លទ្ធផលផ្លូវការត្រូវគេរំពឹងថានឹងប្រកាសនៅថ្ងៃអង្គារនេះ បន្ទាប់ពីពួកក្រុមអំបូរ Kurd នៅក្នុងប្រទេសអ៊ីរ៉ាក់បានបោះឆ្នោតប្រជាមតិទាមទារឲ្យតំបន់ Kurdistan មានឯករាជ្យផ្ដាច់ចេញពីប្រទេសអ៊ីរ៉ាក់ ដែលការបោះឆ្នោតនោះរងការជំទាស់ពីរដ្ឋាភិបាលអ៊ីរ៉ាក់ និងរដ្ឋាភិបាលប្រទេសក្បែរខាង ក៏ដូចជាសហរដ្ឋអាមេរិកផងដែរ។
នៅមុនការបោះឆ្នោតចូលមកដល់ មនុស្សទូទៅបានសន្និដ្ឋានទុកជាមុនថា លទ្ធផលនៃការធ្វើប្រជាមតិនេះគឺប្រាកដជាគាំទ្រឲ្យតំបន់ Kurdistan មានឯករាជ្យជាមិនខាន។ ការបោះឆ្នោតគាំទ្រដូចនេះនឹងមិនជំរុញឲ្យមានការប្រកាសឯករាជ្យនោះទេ ប៉ុន្តែមន្ត្រីនៃក្រុមអំបូរ Kurd សង្ឃឹមថា ការធ្វើប្រជាមតិនេះនឹងដើរតួជាជំហានដំបូងសម្រាប់ការចរចារឿងឯករាជ្យរបស់តំបន់ Kurdistan។
នៅឯស្ថានីយបោះឆ្នោតនានាក្នុងតំបន់ Kurdistan អ្នកបោះឆ្នោតភាគច្រើនស្លៀកសម្លៀកបំពាក់បុរាណ និងកាន់ទង់ជាតិ Kurd ដោយពួកគេបាននិយាយថា ពួកគេជឿជាក់ថា ការបោះឆ្នោតនេះអាចជាការចាប់ផ្ដើមនៃការទទួលស្គាល់នូវក្ដីសុបិនរបស់ពួកគេក្នុងការចង់បានឯករាជ្យ។
សង្កាត់នីមួយៗបានរាយការណ៍មកថា មនុស្សជាច្រើនបានចេញមកបោះឆ្នោត ហើយការបោះឆ្នោតនេះធ្វើឡើងដោយសន្តិវិធី។ ប៉ុន្តែនៅមុនការបោះឆ្នោតចូលមកដល់ រដ្ឋាភិបាលក្រុងបាដាដបានបញ្ជូនទាហានមកកាន់តំបន់ជម្លោះនេះ ដែលតំបន់នេះទាមទារកាន់កាប់ដោយរដ្ឋាភិបាលអ៊ីរ៉ាក់ និងមេដឹកនាំនៃតំបន់ Kurdistan។
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider al-Abadi បានសន្យាថានឹងចាត់វិធានការចាំបាច់គ្រប់បែបយ៉ាងទាំងអស់ដើម្បីបង្រួបបង្រួមប្រទេសអ៊ីរ៉ាក់ឲ្យនៅរួមតែមួយ។ ចំណែកឯប្រធានាធិបតីនៃតំបន់ Kurdistan លោក Masoud Barzani បានប្រឆាំងម្ដងហើយម្ដងទៀត ដោយនិយាយថា ការបោះឆ្នោតទាមទារឯករាជ្យនេះគឺជាឆន្ទៈរបស់ប្រជាពលរដ្ឋ Kurd និងជាអ្វីដែលលោកមិនអាចគ្រប់គ្រងបាននោះទេ៕