ការឱបក្រសោបរបស់លោក Joe Biden បេក្ខជនប្រធានាធិបតីអាមេរិកខាងគណបក្សប្រជាធិបតេយ្យនូវផែនការប្រកបដោយមហិច្ឆតាជាងមុននិងអស់សោហ៊ុយច្រើនឡើងៗដើម្បីធ្វើឱ្យសេដ្ឋកិច្ចសហរដ្ឋអាមេរិកមានការលូតលាស់ឡើងវិញជាការប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបង្កើនការគាំទ្រលោកក្នុងចំណោមក្រុមអ្នកធ្វើការនិយមការជឿនលឿននិងក្រុមពលករនៅក្នុងរដ្ឋឩស្សាហកម្មដែលមានការប្រកួតគ្នាខ្លាំង។
នៅពេលលោកប្រកាសផែនការរបស់លោកដើម្បីធ្វើឱ្យសេដ្ឋកិច្ចរើបឡើងវិញមានឈ្មោះថា «កសាងសេដ្ឋកិច្ចឱ្យល្អប្រសើរឡើងវិញ» កាលពីសប្តាហ៍ទីមួយនៃខែកក្កដា លោក Biden បានមានប្រសាសន៍ថា៖ «នេះជាឱកាសមួយដើម្បីបំពេញតាមពាក្យពេចន៍និងសេចក្តីថ្លៃថ្នូរមានចែងនៅក្នុងឯកសារនៃការបង្កើតប្រទេសជាតិយើងដែលថា យើងទាំងអស់គ្នាកើតមកមានភាពស្មើគ្នាឬមានសិទ្ធិស្មើៗគ្នា»។
លោក Biden ដែលបានត្រូវសន្មតថា នឹងទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនៅខែក្រោយនេះ មិនបានគាំទ្រកម្មវិធីខ្លះដូចជាកម្មវិធីថែទាំសុខភាពសាកលអំពាវនាវឱ្យមានដោយលោក Bernie Sanders សមាជិកព្រឹទ្ធសភាស.រ.អ. ដែលជាអតីតគូប្រជែងរបស់លោកសម្រាប់តំណែងប្រធានាធិបតីទេ។
ក៏ប៉ុន្តែផែនការរបស់លោក Biden នឹងបង្កើនពន្ធដារនិងបន្ថែមចំណាយរដ្ឋាភិបាលរវាង៦លានលានដុល្លារនិង៨លានលានដុល្លារក្នុងទសវត្សរ៍ខាងមុខនៅពេលដែលចំណាយរបស់រដ្ឋាភិបាលដើម្បីលើកកម្លាំងសេដ្ឋកិច្ចក្នុងការប្រយុទ្ធនឹងវីរុសកូរ៉ូណាត្រូវរំពឹងថា នឹងបង្កើនឱនភាពថវិកាដល់កម្រិតខ្ពស់មិនធ្លាប់មានពីពេលមុនៗដល់ចំនួន៣,៧លានលានដុល្លារនៅចុងឆ្នាំនេះ។
ការរាតត្បាតជាសាកលនៃវីរុសកូរ៉ូណាបានបង្អាក់ខ្លាំងដល់សេដ្ឋកិច្ចស.រ.អ.បណ្តាលឱ្យមានការបិទធុរកិច្ចច្រើនដើម្បីបញ្ឈប់ការឆ្លងរោគដ៏ប្រល័យនេះ។ ការរាតត្បាតជំងឺនេះបាននាំឱ្យមនុស្សគ្មានការងារធ្វើកើនពី៤ភាគរយដល់១១ភាគរយ ហើយមានផលប៉ះពាល់មិនសមាមាត្រដល់សហគមន៍ជនភាគតិចនិងក្រុមអ្នកធ្វើការមានប្រាក់ចំណូលទាប។
លោក Jared Bernstein ជាអ្នកសេដ្ឋសាស្ត្រនៅឯមជ្ឈមណ្ឌលអាទិភាពថវិកានិងគោលនយោបាយនិងជាទីប្រឹក្សាក្រៅផ្លូវការនៃក្រុមអ្នកឃោសនាបោះឆ្នោតឱ្យលោក Biden។ លោកបាននិយាយថា៖ «អ្វីដែលការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩គឺបានបង្កើនភាពមិនស្មើគ្នានៅក្នុងសេដ្ឋកិច្ចនេះដែលនាំឱ្យមានការខូចខាតច្រើនជាញឹកញយនៅក្នុងសហគមន៍នៃពួកជនមិនមានស្បែកស»។
