅពេលដែលលោកបង់ប្រាក់បំបិទមាត់ស្ត្រីពីរនាក់នៅក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ ២០១៦ របស់លោក Trump ដោយសារស្ត្រីទាំងពីរនាក់នោះបាននិយាយថា ពួកគេមានទំនាក់ទំនងផ្លូវភេទជាមួយនឹងលោក Trump។ លោក Trump បានជម្នះថា លោកមិនបានធ្វើអ្វីខុសច្បាប់នោះទេ ហើយលោកបានរិះគន់លោក Cohen ថាបានរំលោភច្បាប់។
ប៉ុន្តែការលើកឡើងរបស់លោក Cohen ទាំងនេះ បានធ្វើឲ្យមានចម្ងល់ថ្មីៗអំពីថាតើលោក Trump នឹងប្រឈមបញ្ហាផ្នែកផ្លូវច្បាប់ប៉ុណ្ណា នៅពេលដែលការស៊ើបអង្កេតជីកឫសជីកគល់ដល់អតីតកាលរបស់លោក។
ខាងក្រោមនេះគឺជាការក្រឡេកមើលទៅលើការប្រែប្រួលថ្មីចុងក្រោយទាក់ទិននឹងការស៊ើបអង្កេតរបស់លោក Mueller និងអ្វីដែលអាចនឹងកើតឡើងនៅពេលបន្ទាប់។
តើលោក Trump នឹងមានបញ្ហាផ្លូវច្បាប់ប៉ុណ្ណា?
លោក Trump ប្រឈមនឹងការចោទប្រកាន់មួយចំនួន ដែលថា លោកបានបញ្ជាលោក Cohen ដែល ជាអតីតមេធាវីរបស់លោកឲ្យរំលោភច្បាប់ថវិកានៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ ២០១៦។
ក្នុងផ្នែកមួយនៃកិច្ចព្រមព្រៀងទទួលទោសរបស់លោកជាមួយនឹងរដ្ឋអាជ្ញា លោក Cohen បានចោទប្រកាន់ថា លោក Trump បានបញ្ជាលោកឲ្យបង់ប្រាក់សរុបចំនួន ២ សែន ៨ ម៉ឺនដុល្លារ ដល់តារាភាពយន្តអាសអាភាសនាង Stormy Daniels និងអតីតតារាម៉ូដែលទស្សនាវដ្ដី Payboy នាង Karen McDougal ដើម្បីឲ្យពួកគេបញ្ឈប់ការចោទប្រកាន់លើលោក Trump ដែលនាំឲ្យប៉ះពាល់ដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក។
អ្នកជំនាញនានាថា ករណីនេះធ្វើឲ្យលោក Trump ជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋសហព័ន្ធយ៉ាងពិតប្រាកដ។
លោក Trump បានបដិសេធនូវការចោទប្រកាន់ទាំងនេះ ដោយលោកបានប្រាប់ទូរទស្សន៍ Fox News ថា លោក «មិនដែលបញ្ជាលោក Cohen ឲ្យធ្វើអ្វីខុសច្បាប់នោះទេ» ហើយការបង់ប្រាក់ឲ្យស្ត្រីទាំងពីរនាក់នោះគឺ «មិនមែនជាការរំលោភលើច្បាប់ថវិកាធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនោះឡើយ»។
ប៉ុន្តែ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអាមេរិកាំង (American Media Inc.) ដែលជាក្រុមហ៊ុនបោះពុម្ពផ្សាយកាសែត National Enquirer ដែលបានទិញរឿងនាង Karen McDougal បានប្រាប់រដ្ឋអាជ្ញានៅក្នុងទីក្រុង New York ថា ការបង់ប្រាក់នោះបានធ្វើឡើងពាក់ព័ន្ធនឹងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump។
ការលើកឡើងរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអាមេរិកាំងនេះ ផ្ទុយពីការអះអាងរបស់លោក Trump ដែលបាននិយាយថា «ខ្ញុំធ្វើរឿងនេះដោយបរិសុទ្ធ ហើយខ្ញុំមិនដឹងថាវាជាបញ្ហានោះទេ»។ នេះបើតាមការបញ្ជាក់របស់លោក Bennett Gershman សាស្ត្រាចារ្យច្បាប់នៃសាកលវិទ្យាល័យ Pace នៅក្នុងទីក្រុង New York។
តើលោក Trump អាចត្រូវតុលាការចោទប្រកាន់បានទេ?
