កំណត់និពន្ធ៖ អ្នកស្រាវជ្រាវនៅអង្គការឃ្លាំមើលបរិស្ថានឈ្មោះ Global Witness និយាយថា វិបត្តិដីធ្លីនៅក្នុងប្រទេសកម្ពុជាជាចំណែកមួយនៃនិន្នាការសកល។ វាជានិន្នាការមួយដែលកើតឡើងដោយវិបត្តិសេដ្ឋកិច្ច និងការខ្វះខាតធនធាន។ នាង Josie Cohen អ្នកធ្វើយុទ្ធនាការនៃអង្គការ Global Witness ដែលបានស្រាវជ្រាវអំពីការរឹបអូសយកដីធ្លីក្នុងតំបន់ទន្លេមេគង្គ បាននិយាយថា ដោយសារតែមានអស្ថិរភាពនៃទីផ្សារ និងការវិនិយោគ វិនិយោគិនចង់បានដីកសិកម្មនៅក្នុងប្រទេសនានា ដូចជាប្រទេសកម្ពុជា ដែលជាកន្លែងមានភាពងាយស្រួលក្នុងការធ្វើកិច្ចព្រមព្រៀង។ ពេលថ្មីៗនេះ នាងផន បុប្ផានៃ VOA ខ្មែរបានទៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស ហើយបានសម្ភាសនាង Josie Cohen ដែលរៀបរាប់អំពីបាតុភាពនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់ និងក្នុងសកលលោក។
VOA៖ សូមអរគុណ នាង Josie ដែលផ្តល់កិច្ចសម្ភាសន៍នេះ។ ជាដំបូងសូមរៀបរាប់អំពីប្រវត្តិការងាររបស់អ្នកបន្តិចសិនបានទេ?
Josie៖ ខ្ញុំធ្វើការសិក្សាស្រាវជ្រាវអំពីការរំលោភយកដីធ្លី ជាពិសេសរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ។ ប៉ុន្តែខ្ញុំធ្វើការនៅ Global Witness បានប្រហែលបីឆ្នាំកន្លះមកហើយ។ នៅទីនេះ ខ្ញុំផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើតំបន់ទន្លេមេគង្គ។ ដូច្នេះខ្ញុំពិនិត្យមើលការរំលោភយកដីធ្លីនៅក្នុងប្រទេសកម្ពុជា ឡាវ និងភូមា។
VOA៖ តើអ្នកអាចប្រាប់យើងពីការផ្លាស់ប្តូរទាក់ទងនឹងការរំលោភយកដីធ្លីនៅរយៈពេលដប់ឆ្នាំចុងក្រោយនៅក្នុងតំបន់អាស៊ីបានទេ?
Josie៖ ចាប់តាំងពីឆ្នាំ២០០៨មក ទូទាំងពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ី មានការចាប់យកដីធ្លីកើនឡើងយ៉ាងខ្លាំងដោយក្រុមហ៊ុនពាណិជ្ជកម្ម ក្រុមហ៊ុនស្វែងរកដីខ្នាតធំ។ ហើយជាញឹកញាប់ក្រុមហ៊ុនយកដីពីសហគមន៍មូលដ្ឋានដោយគ្មានផ្តល់សំណង ដោយមិនប្រឹក្សាជាមួយអ្នកកាន់កាប់ដី ហើយបានប្រែក្លាយដីសហគមន៍មូលដ្ឋានទៅជាតំបន់ចម្ការដំណាំពាណិជ្ជកម្មដើម្បីដាំដំណាំនានា ដូចជាកៅស៊ូ អំពៅ ដំឡូងមី ពោត។ ក្រុមហ៊ុនដាំដំណាំទាំងនេះនៅលើដីទ្រង់ទ្រាយធំ ហើយជាញឹកញាប់ ក្រុមហ៊ុនលក់ផលិតផលទៅឲ្យទីផ្សារពិភពលោក។ យើងបានឃើញការផ្លាស់ប្តូរ ដែលក្នុងនោះ ក្រុមហ៊ុនកាប់ឈើកំពុងចូលទៅកាប់ឈើមានតម្លៃនៅក្នុងព្រៃ តែក្រុមហ៊ុននិយាយថា គេកាប់ព្រៃសម្រាប់ធ្វើកសិកម្ម។ ប៉ុន្តែជាការណ៍ពិត វាគ្រាន់តែជាលេសដើម្បីចូលទៅកាប់ឈើមានតម្លៃ និងនាំចេញទៅលក់នៅក្រៅប្រទេស ដូចជានៅប្រទេសចិន និងវៀតណាម។
VOA៖ តើសកម្មភាពនេះមានប្រយោជន៍សម្រាប់រដ្ឋ ឬប្រទេសជាតិទេ? ឬក៏វាគ្រាន់តែនាំមកនូវគ្រោះមហន្តរាយតែប៉ុណ្ណោះ?
