ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump និង​លោក Biden ទន្ទឹង​រង់ចាំ​លទ្ធផល​បោះឆ្នោត​សម្រាប់​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក


នាង Samantha Jones, ឆ្វេង និង​លោក Peter Vina ថតរូប​ស៊ែលហ្វី នៅ​ជិត​រូបសំណាក​របស់​លោក Michael Jordan នៅ​ថ្ងៃបោះឆ្នោត កាលពី​ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅឯ​មណ្ឌល​បោះឆ្នោត​មួយ​កន្លែង នៅក្នុង​ទីក្រុង Chicago។
នាង Samantha Jones, ឆ្វេង និង​លោក Peter Vina ថតរូប​ស៊ែលហ្វី នៅ​ជិត​រូបសំណាក​របស់​លោក Michael Jordan នៅ​ថ្ងៃបោះឆ្នោត កាលពី​ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅឯ​មណ្ឌល​បោះឆ្នោត​មួយ​កន្លែង នៅក្នុង​ទីក្រុង Chicago។

នៅ​ថ្ងៃ​ពុធ​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​លោក Joe Biden គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ កំពុង​ទន្ទឹង​រង់ចាំ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដ៏​តឹងតែង​សម្រាប់​តំណែង​ប្រធានាធិបតី ដោយ​លទ្ធផល​បោះឆ្នោត​ជាតិ​ភាគ​ច្រើន​ផ្អែក​លើ​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​បណ្តា​រដ្ឋ​ដែល​មាន​ការ​ប្រទាញ​ប្រទង់​ខ្លាំង។

លោក Biden បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​ដែល​ស្រែក​អបអរ​នៅ​ជិត​ផ្ទះ​របស់​លោក​ក្នុង​ទីក្រុង Wilmington រដ្ឋ Delaware ថា៖ «អ្នក​ទាំង​អស់​គ្នា! សូម​រក្សា​ការ​ជឿជាក់។ យើង​នឹង​ឈ្នះ​ការ​បោះឆ្នោត​នេះ»។

ក៏ប៉ុន្តែ នៅពេល​ដែល​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​កំពុង​បន្ត​នៅ​ក្នុង​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន ដែល​លោក​កំពុង​ស្ថិត​នៅ​ពី​ក្រោយ​លោក​ប្រធានាធិបតី Trump លោក Biden បាន​រំឭក​ថា «យើង​ត្រូវ​រក្សា​ការ​អត់ធ្មត់»។

ចំណែក​លោក Trump វិញ បាន​សរសេរ​សារ​តាម Twitter ពី​សេតវិមាន​ថា៖ «សន្លឹក​ឆ្នោត​របស់​យើង​កំពុង​កើន​យ៉ាង​ខ្លាំង ក៏ប៉ុន្តែ​ ពួកគេ​កំពុង​ព្យាយាម​លួច​បន្លំ​ការ​បោះឆ្នោត​នេះ»។ ក្រុមហ៊ុន Twitter បាន​ដាក់​សញ្ញា​ព្រមាន​នៅ​ពី​មុខ​សារ​នេះ​ថា​ ជា​សារ​ដែល «អាច​ប្រកែក​តវ៉ា​បាន និង​ដែល​អាច​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ»។

ការ​រាប់​សន្លឹក​ឆ្នោត​នៅ​កំពុង​បន្ត​នៅ​តាម​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ពុធ​នេះ ម៉ោង​ក្នុង​សហរដ្ឋអាមេរិក។

គណបក្ស​ប្រជាធិបតេយ្យ កំពុង​ស្ថិត​នៅ​លើ​មាគ៌ា​មួយ​ទៅតាម​ការរំពឹង​ទុក​ដើម្បី​រក្សា​ការ​ត្រួតត្រា​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋ​សភា។ ក៏ប៉ុន្តែ ការ​បន្ត​របស់​គណបក្ស​សាធារណរដ្ឋ​ដើម្បី​ត្រួតត្រា​ព្រឹទ្ធសភា​នៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ ដោយ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​អាសនៈ​ព្រឹទ្ធសភា​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស ​នៅ​មិនទាន់​សម្រេច​នៅ​ឡើយ។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋ Kentucky លោក Mitch McConnell ដែល​ជា​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៅ​ព្រឹទ្ធសភា បានឈ្នះ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​សម្រាប់​អាណត្តិ​ទី ៧ របស់​លោក។