ផលិតនៅក្នុងប្រទេសអាមេរិក
ដោយនិយាយយោងដល់ដំណើរសេដ្ឋកិច្ចមិនទៅមុខបណ្តាលមកពីការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ការធ្វើបាតុកម្មនៅទូទាំងប្រទេសប្រឆាំងនឹងភាពមិនស្មើគ្នាខាងពូជសាសន៍ និងកំណើននៃការគំរាមកំហែងដោយការប្រែប្រួលអាកាសធាតុដាក់ឱ្យមានដោយការកើនសីតុណ្ហភាពនិងកម្រិតទឹកសមុទ្រដោយសារខ្យល់កខ្វក់បណ្តាលមកពីមនុស្ស លោក Biden ដែលនិយមនយោបាយកណ្តាលបានមានប្រសាសន៍ថា គេត្រូវការឱ្យមានវិធានការមោះមុតដើម្បីដោះស្រាយវិបត្តិទាំងនេះដែលមិនធ្លាប់មានពីពេលមុនៗ។
របៀបវារៈ «កសាងប្រទេសឱ្យល្អប្រសើរជាងមុនឡើងវិញ» របស់លោក Biden ផ្អែកលើអនុសាសន៍ពី «គណៈកម្មការចំពោះកិច្ចធ្វើឱ្យមានឯកភាពជាតិ» ដែលមានរួមបញ្ចូលពួកអ្នកគាំទ្រលោក Sanders និងលោកស្រី Elizabeth Warren សមាជិកាព្រឹទ្ធសភាស.រ.អ.ដែលជាគូប្រជែងនិយមការជឿនលឿនរបស់លោកដើម្បីពង្រឹងការគាំទ្ររបស់គណបក្សដល់អ្នកទទួលការតែងតាំងខាងគណបក្សប្រជាធិបតេយ្យដើម្បីយកជ័យជម្នះលើប្រធានាធិបតី Donald Trump នៅក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងខែវិច្ឆិកាខាងមុខនេះ។
លោក Biden មិនបានគាំទ្រសំណើរបស់លោក Sanders ឱ្យមានការធានារ៉ាប់រងខាងការងារដោយសហព័ន្ធ កម្មវិធី Medicare សម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា ផែនការថែទាំសុខភាពផ្តល់ប្រាក់ដោយរដ្ឋាភិបាលនិងកិច្ចព្រមព្រៀងថ្មីអំពីបរិស្ថានស្នើដោយលោកស្រី Alexandria Ocasio-Cortez សមាជិកាសភាស.រ.អ.ទេ ក៏ប៉ុន្តែផែនការថ្មីរបស់លោកទូលំទូលាយនឹងអស់សោហ៊ុយជាងកាលពីពេលមុនៗ។
បន្ថែមលើការបន្តការផ្តល់ប្រាក់ជំនួយនៅពេលគ្មានការងារធ្វើនិងការគាំទ្រដល់ធុរកិច្ចមានផលប៉ះពាល់នៅពេលមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ លោក Biden ចង់បង្កើនប្រាក់បៀវត្សរ៍ទាបបំផុតដល់១៥ដុល្លារក្នុងមួយម៉ោងនិងបង្កើនកម្មវិធីហ្វឹកហ្វឺនដែលមានគោលដៅជួយពួកជនភាគតិចនិងក្រុមស្ត្រី។
ដើម្បីបង្កើនការផលិតប្រដាប់ប្រដាប្រើប្រាស់ ដើម្បីបង្កើតការងារ៥លាននិងដើម្បីធ្វើក្រុមហ៊ុនអាមេរិកាំងឱ្យពឹងពាក់តិចជាងមុនលើទំនិញចិន លោក Biden ស្នើចំណាយបន្ថែមចំនួន៤រយពាន់លានដុល្លារសម្រាប់បង្កើនការទិញផលិតផលធ្វើក្នុងប្រទេសអាមេរិកដោយរដ្ឋាភិបាលស.រ.អ. ដោយមានរួមបញ្ចូលប្រដាប់ការពារខ្លួនចាំបាច់និងឱសថដែលគេត្រូវការសម្រាប់ទប់ទល់នឹងការរាតត្បាតជាសាកលនៃវីរុសកូរ៉ូណា។