Josie៖ ខ្ញុំចង់និយាយថា រដ្ឋាភិបាលនៃប្រទេសនេះពិតជាបាននិយាយថា វាផ្តល់ផលប្រយោជន៍។ រដ្ឋាភិបាលនិយាយអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ហើយថា ការធ្វើចម្ការដំណាំពាណិជ្ជកម្មទាំងនេះបាននាំមកនូវការងារធ្វើសម្រាប់ប្រជាជនក្នុងតំបន់។ ប៉ុន្តែការណ៍ពិត វាមានការលំបាកណាស់ក្នុងការស្វែងរកឧទាហរណ៍ដែលបង្ហាញថា ចម្ការដំណាំពាណិជ្ជកម្មធំៗទាំងនេះកំពុងផ្តល់ប្រយោជន៍ទៅឲ្យប្រជាជននៅក្នុងតំបន់។ អ្វីដែលយើងបានឃើញនៅក្នុងប្រទេសនានា ដូចជាប្រទេសកម្ពុជា ប្រទេសភូមានិងប្រទេសឡាវ ការណ៍ពិតក្រុមហ៊ុនបានចូលមកប្លន់យកដី និងធនធានធម្មជាតិពីប្រជាជនក្នុងតំបន់ដែលពួកគេត្រូវពឹងផ្អែកដើម្បីជីវភាពរស់នៅរបស់ពួក។ ការងារដែលក្រុមហ៊ុនបានសន្យានោះ ជាញឹកញយ មិនមានទេ។ ពួកគេបានសន្យាអ្វីៗផ្សេងៗទៀត ដូចជាសង់សាលារៀន ជួយឲ្យមានទ្រព្យសម្បត្តិ និងធ្វើផ្លូវថ្នល់ តែជាញឹកញយគេមិនបានធ្វើតាមការសន្យាទាំងនោះទេ។ ពួកគេមានទំនោរមិនបង់ពន្ធទៅឲ្យរដ្ឋទេ។ ដូច្នេះជាការណ៍ពិត យើងរកមិនឃើញករណីដែលថា ចម្ការដំណាំនោះនាំឲ្យមានការអភិវឌ្ឍ ដូចដែលពួកគេបានសន្យានោះទេ។ ហើយអ្វីដែលអង្គការ Global Witness បានមើលឃើញគឺមន្ត្រីពុករលួយកម្រិតថ្នាក់ជាតិ ឬថ្នាក់មូលដ្ឋានបានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនដើម្បីផ្តល់ដីឲ្យក្រុមហ៊ុន។ ហើយតាមការណ៍ពិតទៅគឺមានតែក្រុមមិត្តភក្តិ ឬអ្នកជិតដិតរបស់គេមួយចំនួចតូចប៉ុណ្ណោះដែលបានទទួលផលប្រយោជន៍ពីការចាប់យកដីធ្លីនោះ តែប្រជាពលរដ្ឋទូទៅមិនទទួលបានផលប្រយោជន៍ទេ។
VOA៖ តើប្រជាពលរដ្ឋសាមញ្ញ ឧទាហរណ៍ដូចជាកសិករ អាចមានហានិភ័យអ្វីខ្លះ? ឧទាហរណ៍ក្នុងប្រទេសកម្ពុជាផ្ទាល់ ប្រជាជនភាគច្រើនចិញ្ចឹមជីវិតរបស់ពួកដោយពឹងផ្អែកលើវិស័យកសិកម្ម។
Josie៖ ដូចអ្នកនិយាយអញ្ចឹង។ ខ្ញុំចង់និយាយថា ៧៥ភាគរយនៃចំនួនប្រជាជននៅតំបន់ទន្លេមេគង្គពឹងផ្អែកលើដីសម្រាប់ផលិតផលកសិកម្ម ឬផលិតផលពីព្រៃឈើ។ ឧទាហរណ៍ពួកគេអាចចូលទៅក្នុងព្រៃរកអនុផលព្រៃឈើ ដូចជាជ័រចុង ដើម្បីជួយរកចំណូលបន្ថែមសម្រាប់ជីវភាពរស់នៅរបស់ពួកគេ។ ដូច្នេះយើងមិនពិបាកទេក្នុងការបង្ហាញអំពីផលប៉ះពាល់ពីក្រុមហ៊ុន ដែលស្រាប់តែថ្ងៃមួយ ក្រុមហ៊ុននោះបានចេញមុខមក ហើយដោយគ្មានការជូនដំណឹងអ្វីទាំងអស់ ភ្លាមនោះព្រៃឈើ ដែលសហគមន៍ពឹងផ្អែកលើសម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគេ និងសម្រាប់អ្នកជំនាន់ក្រោយ ត្រូវបានឈូសឆាយ។ ព្រៃឈើរបស់ពួកគេត្រូវបានគេលួច។ ដូច្នេះវាមានផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងសហគមន៍។ ហើយប្រជាពលរដ្ឋត្រូវធ្វើការតស៊ូដើម្បីរស់។ បន្ទាប់មកពួកគេត្រូវក្លាយទៅជាកម្លាំងពលកម្មផ្នែកកសិកម្ម។ ឧទាហរណ៍ថា រយៈពេលជាច្រើនជំនាន់មកហើយ កសិករម្នាក់ធ្លាប់តែសម្រេចចិត្តដាំអ្វីដែលគាត់ចង់ដាំនៅលើដីរបស់គាត់ ហើយគាត់ធ្លាប់ជាម្ចាស់ដី។ តែឥឡូវនេះ តែមួយយប់ប៉ុណ្ណោះ គាត់បានក្លាយជាកម្មករកសិកម្ម។ ជាញឹកញាប់កន្លែងធ្វើការមានលក្ខខណ្ឌមិនល្អ ហើយប្រាក់ឈ្នួលទទួលបានតិចតួច។