បើ​យោង​តាម​ការ​ស្ទង់​មតិ​ភ្លាមៗ​ក្រោយ​ការ​បោះឆ្នោត​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ Edison Research លោក​ប្រធានាធិបតី Trump ទទួល​បាន​ការ​គាំទ្រ​បន្ថែម​ពី​គ្រប់​ជាតិ​សាសន៍ និង​យេនឌ័រ លើកលែង​តែ​បុរស​ជាតិ​សាសន៍​ស្បែក​ស​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​បោះឆ្នោត​ឆ្នាំ ២០១៦ នៅពេល​ដែល​លោក​បាន​យក​ឈ្នះ​លើ​អ្នកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ FBI បាន​បញ្ជាក់​ថា ខ្លួន​កំពុង​ស៊ើបអង្កេត​លើ​ការ​រាយការណ៍​ដែល​ថា ​មាន​ការ​ហៅ​ទូរស័ព្ទ​ក្លែងក្លាយ​ដែល​បង្អាក់​ទឹកចិត្ត​ពលរដ្ឋ​មិន​ឲ្យ​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​តាម​រដ្ឋ​មួយ​ចំនួន។ ក៏ប៉ុន្តែ​មិន​មាន​សញ្ញា​ប៉ះពាល់​ទ្រង់ទ្រាយ​ធំ​នៅ​កន្លែង​បោះឆ្នោត​ដូច​ដែល​អ្នក​ខ្លះ​បាន​ភ័យខ្លាច​នោះ​ទេ។

រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​សន្តិសុខ​មាតុភូមិ​លោក Chad Wolf បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា «មិន​មាន​សញ្ញា​ណា​មួយ» ដែល​ថា «តួអង្គ​បរទេស» បាន​ធ្វើ​ការ​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​នេះ​បាន​សម្រេច​ជោគជ័យ​នោះ​ទេ។

កាលពី​យប់​ថ្ងៃ​អង្គារ លោក Trump និង​លោក Biden បាន​ឈ្នះ​បណ្តា​រដ្ឋ​ដែល​លោក​ទាំង​ពីរ​ត្រូវ​បាន​គេ​រំពឹង​ទុក​ជា​មុន​ថា​នឹង​ឈ្នះ នៅ​ក្នុង​ការ​ប្រឹងប្រែង​ដើម្បី​ធ្វើ​យ៉ាង​ណា​ឈ្នះ​ឲ្យ​បាន​ប្រតិភូ​ចំនួន ២៧០ ដែល​ជា​ចំនួន​ភាគ​ច្រើន​នៃ​ប្រតិភូ​សរុប​ចំនួន ៥៣៨ នាក់​នៅ​ក្នុង​អង្គ​បោះឆ្នោត ដើម្បី​ឲ្យ​បាន​កាន់​តំណែង​ជា​ប្រធានាធិបតី។

ក៏ប៉ុន្តែ លទ្ធផល​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​ដូចជា​រដ្ឋ North Carolina រដ្ឋ Georgia រដ្ឋ Pennsylvania រដ្ឋ Michigan និង​រដ្ឋ Wisconsin នៅ​មិន​ទាន់​រាប់​ចប់​នៅ​ឡើយ នៅពេល​ដែល​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត នៅ​កំពុង​បន្ត​រាប់​សន្លឹក​ឆ្នោត​រាប់​លាន​សន្លឹក ដែល​សន្លឹក​ឆ្នោត​ខ្លះ​បាន​បោះ​កាលពី​ថ្ងៃ​អង្គារ ហើយ​សន្លឹក​ឆ្នោត​ជាច្រើន​ទៀត ​បាន​បោះ​មុន​ថ្ងៃ​បោះឆ្នោត៕

XS
SM
MD
LG