ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាមេរិក​​ថ្មី​ដែល​ដាក់​ពាក្យ​សុំ​ជំនួយ​ពេល​អត់​ការងារ​ប្រចាំ​សប្តាហ៍​កើន​លើស​១​លាន​នាក់​វិញ​


អតិថិជន​ម្នាក់​ដើរ​ចេញ​ពី​ហាង​មួយ​ដែល​នឹង​ត្រូវ​បិទ​ទ្វារ​នៅ​ក្នុង​ទី​ក្រុង Coral Gables រដ្ឋ Florida កាល​ពី​ថ្ងៃ​ទី ៦ ខែ​សីហា ឆ្នាំ ២០២០។
អតិថិជន​ម្នាក់​ដើរ​ចេញ​ពី​ហាង​មួយ​ដែល​នឹង​ត្រូវ​បិទ​ទ្វារ​នៅ​ក្នុង​ទី​ក្រុង Coral Gables រដ្ឋ Florida កាល​ពី​ថ្ងៃ​ទី ៦ ខែ​សីហា ឆ្នាំ ២០២០។

ក្រសួង​ការងារ​សហរដ្ឋ​អាមេរិក​រាយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចំនួន​អ្នក​ដាក់​ពាក្យ​ថ្មី​សុំ​ជំនួយ​រដ្ឋ​ពេល​អត់​ការងារ​ធ្វើ​កាល​ពី​សប្តាហ៍​មុន​បាន​កើន​ឡើង​វិញ​ដល់​១,១​លាន​នាក់ ក្រោយ​ពី​បាន​ធ្លាក់​ចុះ​ក្រោម​១​លាន​នាក់​កាល​ពីពីរ​សប្តាហ៍​មុន​។

តួលេខ​ចុងក្រោយ​នេះ​មាន​ន័យ​ថា និយោជកបាន​បញ្ឈប់​ការងារ​បុគ្គលិក​បន្ថែម​ទៀត ហើយ​ផ្សារ​ការងារ​សហរដ្ឋ​អាមេរិក​នៅ​មាន​ភាព​ទន់ខ្សោយនៅ​ក្នុង​បណ្តា​រដ្ឋ​ដែល​ទើប​មាន​ការ​កើន​ឡើងការ​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩។

នេះ​ក៏​មាន​ន័យ​ថា​ការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​អាមេរិក​បាន​យឺតយ៉ាវ​ទៀត ដោយ​រដ្ឋាភិបាល​បាន​រាយការណ៍​ថា ក្នុង​ខែ​កក្កដា​មាន​ការងារ​ថ្មី​ចំនួន​១,៨​លាន​ប៉ុណ្ណោះ ដែល​តិច​ខ្លាំង​ជាង​ចំនួន​ការងារ​បង្កើត​ថ្មី​ចំនួន​៤,៨លាន​កាល​ពី​ខែ​មិថុនា។​

ក្រសួងពាណិជ្ជកម្ម​និយាយ​ថា សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ​រហូត​ដល់​៩,៥% រវាង​ខែ​មេសា និង​មិថុនា ដែល​ជា​ការ​ធ្លាក់​ចុះ​មួយ​ត្រីមាស​ច្រើន​បំផុត​ក្នុង​រយៈ​ពេល៧​ទសវត្សរ៍​។

គេ​បាន​ប៉ាន់​ស្មាន​ថា នៅ​ពេល​នេះ​មាន​ពលរដ្ឋ​អាមេរិកប្រមាណ​៣០​លាន​នាក់អត់ការងារ​នៅ​ឡើយ​ប៉ុន្តែ​មិន​មែន​គ្រប់​គ្នា​ដាក់​ពាក្យ​សុំ​ជំនួយ​រដ្ឋ​នោះ​ទេ។ ចាប់​តាំង​ពី​មាន​វិបត្តិ​កូវីដ១៩​មក មាន​ពលរដ្ឋ​អាមេរិក​ប្រមាណ​៥៦​លាន​នាក់​ធ្លាប់​បាន​ដាក់​ពាក្យ​សុំជំនួយ​រដ្ឋក្នុងពេល​ណា​មួយ​នោះ ដែល​ជំនួយ​ប្រចាំ​សប្តាហ៍​របស់​រដ្ឋាភិបាល​សហព័ន្ធ​មាន​ប្រមាណ​៦០០​ដុល្លារ​រហូត​ចុង​ខែ​កក្កដា​កន្លង​ទៅ​នេះ។

នៅ​ពេល​នេះ​ទាំង​រដ្ឋបាល​លោក​ប្រធានាធិបតី​ Donald Trump និង​គណបក្ស​ប្រជាធិបតេយ្យ​មិន​ទាន់​ឈាន​ដល់​ការ​ឯកភាព​គ្នា​ចំពោះ​កញ្ចប់​ថវិកា​ជំនួយ​បន្ត​ទៀត​នោះ​ទេ៕

XS
SM
MD
LG