អតីតរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកដែលនៅរស់រានមានជីវិតទាំងអស់ចំនួន ១០ រូប បានព្រមានកាលពីថ្ងៃអាទិត្យម្សិលមិញ ប្រឆាំងនឹងវិធានការណាមួយដែលធ្វើឲ្យយោធាពាក់ព័ន្ធនៅក្នុងការទាមទារអះអាងអំពីការលួចបន្លំការបោះឆ្នោត។ អតីតរដ្ឋមន្ត្រីការពារជាតិទាំងនោះបានអះអាងថា ការធ្វើដូច្នេះ នឹងធ្វើឲ្យប្រទេសក្លាយទៅជា «ទឹកដីដ៏គ្រោះថ្នាក់ គ្មានច្បាប់ទម្លាប់ និងគ្មានរដ្ឋធម្មនុញ្ញ»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
អតីតរដ្ឋមន្ត្រីការពារជាតិទាំង ១០ រូប ដែលមកពីខាងគណបក្សប្រជាធិបតេយ្យផង និងខាងគណបក្សសាធារណរដ្ឋផង បានរួមគ្នាសរសេរអត្ថបទបញ្ចេញមតិមួយដែលបានបោះពុម្ពផ្សាយនៅក្នុងកាសែត Washington Post។
ពួកគេបានសរសេរដោយមិនបានបញ្ជាក់ឈ្មោះលោកប្រធានាធិបតី Donald Trump នៅក្នុងអត្ថបទនោះថា បន្ទាប់ពីការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកា និងការរាប់សន្លឹកឆ្នោតឡើងវិញជាច្រើនដងនៅក្នុងរដ្ឋមួយចំនួន ក៏ដូចជាការប្ដឹងផ្ដល់មិនជោគជ័យនៅក្នុងតុលាការមក លទ្ធផលនៃការបោះឆ្នោតបានបញ្ជាក់យ៉ាងច្បាស់រួចហើយ។
ពួកគេបានសរសេរបន្តទៀតថា៖ «ពេលវេលាសម្រាប់ចោទសួរលទ្ធផលនៃការបោះឆ្នោតនេះបានកន្លងផុតទៅហើយ។ ពេលវេលាសម្រាប់ការរាប់ជាផ្លូវការនូវសំឡេងឆ្នោតរបស់អង្គបោះឆ្នោត ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ បានមកដល់ហើយ»។
អតីតរដ្ឋមន្ត្រីការពារជាតិទាំងនេះ បានព្រមានប្រឆាំងនឹងការប្រើប្រាស់យោធានៅក្នុងកិច្ចប្រឹងប្រែងណាមួយដើម្បីផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោត។
មន្ត្រីយោធាជាន់ខ្ពស់មួយចំនួន រួមទាំងនាយអគ្គសេនាធិការចម្រុះលោកឧត្តមសេនីយ៍ Mark Milley ផងដែរ បាននិយាយជាសាធារណៈក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះថា យោធាមិនមានតួនាទីនៅក្នុងការកំណត់លទ្ធផលនៃការបោះឆ្នោតសហរដ្ឋអាមេរិកទេ ហើយថា ពួកគេត្រូវតែគោរពតាមរដ្ឋធម្មនុញ្ញ មិនមែនគោរពតាមមេដឹកនាំណាម្នាក់ ឬគណបក្សនយោបាយណាមួយនោះឡើយ៕