ទំនងជាមានការមូលមតិគ្នាក្នុងចំណោមបញ្ញវន្តផ្នែកច្បាប់នានាដែលថា ប្រធានាធិបតីកំពុងកាន់អំណាចមិនអាចត្រូវតុលាការចោទប្រកាន់បាននោះទេ។
ការគិតដូចនេះ មួយផ្នែកមានប្រភពចេញមកពីគំនិតផ្នែកច្បាប់ដ៏យូរមកហើយរបស់ក្រសួងយុត្តិធម៌។ ប៉ុន្តែ នៅក្នុងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក គ្មានមាត្រាណាមួយចែងថា ប្រធានាធិបតីមិនអាចត្រូវបានគេកាត់ទោសនោះទេ។
លោក David Super សាស្ត្រាចារ្យច្បាប់នៃសាកលវិទ្យាល័យ Georgetown បាននិយាយថា៖ «ការយល់ឃើញដែលថា មេដឹកនាំកំពូលមានអភ័យឯកសិទ្ធិរួចផុតពីផ្លូវច្បាប់គឺជាទិដ្ឋភាពនៃរបបរាជាធិបតេយ្យ ដែលសហរដ្ឋអាមេរិកជំទាស់នៅពេលដែលប្រទេសនេះបានបង្កើតរបបសាធារណរដ្ឋ»។
លោក David Super បានបន្ថែមថា ទោះបីជា «លោក Trump នឹងមិនត្រូវបាន ហើយនិងមិនគួរត្រូវបានចោទប្រកាន់» សម្រាប់បទល្មើសបច្ចេកទេសតូចតាចក៏ដោយ ក៏រដ្ឋអាជ្ញាទំនងជានឹងគិតឡើងវិញអំពីយុទ្ធសាស្ត្ររបស់ពួកគេ ប្រសិនបើលោក Trump ត្រូវបានគេរកឃើញថាបានប្រព្រឹត្ត «បទល្មើសពិតប្រាកដ និងធ្ងន់ធ្ងរមែន»។
ចំណុចដែលអាចទៅរួចមួយទៀតគឺថា រដ្ឋអាជ្ញាអាចទុករឿងនេះសិន និងរង់ចាំមើលថាតើលោក Trump នឹងចាញ់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០២០ ខាងមុខឬក៏អត់ ហើយប្រសិនបើលោក Trump ចាញ់ នោះរដ្ឋអាជ្ញានឹងចោទប្រកាន់លោក បន្ទាប់ពីលោកចាកចេញពីមុខតំណែងជាប្រធានាធិបតី។
តើលោក Trump អាចត្រូវសភាចោទប្រកាន់និងកាត់ទោសដកពីតំណែងជាប្រធានាធិបតីបានទេ?
ក្ដីរំពឹងនៅក្នុងការចោទប្រកាន់និងកាត់ទោសលោក Trump តាមផ្លូវសភាគឺមិនងាយទេ។
ការអះអាងដែលមិនឲ្យតុលាការចោទប្រកាន់ប្រធានាធិបតីកំពុងកាន់តំណែងគឺថា លោក Trump អាចត្រូវសភាចោទប្រកាន់និងកាត់ទោសជាផ្លូវការ និងដកចេញពីតំណែងជាប្រធានាធិបតីបាន សម្រាប់បទឧក្រិដ្ឋធ្ងន់ធ្ងរ។
ប៉ុន្តែ ដំណើរការនៃការចោទប្រកាន់និងកាត់ទោសតាមផ្លូវសភានេះ គឺមានលក្ខណៈនយោបាយជាយូរមកហើយ ហើយនៅទីបំផុតមិនមានការដកតំណែងប្រធានាធិបតីណាម្នាក់ពីមុខតំណែងនោះទេ ទោះបីជាមានការប៉ុនប៉ងធ្វើដូច្នេះលើអតីតប្រធានាធិបតីពីររូបរួចមកហើយកាលពីអតីតកាលក៏ដោយ។
ចំណុចនេះគឺដោយសារតែ ដរាបណាគណបក្សរបស់ប្រធានាធិបតីនៅតែគាំទ្រលោក ការប៉ុនប៉ងណាមួយដែលចង់ឲ្យលោកចេញពីតំណែងគឺទំនងជាជាប់គាំងនៅក្នុងសភា។
ការចោទប្រកាន់ផ្លូវការរបស់សភាលើប្រធានាធិបតីតម្រូវឲ្យមានការបោះឆ្នោតគាំទ្រដោយសំឡេងភាគច្រើននៅក្នុងរដ្ឋសភា។ ប៉ុន្តែ ការដកប្រធានាធិបតីចេញពីតំណែង តម្រូវឲ្យមានការគាំទ្រក្នុងសំឡេងពីរភាគបីនៅក្នុងព្រឹទ្ធសភា បន្ទាប់ពីព្រឹទ្ធសភាបើកសវនាការកាត់ទោសរួច។
ទោះបីជាគណបក្សប្រជាធិបតេយ្យនឹងគ្រប់គ្រងរដ្ឋសភាចាប់ពីខែមករាឆ្នាំក្រោយក៏ដោយ ក៏លោក Jerrold Nadler សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យ ដែលនឹងក្លាយទៅជាប្រធានថ្មីនៃគណៈកម្មាធិការតុលាការរបស់រដ្ឋសភា បានព្រមានប្រឆាំងនឹងការជំរុញរឿងចោទប្រកាន់តាមផ្លូវសភា ប្រសិនបើគ្មានការគាំទ្រពីគណបក្សទាំងពីរ។
នៅក្នុងព្រឹទ្ធសភា ដែលគណបក្សសាធារណរដ្ឋទទួលបានសំឡេងកាន់តែច្រើនជាងមុនគឺកាន់កាប់អាសនៈចំនួន ៥៣ ទល់នឹងអាសនៈចំនួន ៤៧ របស់គណបក្សប្រជាធិបតេយ្យនោះ គេឃើញថាមិនទាន់មានសញ្ញាណាមួយដែលបង្ហាញថា សមាជិកគណបក្សសាធារណរដ្ឋណាម្នាក់នឹងពិចារណាម៉ឺងម៉ាត់អំពីការបោះឆ្នោតទម្លាក់លោក Trump ចេញពីតំណែងនៅឡើយទេ។
តើនរណាទៀតដែលប្រឈមនឹងបញ្ហាផ្លូវច្បាប់?
លោករដ្ឋអាជ្ញាពិសេស Robert Mueller បានសម្ភាសន៍សាក្សីរាប់សិបនាក់ និងបុគ្គលសង្ស័យដទៃទៀត ដែលពួកគេភាគច្រើនត្រូវបានសម្ភាសន៍ជាច្រើនដង។
មនុស្សមួយចំនួនទៀតនៅក្នុងក្រុមរបស់លោក Trump ដូចជាលោក Donald Trump Jr. ដែលជាកូនប្រុសច្បងរបស់លោក Trump លោក Jared Kushner ដែលជាកូនប្រសា និងជាទីប្រឹក្សាជាន់ខ្ពស់របស់លោក Trump និងលោក Roger Stone ដែលជាសហការីជាយូរមកហើយរបស់លោក Trump ក៏ស្ថិតក្រោមការពិនិត្យពិច័យរបស់លោក Mueller ផងដែរ។ ប៉ុន្តែ គេនៅមិនទាន់ច្បាស់ទេថាតើពួកគេគឺជាមុខសញ្ញានៃការស៊ើបអង្កេតនេះ ឬក៏នឹងប្រឈមនឹងបទចោទប្រកាន់ឧក្រិដ្ឋកម្មណាមួយនោះ។
តើការស៊ើបអង្កេតនេះនឹងបន្តរហូតដល់ពេលណា?
ទោះបីជាលោក Mueller មិនបានបង្ហើបថា ការស៊ើបអង្កេតនេះជិតឈានដល់ទីបញ្ចប់នៅពេលឆាប់ៗខាងមុខនេះក៏ដោយ ក៏អ្នកជំនាញផ្នែកច្បាប់ភាគច្រើនរំពឹងថា ការស៊ើបអង្កេតនេះនឹងថយចុះនៅក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំក្រោយ ដោយសារមានការចោទប្រកាន់លើបុគ្គលបន្ថែមទៀតនឹងធ្វើឡើង៕
ប្រែសម្រួលដោយ ភី សុភាដា