ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Flynn អតីត​ទីប្រឹក្សា​លោក Trump នឹង​ត្រូវតុលាការ​​កាត់ទោស


លោក Michael Flynn ចាកចេញ​ពី​តុលាការ​សហព័ន្ធ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។
លោក Michael Flynn ចាកចេញ​ពី​តុលាការ​សហព័ន្ធ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។

លោក Michael Flynn អតីតទីប្រឹក្សា​សន្តិសុខ​ជាតិ​ស.រ.អា.​នឹង​ត្រូវ​តុលាការកាត់ទោស​នៅ​ថ្ងៃ​អង្គារ​នេះដោយសារ​លោក​បាន​និយាយ​កុហក​ដល់​ FBI អំពី​ការ​ទាក់ទង​របស់​លោក​ជាមួយ​ពួក​មន្ត្រី​រុស្ស៊ី។

វា​ស្រេច​តែ​លើលោក​ Emmet Sullivan ចៅក្រមតុលាការ​តំបន់​ស.រ.អា.​ដែល​ត្រូវ​សម្រេចថា​តើ​លោក​ Flynn នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ឬ​បែប​ណា ក៏​ប៉ុន្តែ​លោក​ Robert Mueller រដ្ឋអាជ្ញា​ពិសេស​បាន​និយាយ​ថា​ ការ​កាត់​ទោស​លោក​ Flynn មិន​គួរ​មាន​រួម​បញ្ចូល​ការ​ជាប់​ពន្ធនាគារ​ទេ​ដោយ​ផ្អែក​លើ​កិច្ច​សហប្រតិបត្តិការ «ច្រើន​ក្រាស់ក្រែល» របស់​លោក Flynn ជាមួយ​ពួក​រដ្ឋអាជ្ញា។​

លោក Mueller កំពុង​ស៊ើបអង្កេត​អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ស.រ.អា.​កាលពី​ឆ្នាំ២០១៦ និង​អំពី​លទ្ធភាព​នៃ​ការ​ឃុបឃិត​គ្នា​រវាង​រុស្ស៊ី​ និង​ពួក​អ្នក​ឃោសនា​បោះឆ្នោត​ឱ្យ​ប្រធានាធិបតី Donald Trump។

លោក​ Flynn ដែល​ជា​អតីត​ឧត្តម​សេនីយ​នៃ​កង​ទ័ព​ជើង​គោក និង​ជា​អតីត​ប្រធាន​នៃ​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ខាង​កិច្ចការពារ​ប្រទេស​ បាន​បម្រើ​ការ​ជា​ទីប្រឹក្សា​សន្តិសុខជាតិ​ទី​មួយ​របស់​លោក Trump។ ​ក៏​ប៉ុន្តែ​លោក​បាន​លាលែង​ចេញ​ពី​តំណែង​ក្នុង​ពេល​មួយ​ខែ​បន្ទាប់​មក​នៅ​ពេល​មាន​ដំណឹង​លេច​ឮ​ថា​លោក​បាន​និយាយ​កុហក​ពួក​មន្ត្រី​រដ្ឋបាល​អំពី​ការ​ចរចា​របស់​លោក​ជាមួយ​លោក Sergey Kislyak ដែល​ជា​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ស.រ.អា.​នៅ​ក្នុង​រយៈពេល​អន្តរកាល​នៅ​ចន្លោះ​ថ្ងៃ​បោះឆ្នោត​និង​ថ្ងៃ​សម្ពោធ​តំណែង​ប្រធានាធិបតី​របស់​លោក Trump។​

លោក​ Flynn បាន​ធ្វើ​ឱ្យ​មាន​ការ​ពិនិត្យពិច័យ​ដោយ​ពួក​អ្នកស៊ើបអង្កេត​នៅ​មុន​ពេល​លោក​មាន​រឿង​ជាមួយ FBI កាលពី​ខែ​មករា​ឆ្នាំ២០១៧។​ នៅ​ពេល​លោក​បម្រើការ​ជា​ទីប្រឹក្សា​ម្នាក់​ដល់​ពួក​អ្នក​ឃោសនា​បោះឆ្នោត​ឱ្យ​លោក Trump កាលពី​ឆ្នាំ២០១៦ លោក​បាន​ធ្វើ​ការ​ខាង​បញ្ចុះបញ្ចូល​ជា​ផលប្រយោជន៍​ឱ្យ​ក្រុមហ៊ុន​ Hollande មួយ​ដែល​មាន​ចំណង​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​តួកគី​ដោយ​មិន​បាន​ចុះ​ឈ្មោះ​ជា​ភ្នាក់ងារ​ម្នាក់​របស់​បរទេស៕

XS
SM
MD
LG