ក្រុមវាគ្មិននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានទទួលស្គាល់អំពីតួនាទីសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងពេលប្រទេសនានាកំពុងប្រឈមមុខនឹងជំងឺឆ្លងផ្សេងៗ ដោយនិយាយថា ការផ្សព្វផ្សាយអប់រំឲ្យពលរដ្ឋយល់ដឹងអំពីជំងឺឆ្លងនិងបញ្ហាផ្លាស់ប្តូរទម្លាប់អាចជាផលប្រយោជន៍ដល់ពលរដ្ឋជាច្រើនលាននាក់។
ការពិភាក្សាមួយថ្ងៃអំពី«ផលប្រយោជន៍និងតម្លៃនៃប្រព័ន្ធផ្សព្វផ្សាយក្នុងការធ្វើឲ្យមានប្រយោជន៍ដល់សុខភាពពលរដ្ឋក្នុងពិភពលោក» បានរៀបចំដោយវីអូអេ សហការជាមួយនឹងអង្គការផ្តល់ជំនួយស.រ.អា. USAID។ ក្រុមវាគ្មិនមកពីបណ្តាអង្គការ និងសាកលវិទ្យាល័យល្បីល្បាញ និងស្ថាប័នរដ្ឋធំៗក៏បានមកចូលរួមផងដែរ។
ថ្លែងបើកកិច្ចពិភាក្សា លោក ដេវីដ អេនស័រ (David Ensor) នាយកវិទ្យុសំឡេងស.រ.អា. (VOA) បានថ្លែងថា VOA បានធ្វើការទាក់ទងផ្ទាល់ជាមួយពលរដ្ឋចំពោះបញ្ហាសុខភាព និងការផ្សព្វផ្សាយក្នុងទ្វីបចំនួន៥ ក្នុងនោះគឺតំបន់ ដែលមានជំងឺឆ្លង និងបញ្ហាសុខភាពសំខាន់ ដូចជាតំបន់អាហ្វ្រិកដែលមានផ្ទុះជំងឺអ៊ីបូឡាផ្តាច់ផ្តិលជីវិតមនុស្សនិងនៅក្នុងតំបន់អាស៊ីដែលមានបញ្ហាជំងឺឆ្លងចម្រុះ និងបញ្ហាសុខភាពដទៃទៀតផងដែរ។
«ដូច្នេះ ការផ្សាយ VOA មាន VOA ជាភាសាអង់គ្លេស និងការផ្សាយចំនួន៤៧ភាសាផ្សេងទៀតពាសពេញពិភពលោកគឺជាការណ៍ពិតណាស់ វាអាចមានលទ្ធភាពផ្សព្វផ្សាយព័ត៌មាន ដំណឹង ដែលធ្វើឲ្យជីវិតពលរដ្ឋបានប្រសើរ ជួយជីវិតពលរដ្ឋ។ យើងមានមោទនភាពណាស់ចំពោះកិច្ចការនេះ ហើយយើងមានមោទនភាពក្នុងការធ្វើជាដៃគូជាមួយនឹងដៃគូក្នុងរដ្ឋាភិបាលសហព័ន្ធ និងអ្នកផ្តល់ជំនួយផងដែរនៅក្នុងករណីខ្លះ»។
លោកបានអះអាងបន្តថា នៅតំបន់ផ្សេងៗទៀតមានការជួយផ្សព្វផ្សាយអប់រំអំពីបញ្ហាជំងឺអេដស៍ ជំងឺគ្រុនចាញ់ ជំងឺរបេង ជំងឺគ្រុនផ្តាស់ជំងឺសាយបក្សី ការអប់រំទប់ស្កាត់ការស្លាប់របស់មាតានិងទារកតាម រយៈកម្មវិធីអប់រំ និងហ្វឹកហ្វឺនអ្នកកាសែត ការចាក់វ៉ាក់សាំងគ្រុនស្វិតដៃជើង ដោយមានការឧបត្ថម្ភពីទីភ្នាក់ងារជំនួយរបស់ស.រ.អា. USAID ផងដែរ។
«ការដែលយើងបន្តធ្វើជាដៃគូជាមួយទីភ្នាក់ងារ USAID ទីភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់ស.រ.អា. CDC ហើយនឹងក្រសួងការបរទេសស.រ.អា.នេះគឺបានដើរតួយ៉ាងសំខាន់ក្នុងការពង្រីកសមត្ថភាពផ្សព្វផ្សាយរបស់យើង។ ចាប់តាំងពីឆ្នាំ១៩៩៧មក ជាឧទាហរណ៍ ទីភ្នាក់ងារ USAID បានគាំទ្រវីអូអេក្នុងការផ្សព្វផ្សាយដំណឹងអំពីសុខភាពពាសពេញពិភពលោកជូនដល់អ្នកស្តាប់រាប់រយលាននាក់»។
លោកស្រីអេលីហ្សាប៊ែត ហ្វុក (Elizabeth Fox) នាយិកាការិយាល័យសុខាភិបាល ជំងឺឆ្លង និងអាហាររូបត្ថម្ភនៃទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID)បានផ្តល់តម្លៃទៅលើការអប់រំតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដោយអះអាងថា សូម្បីតែការប្រើកម្មវិធី និង របៀបអប់រំ ជាលក្ខណៈធម្មតាក៏អាចជួយជីវិតមនុស្សរាប់លាននាក់បានដែរ។
«ចន្លោះពេលនេះដល់ឆ្នាំ២០២០ ប្រសិនបើគេលាងដៃនឹងសាប៊ូ នោះអាចជួយសង្គ្រោះក្មេងចំនួន១លាននាក់ក្រោម៥ឆ្នាំគឺការលាងដៃនឹងសាប៊ូមុនពេលទទួលទានអាហារ។ ប្រសិនបើគេប្រើការព្យាបាលតាមរបៀបបំពេញជាតិទឹកធម្មតាដល់ក្មេងដែលរាគ នោះវាអាចជួយសង្គ្រោះក្មេងកន្លះលាននាក់អាយុក្រោម៥ឆ្នាំ»។
អ្នកវិភាគខាងសុខភាពខ្លះបានឲ្យដឹងថា មនុស្សជាង៣៥លាននាក់ក្នុងពិភពលោកកំពុងរស់នៅដោយផ្ទុកមេរោគអេដស៍ ហើយមានមនុស្សស្លាប់ជាង១លាននាក់ក្នុង១ឆ្នាំៗ។ ដោយឡែក ជំងឺអ៊ីបូឡាធ្វើឲ្យមនុស្សស្លាប់ជិត៩ពាន់នាក់ក្នុងប្រទេសនៅអាហ្រ្វិកខាងលិច ហើយក៏មានជំងឺរាតត្បាតផ្សេងៗទៀត ដែលជាក្តីបារម្ភខ្លាំងសម្រាប់ពិភពលោក។
លោកស៊ីលវីយ៉ូ វ៉ៃស្បត (Silvio Waisbord) សាស្ត្រាចារ្យសាលាប្រព័ន្ធផ្សព្វផ្សាយ និងការងារសាធារណៈនៃសាកលវិទ្យាល័យ George Washington បានថ្លែងថា គេអាចធ្វើការស្រមៃមើលថា ប្រសិនបើគ្មានព័ត៌មាន តើនឹងមានអ្វីកើតឡើង? នោះគឺថា យើងគ្មានព័ត៌មាន គ្មានការយកចិត្តទុកដាក់អំពីអ្វីជាភាពត្រឹមត្រូវក្នុងពិភពលោក ក្នុងស្រុកនិងជនបទចំពោះការជំរុញឲ្យមានការផ្លាស់ប្តូរ ទម្លាប់សង្គម។
«ដូច្នេះ នេះមិនគ្រាន់តែជាបញ្ហានៃការផ្តល់ព័ត៌មានទេ តែជាការផ្សព្វផ្សាយគម្រូជាក់លាក់ណាមួយជាសារធារណៈ ការផ្លាស់ប្តូរគំនិតអំពីអ្វីមួយឲ្យត្រឹមត្រូវ។ ហើយបណ្តាញព័ត៌មានរបស់យើងមានភស្តុតាងក្នុងរឿងនេះគឺពិតជាគឺបង្ហាញថា យើងកំពុងដើរតួសំខាន់ មិនគ្រាន់តែផ្តល់ព័ត៌មានដល់ពលរដ្ឋទេ តែជាការណ៍ពិតគឺបញ្ជាក់យ៉ាងប្រាកដប្រជាចំពោះការផ្លាស់ប្តូរគម្រូនោះ ដោយការរំឭកដល់ពលរដ្ឋអំពីគម្រូថ្មី ឬនិន្នាការថ្មី ហើយបញ្ជាក់អំពីការកែប្រែទម្លាប់នោះផង»។