លោក Bernstein បានថ្លែងថា៖ «នៅមុនលោក Biden ស្នើបន្ថែមប្រាក់៤រយពាន់លានដុល្លារគឺស្មើនឹង២ភាគរយនៃផលិផលសរុបក្នុងស្រុកដល់ការទិញរបស់យើង យើងបានទិញឥវ៉ាន់ប្រមាន៦រយពាន់លានដុល្លាររួចស្រេចហើយគឺជិត៣ភាគរយនៃផលិផលសរុបក្នុងស្រុកក្នុងមួយឆ្នាំ។ដូច្នេះនេះការទិញឥវ៉ាន់ច្រើនហើយ»។
លោក Biden នឹងកំណត់ប្រាក់៣រយពាន់លានដុល្លារសម្រាប់ការបញ្ចូលរបៀបបច្ចេកទេសថ្មីៗ ការស្រាវជ្រាវនិងការអភិវឌ្ឍដើម្បីជួយក្រុមហ៊ុនស.រ.អ.ក្នុងការប្រកួតប្រជែងក្នុងផ្សារសាកលថែមទៀតផង។
លោកអតីតអនុប្រធានាធិបតីស.រ.អ.រូបនេះក៏គ្រោងនឹងបង្កើនពន្ធដារលើក្រុមហ៊ុនស.រ.អ.ដែលបញ្ជូនការងារទៅប្រទេសក្រៅ បង្ក្រាបធុរកិច្ចដែលធ្វើការឃោសនាពាណិជ្ជកម្មទំនិញដឹកជញ្ជូនពីប្រទេសចិនថាជាទំនិញផលិតក្នុងប្រទេសអាមេរិកនិងដឹកនាំកិច្ចខិតខំប្រឹងប្រែងអន្តរជាតិទប់ទល់នឹងការធ្វើពាណិជ្ជកម្មអយុត្តិធម៌ដោយប្រទេសចិន។
ការលួចចម្លងតាមគំនិតលោក Trump
លោកប្រធានាធិបតី Trump បានមានប្រសាសន៍ថា លោក Biden បានចម្លងតាមរបៀបវារៈលោកគឺ ប្រទេសអាមេរិកមុនអ្វីៗទាំងអស់ដើម្បីឱ្យមានការគាំទ្រជាថ្មីពីសំណាក់ក្រុមអ្នកបោះឆ្នោតជាពលករដែលជាប្រពៃណីគាំទ្រគណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋឧស្សាហកម្មនៅក្នុងរដ្ឋ Michigan រដ្ឋ Pennsylvania និងរដ្ឋ Wisconsin ដែលលោក Trump បានឈ្នះឆ្នោតកាលពីឆ្នាំ២០១៦។
លោក Trump បានថ្លែងកាលពីសប្តាហ៍ទីមួយនៃខែកក្កដាអំពីផែនការសេដ្ឋកិច្ចរបស់លោក Biden ថា៖ «លោកបាននិយាយត្រូវ ពីព្រោះលោកបានចម្លងអ្វីដែលខ្ញុំបានធ្វើ។ ក៏ប៉ុន្តែការខុសគ្នាគឺ លោកមិនអាចធ្វើបានទេហើយលោកដឹងថា លោកនឹងមិនធ្វើបែបនេះទេ»។
របៀបដោះស្រាយរបស់លោក Trump ដើម្បីការពារកាងារនិងឧស្សាហកម្មអាមេរិកាំងគឺកាត់បន្ថយពន្ធដារលើក្រុមហ៊ុនធំៗនិងធ្វើការចរចាជាថ្មីអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក៏ប៉ុន្តែលោកប្រធានាធិបតីមិនបានស្នើផែនការក្នុងរយៈពេលវែងសម្រាប់ដោះស្រាយការប៉ះពាល់ដោយការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ទៅលើសេដ្ឋកិច្ចទេ»។
លោក Brian Riedl ជាអ្នកសេដ្ឋសាស្ត្រនៅឯវិទ្យាស្ថានអភិរក្សនិយម Manhattan។លោកបានថ្លែងថា៖ «លោកប្រធានាធិបតីមិនបានផ្តល់ឱ្យយើងនូវចក្ខុវិស័យខាងសេដ្ឋកិច្ចសម្រាប់រយៈពេលបួនឆ្នាំខាងមុខនៅពេលមួយដែលយើងត្រូវការចក្ខុវិស័យនេះខ្លាំងណាស់ពីព្រោះសេដ្ឋកិច្ចធ្លាក់ចុះខ្លាំងណាស់ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៣០មក»។
