ប្រទេសជប៉ុននិងអូស្ត្រាលី បានប្រកាសការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីនៅថ្ងៃពុធនេះដោយចូលរួមជាមួយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា ចក្រភពអង់គ្លេសនិងប្រទេសអាល្លឺម៉ង់នៅក្នុងការអនុវត្តវិធានការមួយចំនួនដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់រុស្ស៊ីដែលបានធ្វើទៅលើអ៊ុយក្រែនដែលជាប្រទេសជិតខាងរបស់ខ្លួន។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «អូស្ត្រាលី តែងតែងើបឈរប្រឆាំងនឹងការយាយី ហើយយើងនឹងរួបរួមជាមួយនឹងដៃគូរបស់យើងប្រឆាំងនឹងរុស្ស៊ី។ ខ្ញុំរំពឹងថា នឹងមានការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៀត។ នេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះនៃដំណើរការដាក់ទណ្ឌកម្មនេះ»។
ការដាក់ទណុ្ឌកម្មរបស់អូស្ត្រាលី ដៅលើសមាជិកនៃក្រុមប្រឹក្សាសន្តិសុខរបស់រុស្សី ខណៈដែលជប៉ុន នឹងបង្កកទ្រព្យសម្បត្តិរបស់បុគ្គលជនជាតិរុស្ស៊ីមួយចំនួននិងដាក់បម្រាមដល់ការចេញមូលប័ត្របំណុលរបស់រុស្ស៊ីក្នុងប្រទេសជប៉ុនផងដែរ។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានកាត់ផ្តាច់រដ្ឋាភិបាលរុស្ស៊ីពីស្ថាប័នហិរញ្ញវត្ថុអន្តរ ជាតិកាលពីថ្ងៃអង្គារម្សិលមិញហើយបានដាក់ទណ្ឌកម្មលើធនាគារធំៗចំនួន២របស់រុស្ស៊ី ដោយប្រកាសថា សកម្មភាពរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន «ជាការរំលោភយ៉ាងខ្លាំងទៅលើច្បាប់អន្តរជាតិ»។
នៅក្នុងសុន្ទរកថាខ្លីមួយនៅសេតវិមាន លោក Biden និយាយថា ការបញ្ជារបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីយប់ថ្ងៃចន្ទដើម្បីបញ្ជូនកងទ័ពរុស្ស៊ីឆ្លងកាត់ព្រំដែនអ៊ុយក្រែនចូលទៅក្នុងតំបន់ Luhansk និង Donetsk ជា«ការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន»។ ក្នុងរយៈពេលប៉ុន្មានម៉ោងមុនការបញ្ជូនទ័ពនោះ លោក Putin បានប្រកាសថា តំបន់ទាំងនោះជារដ្ឋឯករាជ្យ ហើយលែងស្ថិតនៅជាផ្នែកមួយរបស់អ៊ុយក្រែនទៀតហើយ។
ការថ្កោលទោសទៅលើសកម្មភាពរបស់រុស្ស៊ីនេះក៏កើតមានឡើងផងដែរពីសម្ព័ន្ធមិត្តរបស់អាមេរិកនិងស្ថាប័នអន្តរជាតិចម្រុះជាច្រើនដែលក្នុងនោះក៏មានអគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres ដែលបាននិយាយថាកាលពីថ្ងៃអង្គារថា៖ «ខ្ញុំសូមបញ្ជាក់យ៉ាងច្បាស់ថា ការសម្រេចចិត្តរបស់សហព័ន្ធរុស្ស៊ីក្នុងការទទួលស្គាល់នូវអ្វីដែលហៅថាជា «ឯករាជ្យភាព» របស់តំបន់ Donetsk និង Luhansk នោះជាការរំលោភទៅលើបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែន»។
លោក Biden ក៏បានបញ្ជាឲ្យមានការចល័តកងទ័ពជើងគោករបស់អាមេរិកនិងការគាំទ្រពីលើអាកាសពីកន្លែងមួយចំនួននៅក្នុងតំបន់អឺរ៉ុបឲ្យខិតកាន់តែជិតទៅកាន់ព្រំដែនរបស់រុស្ស៊ី ស្របពេលដែលតំបន់នេះ កំពុងត្រៀមចំពោះការប្រឈមមុខដាក់គ្នា។ លោក Biden ក៏បាននិយាយផងដែរថា កងទ័ពអាមេរិកបន្ថែមទៀត នឹងត្រូវដាក់ពង្រាយនៅក្នុងតំបន់បាល់កង់ដែលជាការ«បញ្ជូនសារដ៏ខ្លាំងមួយថា សហរដ្ឋអាមេរិក រួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន នឹងការពារទឹកដីរបស់អង្គការអូតង់ជានិច្ច»៕
អ្នកយកព័ត៌មានរបស់វីអូអេប្រចាំនៅក្រសួងការពារជាតិ Carla Babb និងអ្នកយកព័ត៌មានរបស់វីអូអេប្រចាំនៅអង្គការសហប្រជាជាតិ Margaret Besheer រួមចណែកដល់សេចក្តីរាយការណ៍នេះ។ ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះ ដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន AP, AFP និង Reuters។