មួយសប្តាហ៍បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបង្កឲ្យមានការខឹងសម្បានៅក្នុងប្រទេសតួកគី ដោយបានផ្តល់អាវុធដល់ពួក Kurd នៅក្នុងប្រទេសស៊ីរីនោះ លោកបានជួបជាមួយលោកប្រធានាធិបតីតួកគី Recep Tayyip Erdogan កាលពីប៉ុន្មានម៉ោងមុន នៅឯសេតវិមានដោយផ្តោតលើការពិភាក្សាអំពីជម្លោះនោះ ក៏ដូចជាជម្លោះនៅក្នុងប្រទេសស៊ីរី។
សហរដ្ឋអាមេរិកចាត់ទុកកងកម្លាំង Kurd ដែលហៅថា YPG ថាជាផ្នែកដ៏សំខាន់មួយនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងក្រុមរដ្ឋឥស្លាមនិងកិច្ចខិតខំប្រឹងប្រែងដើម្បីបណ្តេញក្រុមសកម្មប្រយុទ្ធចេញពីទីក្រុង Raqqa។ ប៉ុន្តែតួកគីចាត់ទុកពួក YPG ថាជាពួកភេរវករ ដោយសារតែពួកនោះមានជាប់ពាក់ព័ន្ធជាមួយនឹងពួក PKK ដែលបង្កភាពចលាចលអស់បីទសវត្សរ៍មកហើយនៅក្នុងប្រទេសតួកគី។
លោក Erdogan ចាត់ទុកសេចក្តីសម្រេចរបស់អាមេរិកក្នុងការផ្តល់អាវុធទៅឲ្យពួក YPG ថាជាការផ្ទុយទៅនឹងយុទ្ធសាស្ត្រទំនាក់ទំនងរវាងតួកគីនិងអាមេរិក។
ប៉ុន្តែលោកបានថ្លែងកាលពីសប្តាហ៍មុនថា លោកចាត់ទុកដំណើរទស្សនកិច្ចរបស់លោកមកកាន់រដ្ឋធានីវ៉ាស៊ីនតោនថាជា «ការចាប់ផ្តើមជាថ្មីនៃទំនាក់ទំនងរវាងអាមេរិកនិងតួកគី»។
ទាំងតួកគីនិងអាមេរិកគាំទ្រពួកឧទ្ទាមនៅក្នុងប្រទេសស៊ីរី ក្នុងអំឡុងពេលសង្គ្រាមរយៈពេល៦ឆ្នាំប្រឆាំងនឹងកងកម្លាំងនិងសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតី Bashar al-Assad៕