ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ជំរុញ​មន្ត្រី​រដ្ឋ Georgia ឲ្យ​ប្រែ​ក្រឡាស់​លទ្ធផល​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​នោះ


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump និយាយ​ទូរស័ព្ទ​នៅ​ក្នុង​ការិយាល័យ​ប្រធានាធិបតី នៅ​សេតវិមាន ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump និយាយ​ទូរស័ព្ទ​នៅ​ក្នុង​ការិយាល័យ​ប្រធានាធិបតី នៅ​សេតវិមាន ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧។

នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​មួយ​កាល​ពី​ថ្ងៃ​សៅរ៍ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ជំរុញ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ Georgia ឲ្យ​ស្វែងរក​សន្លឹក​ឆ្នោត​ឲ្យ​បាន​គ្រប់គ្រាន់​ឲ្យ​លោក ដើម្បី​អាច​ប្រែ​ក្រឡាស់​លទ្ធផល​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​នោះ​បាន ដែល​កន្លង​មក លទ្ធផល​ដែល​បាន​ប្រកាស​ជា​ផ្លូវការ​បាន​បង្ហាញ​ថា លោក Joe Biden ជា​អ្នក​ឈ្នះ។

នៅ​ក្នុង​សារ​សំឡេង​មួយ​ដែល​កាសែត Washington Post បាន​ទទួល​និង​បាន​ផ្សព្វផ្សាយ​កាលពី​រសៀល​ថ្ងៃ​អាទិត្យ លោក​ប្រធានាធិបតី Trump បាន​ប្រាប់​លេខាធិការ​រដ្ឋ Georgia លោក Brad Raffensperger ដែល​ជា​មន្ត្រី​កំពូល​រៀបចំ​ការ​បោះឆ្នោត ថា៖ «អ្វី​ដែល​ខ្ញុំ​ចង់​បាន​គឺ​ស្វែងរក​សំឡេង​ឆ្នោត​ចំនួន ១១.៧៨០ សំឡេង ដែល​លើស​ពី​អ្វី​ដែល​យើង​មាន​ចំនួន​មួយ​សំឡេង ពីព្រោះ​យើង​បាន​ឈ្នះ​ឆ្នោត​នៅ​ក្នុង​រដ្ឋ​នេះ»។

នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​រយៈពេល​មួយ​ម៉ោង​នេះ លោក Trump ជួនកាល​សរសើរ​លោក Raffensperger ហើយ​ជួនកាល​បាន​បញ្ជោរ​លោក​និង​លោក Ryan Germany ដែល​ជា​អគ្គ​មេធាវី​នៃ​ការិយាល័យ​របស់​លោក Raffensperger។

កន្លង​មក លោក Trump បាន​ជំទាស់​ថា ការ​រាប់​សន្លឹក​ឆ្នោត​ដាច់​ដោយ​ឡែក​ពី​គ្នា ៣ លើក​នៅ​ក្នុង​រដ្ឋ Georgia ដែល​បាន​បង្ហាញ​ថា លោក Biden បាន​ឈ្នះ គឺ​មិន​ត្រឹមត្រូវ។

កាល​ពី​ថ្ងៃ​អាទិត្យ លោក Trump បាន​សរសេរ​នៅ​លើ Twitter ថា៖ «ខ្ញុំ​បាន​និយាយ​ទៅ​កាន់​លេខាធិការ​រដ្ឋ Georgia លោក Brad Raffensperger អំពី​ស្រុក Fulton និង​អំពី​ការ​បន្លំ​ការ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ Georgia។ លោក​មិន​មាន​ឆន្ទៈ ឬ​ក៏​អាច​ឆ្លើយ​សំណួរ​មួយ​ចំនួន​ដូចជា​សំណួរ​អំពី​គម្រោង​លួច​សន្លឹក​ឆ្នោត ការ​បំផ្លាញ​សន្លឹក​ឆ្នោត អ្នក​បោះឆ្នោត​ក្រៅ​រដ្ឋ និង​សំណួរ​ផ្សេងៗ​ទៀត​នោះ​ទេ»។

នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក បន្ទាប់ពី​លោក Trump បង្ហោះ​សារ​នេះ លោក Raffensperger បាន​ឆ្លើយតប​ថា៖ «លោក​ប្រធានាធិបតី Trump ជាទី​គោរព! អ្វី​ដែល​លោក​កំពុង​និយាយ​គឺ​មិន​ពិត​ទេ។ ការ​ពិត​នឹង​បង្ហាញ​ឡើង»៕

XS
SM
MD
LG