លោកជឿថា ពលរដ្ឋពេលនេះគួរចេះប្រើប្រព័ន្ធព័ត៌មានទំនើប ដោយមិនប្រើវិធីបែបបូរាណដើម្បីចែករំលែកព័ត៌មានទៀតនោះទេ។
លោក ស្កត រ៉ាតស្សាន (Scott C Ratzan) អ្នកជំនាញផ្នែកសុខភាពនិងជាអនុប្រធានក្រុមកិច្ចការសហប្រតិបត្តិការពិភពលោក Anheuser-Busch InBev បានទទូចឲ្យមានការរៀបចំបណ្តាញព័ត៌មាន ដែលអាចផ្តល់ព័ត៌មានជាក់លាក់មួយ មុនពេលដែលជំងឺឆ្លង ដូចជាជំងឺអ៊ីបូឡាចាប់ផ្តើមរាតត្បាត គឺបណ្តាញព័ត៌មាន ដែលជាប្រភពច្បាស់លាស់ ព័ត៌មានអាចជឿទុកចិត្តបាន ហើយផ្តល់ព័ត៌មានត្រឹមត្រូវ។
«នោះជាអ្វីដែលយើងបន្តកសាងទៅមុខ។ ខ្ញុំគិតថា ជារឿងអាចធ្វើបាន។ ខ្ញុំគិតថា គេអាចធ្វើបានតាមរយៈការងាររបស់ទីភ្នាក់ងារ USAID VOA និងក្រុមអភិបាល។ តែរឿងនេះត្រូវតែស្ថិតឋេរ វាត្រូវតែមានការជឿជាក់ ហើយវាត្រូវតែជាកន្លែង ដែលពលរដ្ឋអាចប្រើប្រាស់ អាចមានសកម្មភាព និងអាចទទួលបានព័ត៌មានស៊ីជម្រៅ ប្រសិនបើគេចាប់អារម្មណ៍នឹងព័ត៌មាននោះ»។
លោកស្រីម៉ាស្សា វ៉ាន់ឌឺហ្វ័ដ (Marsha L.Vanderford) ជាអនុប្រធាននៃមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងរបស់ស.រ.អា.សម្រាប់សុខភាពពិភពលោកបានថ្លែងថា ការកសាងសមត្ថភាព ការបង្កើតប្រព័ន្ធ និងការហ្វឹកហ្វឺនអ្នកកាសែតដើម្បីគាំទ្រផ្នែកសុខភាពគឺជារឿងត្រូវធ្វើ។ តែគេត្រូវសួរថា តើកិច្ចការនានាដែលត្រូវធ្វើនោះមានប្រយោជន៍អ្វីដល់ពលរដ្ឋអាមេរិកាំង។ តើប្រាក់ជំនួយទៅទីណាហើយ? តើគេប្រើយ៉ាងម៉េច? នោះក៏ជារឿងសំខាន់ ដែលត្រូវឆ្លើយនឹងសំនួររបស់អ្នកតាក់តែងគោលនយោបាយផងដែរ។
«អង្គការកំចាត់ជំងឺឆ្លងស.រ.អា.CDC មានការិយាល័យតាមប្រទេសចំនួន៦០ ហើយមានកម្មវិធីនានាក្នុងការិយាល័យនោះ ដោយរាប់តាំងពីជំងឺគ្រុនផ្តាសាយ ទៅដល់ជំងឺអេដស៍ និងការស្រាវជ្រាវអំពីជំងឺសាកលផងដែរ ហើយមានរយៈពេលវែងខុសៗគ្នាទៅតាមកម្មវិធីមួយៗ។ ខ្ញុំគិតថា វាពិតជាមានចំណោទលើបញ្ហាគោលនយោបាយក្នុងការនិយាយថា តើទីណាយើងធ្វើកិច្ចការ ហើយហេតុអ្វីយើងធ្វើការនៅទីនោះ? វាពិតណាស់ ក្រុមអ្នកនយោបាយចង់ដឹងអំពីផលប្រយោជន៍នានាសម្រាប់ស.រ.អា.ក្នុងការធ្វើកិច្ចការទៅនោះ»។
សម្រាប់ប្រទេសកម្ពុជាវិញ លោកវេជ្ជបណ្ឌិតលី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលកម្ពុជា បានថ្លែងថា ព័ត៌មានពិតជាជួយដល់ការរួមចំណែកយ៉ាងសំខាន់ទប់ស្កាត់ជំងឺឆ្លង ហើយបណ្តាញព័ត៌មានទាំងអស់គឺស្ថិតក្នុងផ្នែកមួយនៃប្រព័ន្ធឃ្លាំមើលរបស់ក្រសួងសុខាភិបាលផងដែរ។