ប្រាក់រាប់លានលានដុល្លារថែមទៀត
នៅពាក់កណ្តាលខែកក្កដា លោក Biden បានបញ្ចេញផែនការថាមពលស្អាតនិងហេដ្ឋារចនាសម្ព័ន្ធមានទឹកប្រាក់២លានលានដុល្លារដែលអាចបង្កើនវិនិយោគក្នុងប្រសិទ្ធភាពថាមពលនិងយានយន្តអគ្គិសនី។ ទោះណាជាមានមហិច្ឆតាតិចជាងកិច្ចព្រមព្រៀងថ្មីអំពីបរិស្ថានក៏ដោយក៏ផែនការនេះនឹងប្រឹងប្រែងបញ្ឈប់ការផលិតថាមពលផ្អែកលើឥន្ធនៈផូស៊ីលមិនឱ្យហួសពីឆ្នាំ២០៥០ទេ។ គណៈកម្មការចំពោះកិច្ចធ្វើឱ្យមានឯកភាពជាតិរបស់លោក Biden ក៏បានកំណត់គោលដៅមួយដើម្បីរៀបចំឱ្យមានបន្ទះកញ្ចក់ស្រូបថាមពលព្រះអាទិត្យ៥០០លាននិងទួរប៊ីនខ្យល់ ដែលផលិតក្នុងប្រទេសអាមេរិកចំនូន៦ម៉ឺនផងដែរ។
កាលពីពេលមុនលោក Biden ក៏បានស្នើផែនការហេដ្ឋារចនាសម្ព័ន្ធដាច់ដោយឡែកមួយមានទឹកប្រាក់១,៣លានលានដុល្លារដើម្បីកែលម្អផ្លូវ ស្ពាន អាកាសយានដ្ឋាន និងពង្រីកសេវារទេះភ្លើងល្បឿនលឿននៅក្នុងស.រ.អ.។
ជម្រើសខាងថែរក្សាសុខភាពរបស់លោកដើម្បីជំនួសកម្មវិធី Medicare សម្រាប់មនុស្សគ្រប់គ្នា របស់លោក Sanders នឹងអស់ប្រាក់១លានលានដុល្លារដើម្បីពង្រីកការផ្តល់ប្រាក់ជំនួយបន្ថែមដល់គ្រួសារមានប្រាក់ចំណូលទាប។ សំណើជំនួយខាងការសិក្សាអប់រំនិងខាងផ្ទះសំបែងរបស់លោក Biden អាចបន្ថែមចំណាយចំនួន២លានលានដុល្លារថែមទៀត។
ពួកទីប្រឹក្សាលោក Biden និយាយអះអាងថា កម្មវិធីសម្រាប់រយៈពេលយូរទាំងនេះនឹងទទួលប្រាក់ទាំងស្រុងពីការដំឡើងពន្ធដារភាគច្រើនលើពួកអ្នកមានធនធានស្តុកស្តម្ភ។ ពួកអ្នករិះគន់អភិរក្សនិយមនិយាយថា កម្មវិធីអស់ប្រាក់ច្រើនរបស់លោក Biden នឹងបង្កើនឱនភាពថវិកាដល់កម្រិតប្រកបដោយគ្រោះថ្នាក់ហើយសំណើអំពីពន្ធដារនិងបទបញ្ញត្តិនឹងបង្អាក់ការរើបសេដ្ឋកិច្ចឡើងវិញ។ ក៏ប៉ុន្តែលោក Riedl បានថ្លែងថា គេឃើញពួកសាធារណរដ្ឋមិនស្មោះត្រង់អំពីបញ្ហាទទួលខុសត្រូវខាងសារពើពន្ធនៅក្រោយពួកគេបានអនុម័តការកាត់ពន្ធក្រុមហ៊ុនធំៗដែលបានបង្កើនឱនភាពយ៉ាងខ្លាំង។
លោក Riedl បាននិយាយថា៖ «ពួកសាធារណរដ្ឋបានបាត់បង់ភាពគួរឱ្យជឿទុកចិត្តអំពីឱនភាពហើយពួកគេមិននិយាយទៀតទេអំពីបញ្ហានេះពីព្រោះប្រធានបទនេះបានដាក់ឱ្យពួកគេឋិតក្នុងស្ថានភាពពិបាកនិយាយការពារអំពីការកាត់បន្ថយពន្ធដារ»។
ប្រែសម្រួលដោយ លោក ឈឹម សុមេធ