ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ប្រហែល​ជា​អាច​បញ្ជូន​ប្រព័ន្ធ​មីស៊ីល​កលយុទ្ធ​យោធា (ATACMS) ឱ្យ​អ៊ុយក្រែន


រូបឯកសារ៖ ទ័ព​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាងត្បូង​​បាញ់​​​ប្រព័ន្ធ​មីស៊ីល​កលយុទ្ធ​យោធា (ATACMS) នៅ​​តំបន់​ភាគ​ខាង​កើត​កូរ៉េខាងត្បុង​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៧។
រូបឯកសារ៖ ទ័ព​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាងត្បូង​​បាញ់​​​ប្រព័ន្ធ​មីស៊ីល​កលយុទ្ធ​យោធា (ATACMS) នៅ​​តំបន់​ភាគ​ខាង​កើត​កូរ៉េខាងត្បុង​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៧។

រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ពិចារណា​ផ្គត់ផ្គង់​ដល់​ប្រទេស​អ៊ុយក្រែន​នូវ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​បំពាក់​ដោយ​គ្រាប់​បែក​ចង្កោម​និង​ដែល​អាច​បណ្ដាល​ឱ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​នៅ​ក្នុង​រង្វង់​ដែនដី​ដែល​កាន់កាប់​ដោយ​រុស្ស៊ី។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​អាមេរិក ៤ រូប។

បន្ទាប់ពី​បាន​ឃើញ​ពី​ជោគជ័យ​នៃ​គ្រាប់បែកចង្កោម​ដែល​បាន​បាញ់​ចេញពី​គ្រាប់​កាំភ្លើង​ធំ​ទំហំ ១៥៥ មីលីម៉ែត្រ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​មក សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​បញ្ជូន​ឱ្យ​អ៊ុយក្រែន​នូវ​គ្រាប់​មីស៊ីល​នៃ​ប្រព័ន្ធ​មីស៊ីល​កលយុទ្ធ​យោធា (ATACMS) ដែល​អាច​ហោះ​បាន​ចម្ងាយ​រហូត​ដល់ ៣០៦ គីឡូម៉ែត្រ និង​គ្រាប់​មីស៊ីល​នៃ​ប្រព័ន្ធ​រ៉ុក្កែត​បាញ់​ច្រើន​គ្រាប់​ដែល​មាន​ការ​បញ្ជា (GMLRS) ដែល​អាច​ហោះ​បាន​ចម្ងាយ ៧២ គីឡូម៉ែត្រ​និង​បំពាក់​ដោយ​គ្រាប់​បែក​ចង្កោម។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ប្រព័ន្ធ​រ៉ុក្កែត​បាញ់​ច្រើន​គ្រាប់​ដែល​មាន​ការ​បញ្ជា (GMLRS) នឹង​អាច​បាញ់​គ្រាប់បែក​ចង្កោម​រហូត​ដល់​ទៅ ៤០៤ គ្រាប់។ អ៊ុយក្រែន​មាន​ប្រភេទ​មួយ​នៃ​ប្រព័ន្ធ​រ៉ុក្កែត GMLRS នេះ​នៅ​ក្នុង​ឃ្លាំង​អាវុធ​របស់​ខ្លួន​អស់​រយៈពេល​រាប់​ខែ​មក​ហើយ។

រដ្ឋបាល​របស់​លោក Biden បាន​ពិចារណា​អស់​រយៈពេល​ជា​ច្រើន​ខែ​អំពី​ការ​ផ្គត់ផ្គង់​ប្រព័ន្ធ​មីស៊ីល​កលយុទ្ធ​យោធា (ATACMS) ដល់​អ៊ុយក្រែន ដោយ​ខ្លាច​ថា​ការ​ផ្គត់ផ្គង់​ដូច​នេះ​ដល់​អ៊ុយក្រែន​អាច​ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ជា​វិធានការ​គឃ្លើន​ជ្រុល​ប្រឆាំង​នឹង​រុស្ស៊ី។

ប៉ុន្តែ ដោយសារ​យុទ្ធនាការ​ប្រយុទ្ធ​តបត​ទៅ​វិញ​របស់​អ៊ុយក្រែន​ប្រឆាំង​នឹង​កងទ័ព​រុស្ស៊ី​បាន​បង្ហាញ​នូវ​សញ្ញា​វិវឌ្ឍន៍ រដ្ឋាភិបាល​អាមេរិក​អន្ទះសា​ចង់​ជួយ​យោធា​អ៊ុយក្រែន​នៅ​ក្នុង​ដំណាក់កាល​សំខាន់​មួយ។ នេះ​បើ​យោង​តាម​ប្រភព​ពីរ​ដែល​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

សម្រាប់​ព័ត៌មាន​ដាច់​ដោយ​ឡែក​មួយ​ទៀត ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​យោធា​អ៊ុយក្រែន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា កងទ័ព​អ៊ុយក្រែន​បាន​ដណ្ដើម​កាន់កាប់​មក​វិញ​នូវ​កន្លែង​ខួង​យក​ឧស្ម័ន​និង​ប្រេង​ឥន្ធនៈ​ជា​ច្រើន​កន្លែង​នៅ​ក្នុង​សមុទ្រ​ជិត​តំបន់ Crimea។

ទីភ្នាក់ងារ​នេះ​បាន​បន្ថែម​តាម Telegram ថា ប្រតិបត្តិការ​នេះ​គឺ​រួម​មាន​ទាំង​កង​កម្លាំង​ពិសេស​ជិះ​នាវា​របស់​អ៊ុយក្រែន​ផង​ដែរ​ដែល​បាន​បំផ្លាញ​យន្តហោះ​ចម្បាំង Su-30 របស់​រុស្ស៊ី​មួយ​គ្រឿង​និង​ដណ្ដើម​យក​គ្រាប់​កាំភ្លើង​និង​ឧបករណ៍​រ៉ាដា​របស់​ឧទ្ធម្ភាគចក្រ។

ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​បាន​បញ្ជាក់​ថា រុស្ស៊ី​បាន​ត្រួតត្រា​លើ​កន្លែង​ខួង​យក​ឧស្ម័ន​និង​ប្រេង​ឥន្ធនៈ​នេះ​តាំងពី​ឆ្នាំ ២០១៥ មក និង​បាន​ប្រើ​កន្លែង​ទាំង​នោះ​សម្រាប់​សកម្មភាពយោធា។

អ៊ុយក្រែន​ក៏​បាន​លើកឡើង​ផង​ដែរ​កាលពី​ថ្ងៃ​ចន្ទ​ថា ទាហាន​របស់​ខ្លួន​បាន​ដណ្ដើម​កាន់កាប់​មក​វិញ​នូវ​ទឹកដី​បន្ថែម​ទៀត​នៅ​សមរភូមិ​ជួរ​មុខ​ភាគ​ខាង​កើត​និង​ភាគ​ខាង​ត្បូង​ក្នុង​ពេល​មួយ​សប្ដាហ៍​កន្លង​មក​នេះ​នៃ​ការ​វាយបករបស់​ខ្លួន​ប្រឆាំង​នឹង​កងទ័ព​រុស្ស៊ី៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG