ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​រាប់​សន្លឹក​ឆ្នោត​នៅ​បន្ត​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ដ៏​​​ប្រកៀក​ប្រកិត​គ្នា


បុគ្គលិកការិយាល័យបោះឆ្នោតរៀបចំសន្លឹកឆ្នោតដែលបានបោះមុនថ្ងៃបោះឆ្នោត និងដែលផ្ញើតាមប្រៃសណីយ៍ នៅក្នុងការិយាល័យគ្រប់គ្រងការបោះឆ្នោតប្រចាំអគាររដ្ឋបាលក្រុង Kenosha នៅរដ្ឋ Wisconsin កាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
បុគ្គលិកការិយាល័យបោះឆ្នោតរៀបចំសន្លឹកឆ្នោតដែលបានបោះមុនថ្ងៃបោះឆ្នោត និងដែលផ្ញើតាមប្រៃសណីយ៍ នៅក្នុងការិយាល័យគ្រប់គ្រងការបោះឆ្នោតប្រចាំអគាររដ្ឋបាលក្រុង Kenosha នៅរដ្ឋ Wisconsin កាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។

រហូត​មក​ដល់​ថ្ងៃ​ពុធ​នេះ​ គេនៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ តើ​បេក្ខជន​រូប​ណា នឹងឈ្នះ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដែលបានធ្វើឡើងកាល​ពី​ថ្ងៃ​អង្គារនោះ​ ដោយ​សារ​លទ្ធផល​ចុងក្រោយ ​អាស្រ័យ​លើរដ្ឋ​មួយ​ចំនួន ដែលនៅកំពុង​រាប់សន្លឹក​ឆ្នោតដ៏​ច្រើនដែល​ត្រូវ​បាន​ផ្ញើ​តាម​ប្រៃសណីយ៍ ដោយ​សារតែ​ការ​រាតត្បាត​នៃ​ជំងឺកូវីដ​១៩​។

ទាំងលោក​ប្រធានាធិបតី Donald Trump និង​គូប្រជែង​របស់​លោក​គឺលោក​ Joe Biden នៃ​គណបក្ស​ប្រជាធិបតេយ្យ​ សុទ្ធ​តែ​បាន​ឈ្នះ​ក្នុង​បណ្តា​រដ្ឋ ដែល​គេបាន​រំពឹង​រួច​ទៅ​ហើយ ក្នុង​ការ​ព្យាយាមរបស់​ពួក​គេ​ ដើម្បីប្រមូល​ឲ្យ​បាន​អង្គ​បោះឆ្នោតសរុប​យ៉ាង​តិច​ ២៧០ ​សំឡេង​ ដើម្បី​ដណ្តើម​ជ័យជម្នះបាន​ នៅ​ក្នុងប្រព័ន្ធប្រជាធិបតេយ្យមិន​ផ្ទាល់របស់​សហរដ្ឋ​អាមេរិក។​

ប៉ុន្តែ​ លទ្ធផល​បោះឆ្នោត​ក្នុង​បណ្តា​រដ្ឋជា​ច្រើន​ នៅ​មិន​ទាន់​រាប់​ចប់​នៅ​ឡើយ។ រដ្ឋ​ទាំង​នោះ​មាន ដូច​ជា​រដ្ឋ North Carolina, Georgia និង Pennsylvania នៅ​ភាគ​ខាង​កើត​ប្រទេស​រដ្ឋ Michigan និង​រដ្ឋ​ Wisconsin នៅ​ភាគ​កណ្តាល​ប្រទេស ​និង​រដ្ឋ Arizona នៅ​ភាគ​និរតីប្រទេស ​ដែល​នៅ​ទី​នោះ មន្រ្តី​បោះ​ឆ្នោត​នៅ​បន្តរាប់​សន្លឹក​ឆ្នោត​រាប់​លាន​សន្លឹក ​ដែល​មួយ​ចំនួន​ត្រូវ​បាន​បោះ​ កាល​ពី​ថ្ងៃ​អង្គារ​ និង​មួយ​ចំនួន​ច្រើន​ទៀត ត្រូវ​បានបោះ​មុន​ថ្ងៃ​បោះឆ្នោត​ម្ល៉េះ។

ទោះ​បី​ជានៅ​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់យ៉ាង​នេះ​ក្តី​ លោក​ Trump​ បាន​ប្រកាស​ក្នុង​សេតវិមាន​នៅ​រំលង​អធ្រាត្រព្រឹក​ថ្ងៃ​ពុធ​ថា​ លោក​ជឿជាក់​ថា​ លោក​ជា​អ្នក​ឈ្នះ ហើយ​លោកនិយាយថា​ លោក​នឹង​ប្តឹង​ទៅ​តុលាការ​កំពូល​ ដើម្បី​ឲ្យ​បញ្ឈប់​ការ​រាប់​សន្លឹក​ឆ្នោត។

លោក Trump បញ្ជាក់​ថា៖ «នេះ​ជា​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​មួយ​ដ៏​ខ្លាំង ​ក្នុង​ប្រទេស​របស់​យើង។​ បើ​តាម​ខ្ញុំដឹង ​គឺ​ខ្ញុំជា​អ្នក​ឈ្នះ​រួច​ហើយ»។

ចំណែក​ក្រុម​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​ Biden វិញ​ បាន​ហៅ​ការ​ប្តេជ្ញា​របស់​លោក Trump អំពីការ​បញ្ឈប់​ការ​រាប់​សន្លឹក​ឆ្នោត​នោះ​ថា​ ជា​សកម្មភាព​ «ហួសហេតុ»​ ក្នុង​ការ​ដក​សិទ្ធិ​ប្រជាធិបតេយ្យ​ពី​ពលរដ្ឋ​អាមេរិក​ ដែល​បានបោះ​ឆ្នោត នៅ​មុនថ្ងៃ​បោះ​ឆ្នោត​នោះ។​

នៅ​មុន​នេះ​ដែរ​ លោក Biden បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក ​ក្នុង​ទីក្រុង​ Wilmington រដ្ឋ​ Delaware ដែល​លោក​រស់​នៅ​ ដោយ​អរគុណ​ពួក​គេ​ដែល​បាន​គាំទ្រ​លោក​ ហើយ​លោក​ថា ​លោក​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ៕

XS
SM
MD
LG