ការិយាល័យបោះឆ្នោតជិត២ម៉ឺន៣ពាន់ការិយាល័យក្នុងប្រទេសកម្ពុជា បានបើកទ្វារហើយនៅព្រឹកថ្ងៃអាទិត្យនេះ ដើម្បីឲ្យអ្នកបោះឆ្នោតរាប់លាននាក់ បានជ្រើសរើសគណបក្សដែលខ្លួនពេញចិត្តដើម្បីដឹកនាំស្ថាប័ននីតិបញ្ញត្តិ ឬសភា និងស្ថាប័ននីតិប្រតិបត្តិ ឬរដ្ឋាភិបាល។
កាលពីឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈ៦៨ និងគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយដោយតុលាការកំពូល ឈ្នះបានអាសនៈ៥៥ ក្នុងរដ្ឋសភា។ សំឡេងគាំទ្ររបស់គណបក្សសង្គ្រោះជាតិកើនឡើងប្រកិតនឹងគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០១៧។
គណបក្សប្រជាជនកម្ពុជានឹងកាន់កាប់ស្ថាប័នសភានិងរដ្ឋាភិបាល និងស្ថាប័នរដ្ឋផ្សេងៗទៀតផ្តាច់មុខ បើឈ្នះការបោះឆ្នោតដែលរងការរិះគន់ពីប្រទេសជាច្រើន រួមទាំង សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ដែលថាការបោះឆ្នោតនេះគឺជាការបោះឆ្នោតមិនពិតប្រាកដ។
ការបោះឆ្នោតនេះត្រូវគេមើលឃើញថា នឹងផ្តល់ជ័យជម្នះទៅលើគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់កាប់អំណាច៣៣ឆ្នាំនោះ នៅបន្តគ្រប់គ្រងប្រទេសតទៅមុខទៀត នៅពេលគ្មានវត្តមានគណបក្សសង្គ្រោះជាតិ អង្គការសង្គមស៊ីវិល និងបណ្តាញព័ត៌មានមួយចំនួនត្រូវរងការរឹតបន្តឹងសេរីភាព។ គណបក្សនយោបាយចំនួន២០ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅអាណតិ្តទី៦ នេះ តទល់ជាមួយនឹងគណបក្សគ្រប់គ្រងប្រទេស។
ការបោះឆ្នោតនេះត្រូវគេយល់ថាធ្វើឲ្យពលរដ្ឋជាច្រើនមានការបារម្ភ ដោយសារតែអ្នកនយោបាយ មានការអំពាវនាវផ្ទុយគ្នាទាក់ទងនឹងការចេញទៅបោះឆ្នោតឬមិនទៅបោះឆ្នោត ស្របពេលដែលគ្មានវត្តមានអ្នកសង្កេតការណ៍ពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន។
ទោះជាយ៉ាងណា ការបោះឆ្នោតនេះនឹងបិទការិយាល័យនៅម៉ោង ៣រសៀល ថ្ងៃនេះ ក្រោយពីបើកទ្វារការិយាល័យនៅម៉ោង៧ព្រឹក៕