ក្រុមយោធានៃប្រទេសតួកគីបាននិយាយនៅថ្ងៃពុធនេះថាកងកម្លាំងពួកគេបានបំផ្លាញទីដៅ Kurd ស៊ីរីកាលពីយប់មិញជាការសងសឹកដល់ការបាញ់កាំភ្លើងធំប្រឆាំងនឹងកងកម្លាំងគាំទ្រដោយតួកគីក្នុងផ្នែកខាងជើងនៃប្រទេសស៊ីរី។
សេចក្តីថ្លែងការណ៍មួយរបស់កងទ័ពតួកគីបាននិយាយថា ការប៉ះទង្គិចគ្នាបានកើតមានឡើងនៅក្នុងតំបន់ Afrin។
កងឯកភាពការពាររបស់ប្រជារាស្ត្រ Kurd ហៅកាត់ថា YPG ជាផ្នែកសំខាន់មួយនៃកងម្លាំងប្រជាធិបតេយ្យស៊ីរីគាំទ្រដោយស.រ.អា.ហើយជាពិសេសនៅក្នុងការប្រយុទ្ធកំពុងមានធ្វើដើម្បីយកជ័យជម្នះលើពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅក្នុងក្រុង Raqqa ដែលជារដ្ឋធានីមិនស្របច្បាប់របស់ក្រុមនេះ។
ក៏ប៉ុន្តែប្រទេសតួកគីបានប្រឆាំងយ៉ាងខ្លាំងនឹងពួកយុទ្ធជន Kurd ទាំងនេះដោយយល់ឃើញថាពួកជនទាំងនេះមានចំណងទាក់ទងជាមួយគណបក្សពលករ Kurdistan ហៅកាត់ថា PKK ដែលបានបះបោរនៅក្នុងផ្នែកអាគ្នេយ៍នៃប្រទេសតួកគីចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០។
ការគាំទ្ររបស់ស.រ.អា.ដល់ពួក YPG មានរួមបញ្ចូលការប្រគល់អាវុធដែលអាជ្ញាធរតួកគីព្រួយបារម្ភថានឹងធ្លាក់ក្នុងកណ្តាប់ដៃពួកយុទ្ធជន PKK។
រដ្ឋាភិបាលតួកគីបាននិយាយថាលោក Jim Mattis រដ្ឋមន្ត្រីក្រសួងការពារប្រទេសស.រ.អា.បានធានារ៉ាប់រងជាថ្មីថាស.រ.អា.នឹងយកទៅវិញនូវអាវុធទាំងនោះនៅក្រោយការវាយយកបានក្រុង Raqqa មកវិញ តែលោក Mattis បានបញ្ជាក់កាលពីថ្ងៃអង្គារថាការគាំទ្ររបស់ស.រ.អា.ដល់ពួក YPG នឹងមានតទៅទៀត។
លោក Mattis បាននិយាយប្រាប់ពួកអ្នកកាសែតដែលធ្វើដំណើរជាមួយលោកថា «យើងនឹងធ្វើអ្វីដែលយើងអាចធ្វើបាន»។ ក៏ប៉ុន្តែ លោកបានថ្លែងថា អាវុធដែលបានត្រូវផ្តល់ទៅឱ្យពួក YPG នឹងអាស្រ័យលើអ្វីដែលជាបេសកកម្មបន្ទាប់។
លោក Mattis បាននិយាយថា «នៅពេលដែលពួកគេលែងត្រូវការវត្ថុខ្លះ យើងនឹងជំនួសវត្ថុទាំងនោះជាមួយវត្ថុឯទៀតដែលពួកគេត្រូវការ»។
លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា.មានកំណត់នឹងជួបជាមួយសមភាគីតួកគី របស់លោកនៅថ្ងៃព្រហស្បតិ៍នៅក្នុងការប្រជុំនៃអង្គការអូតង់នៅក្នុងក្រុងប្រ៊ុចសែល៕