លោក Michael Flynn គឺជាទីប្រឹក្សាសន្តិសុខជាតិដំបូងបង្អស់របស់លោកប្រធានាធិបតី Donald Trump ដែលត្រូវកាត់ទោសពីបទនិយាយកុហកទៅ ការិយាល័យខាងការស៊ើបអង្កេតសហព័ន្ធហៅកាត់ថាFBIអំពីកិច្ចសន្ទនាររវាងលោក និងឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិកនៅអំឡុងពេលផ្ទេរតំណែងប្រធានាធិបតី។
នៅពេលនោះលោក Flynn បាននិយាយជាមួយលោកឯកអគ្គរដ្ឋទូតរុស្ស៊ី Sergey Kislyak នៅប៉ុន្មានសប្តាហ៍មុនពិធីស្បថចូលកាន់តំណែងរបស់លោកTrump អំពីការលុបចោលទណ្ឌកម្មនានាដែលរដ្ឋបាលអតីតប្រធានាធិបតីលោក Barack Obamaបានដាក់ទៅលើប្រទេសរុស្ស៊ីនិងអំពីសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិអំពីប្រទេសអ៊ីស្រាអែល។ ខាងក្រោមនេះគឺជាព្រឹត្តការណ៍សំខាន់ៗដែលទាក់ទងជាមួយនឹងលោកMichael Flynn។
លោក Flynn បានសហការយ៉ាងទូលំទូលាយរយៈពេលប្រហែល១ឆ្នាំមកហើយ នៅក្នុងដំណើរការស៊ើបអង្កេតដឹកនាំដោយរដ្ឋអាជ្ញាពិសេសលោក Robert Mueller អំពីការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦ និងយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក Trump។
ឧត្តមសេនីយឯកផ្កាយបីចូលនិវត្តន៍រូបនេះគឺជាអ្នកដែលធ្លាប់ដឹកនាំទីភ្នាក់ងារស៊ើបការសម្ងាត់ការពារជាតិ ព្រមទាំងបានផ្តល់ព័ត៌មានដែលជួយដល់ការស៊ើបអង្កេតដែលកំពុងបន្តនានាជាច្រើន។
លោក Flynnនឹងក្លាយជំនួយការថ្នាក់ខ្ពស់បំផុតរបស់លោក Trump ដែលនឹងត្រូវកាត់ទោសនៅក្នុងដំណើរការស៊ើបអង្កេររបស់រដ្ឋអាជ្ញា។
ក្រុមការងាររបស់លោក Muellerបានចេញអនុសាសន៍ថា លោក Flynn មានទោសតិចតួចឬមិនជាប់ពន្ធនាគារសម្រាប់ការសហការជាមួយក្រុមស៊ើបអង្កេត។
លោក Trumpបានបណ្តេញលោក Flynn ចេញពីតំណែងពីបទនិយាយមិនពិតអំពីកិច្ចពិភាក្សាជាមួយលោក Kislyak បន្ទាប់ពីលោក Flynn ចូលបម្រើការងារជាទីប្រឹក្សាសន្តិសុខជាតិមិនដល់១ខែផងនោះ។
លោក Obama ធ្លាប់បានព្រមានលោក Trump បន្ទាប់ពីបោះឆ្នោតហើយបាន២ថ្ងៃដោយលោកបានប្រឆាំងនឹងការតែងតាំងលោក Flynn ប៉ុន្តែលោក Trump ព្រងើយកន្តើយនឹងការព្រមាននេះនិងបានតែងតាំងលោក Flynnឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក៕