«ព្រលឹមឡើងគាត់ Screen មើលគ្រប់សារព័ត៌មានទាំងអស់ ដើម្បីមើលថា តើមានព័ត៌មានអីទាក់ទងនឹងជំងឺឆ្លងទេ។ បើមាន គេតែងតែធ្វើការពិគ្រោះជាបន្ទាន់ ហើយប្រព័ន្ធហ្នឹងត្រូវទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក»។
លោកបានថ្លែងថា ក្រសួងសុខាភិបាលមានគេហទំព័រស្តីពីជំងឺឆ្លងដែលពលរដ្ឋអាចមើលបានលឿន ហើយអ្នកសារព័ត៌មានទាំងអស់អាចយកបានព័ត៌មានជាផ្លូវការ។
«និយាយរួមទៅ គេចង់បានការអប់រំពីក្រសួងសុខាភិបាលអំពីព័ត៌មាននិមួយៗ អំពីស្ថានភាពជំងឺ ប្រសិនបើមានផ្ទុះ ទាំងក្នុងស្រុកទាំងបរទេសហ្នឹង។ គាត់តែងសួរ ចង់ដឹងពីស្ថានភាពយ៉ាងម៉េច ហើយ វិធានការការពារយ៉ាងម៉េច ហើយប្រសិនបើគាត់ឈឺ គាត់អញ្ចើញទៅទីណា? ហើយទំនាក់ទំនងប្រព័ន្ធអ្វីខ្លះដែលអាចទាក់ទងបាន»។
លោកមឿន ឈានណារិទ្ធិ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន បាននិយាយថា សារព័ត៌មានបានដើរតួយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជាទាក់ទងនឹងការជួយផ្សព្វផ្សាយឲ្យមានការយល់ដឹងអំពីបញ្ហាជំងឺឆ្លងនិងសុខភាព។
«អ្នកសារព័ត៌មាន ទាំងការសែត វិទ្យុ ទូរទស្សន៍ រួមទាំងប្រព័ន្ធវេបសាយ និងបណ្តាញសង្គម បានជួយច្រើនណាស់ក្នុងការផ្សព្វផ្សាយព័ត៌មានដល់សាធារណជនអំពីបញ្ហាផ្សេងៗ ហើយជាពិសេសយើងដឹងថា មានការរីករាលដាលនៃមេរោគអេដស៍នៅខេត្តបាត់ដំបងហ្នឹង ក៏អ្នកកាសែតយើងបានផ្សាយបានច្រើនមែនទែន។ អញ្ចឹងការផ្សាយនេះ យើងសុំអរគុណដល់អ្នកសារព័ត៌មានយើងដែលបានជួយផ្សព្វផ្សាយព័ត៌មានហ្នឹង។ តែទន្ទឹមហ្នឹង យើងមានការព្រួយខ្លាច ការផ្សាយព័ត៌មានហ្នឹងបង្កឲ្យមានការរើសអើងនៅក្នុងសហគមន៍ដែលមានឆ្លងមេរោគអេដស៍ហ្នឹង»។
លោកបាននិយាយយោងទៅលើការដែលមានអ្នកភូមិជាង២០០នាក់ក្នុងភូមិមួយនៅក្នុងខេត្តបាត់ដំបង ដែលមានពលរដ្ឋជាង២ពាន់គ្រួសាររស់ ដែលបានឆ្លងមេរោគអេដស៍ដោយសារគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណម្នាក់ត្រូវគេសង្ស័យថា បានប្រើម្ជុលចាក់ថ្នាំម្តងហើយម្តងទៀតជាមួយ អ្នកជំងឺក្នុងភូមិកាលពីខែថ្មីៗនេះ។ លោកនិយាយថា រឿងនេះ អ្នកសារព័ត៌មានត្រូវតែប្រយ័ត្នប្រយែងអំពីរឿងអាម៉ាស់នេះដែរ៕