ពេលខ្លះការងារមានតាមរដូវកាលតែប៉ុណ្ណោះ គឺពេលខ្លះមានការងារធ្វើ ពេលខ្លះអត់។ ដូចជាមានការងារតែនៅក្នុងរដូវប្រមូលផលជាដើម។ ដូច្នេះវាមានផលប៉ះពាល់ទៅជីវភាពរស់នៅ។
ក្រៅពីនេះ នៅមានបញ្ហាអត្ដសញ្ញាណទៀត។ អ្នកមើលឃើញបញ្ហាដូច្នេះនៅក្នុងបណ្តាប្រទេសទាំងអស់។ ប៉ុន្តែជាពិសេសនៅក្នុងប្រទេសកម្ពុជា សហគមន៍ជនជាតិដើមភាគតិចជាច្រើន ជាពិសេសនៅភាគឦសាននៃប្រទេសកម្ពុជា អត្តសញ្ញាណ សាសនា វិញ្ញាណរបស់ពួកមានការផ្សារភ្ជាប់ខ្លាំងជាមួយដី។ ដូច្នេះផលប៉ះពាល់មានច្រើនជាងផលប្រយោជន៍ខាងសេដ្ឋកិច្ច ហើយខ្ញុំគិតថា នេះជាអ្វីដែលរដ្ឋាភិបាល និងក្រុមហ៊ុនបដិសេធមិនព្រមយល់អំពីបញ្ហានេះ។ ខ្ញុំចង់និយាយថា មនុស្សទាំងនេះកំពុងតែបាត់បង់របៀបរស់នៅតាមដូនតារបស់គេអស់រយៈពេលរាប់រយឆ្នាំមកហើយ។ របៀបរស់នៅរបស់ពួកគេ ភាសារបស់ពួកគេ សម្លៀកបំពាក់របស់ពួកគេ ទាំងអស់នេះត្រូវរងការគំរាមកំហែងដោយសារតែការចាប់យកដីធ្លីទាំងនេះ។
VOA៖ ហេតុអ្វីបានជារដ្ឋាភិបាល និងអ្នកមានអំណាចទាំងនេះបដិសេធ ហើយមិនយល់ដឹងអំពីរឿងនេះ?
Josie៖ ខ្ញុំចង់និយាយថា មានផលប្រយោជន៍ និងមានលុយជាច្រើនពាក់ព័ន្ធនៅក្នុងរឿងនេះ។ ខ្ញុំគិតថា ផលប្រយោជន៍ទាំងអស់នោះត្រូវបានរដ្ឋាភិបាល និងក្រុមសាច់ញាតិ និងអ្នកជិតស្និទ្ធមួយចំនួនតូចផ្តល់អាទិភាព សំខាន់ជាងផលប្រយោជន៍ប្រជាជនទាំងអស់។ យើងកំពុងនិយាយអំពីប្រទេសដែលមានកម្រិតនៃអំពើពុករលួយខ្ពស់បំផុតហើយនឹងអភិបាលកិច្ចទន់ខ្សោយ។ ដូច្នេះនៅក្នុងប្រទេសកម្ពុជាមានច្បាប់ល្អ។ ឧទាហរណ៍ មានច្បាប់ដីធ្លីដែលល្អបំផុតនៅក្នុងឆ្នាំ២០០១ មានអនុក្រឹត្យស្តីពីដីសម្បទានសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០០៥ ហើយច្បាប់ទាំងនេះបាននិយាយថា សហគមន៍ទាំងនេះត្រូវតែទទួលបានសំណង ហើយសម្បទានត្រូវនាំយកមកឲ្យនូវផលប្រយោជន៍អភិវឌ្ឍន៍។ ប៉ុន្តែច្បាប់ទាំងនេះមិនត្រូវបានគេអើពើទាំងស្រុងទេ។ ហើយបន្ទាប់មក អ្នកមានប្រព័ន្ធតុលាការ ឬតុលាការដែលនៅខាងក្រុមមនុស្សដែលមានឥទ្ធិពល។ ដូច្នេះសហគមន៍ ដែលរងផលប៉ះពាល់ និងជនជាតិដើមភាគតិចមិនអាចទទួលបានយុត្តិធម៌ទេ។ ផ្ទុយទៅវិញ តុលាការត្រូវគេប្រើប្រាស់ប្រឆាំងនឹងសហគមន៍។ ដូច្នេះខ្ញុំគិតថា មានលុយច្រើន និងមានកម្លាំងដែលមានឥទ្ធិពលច្រើនពេកពាក់ព័ន្ធនឹងបញ្ហានេះ។
VOA៖ និយាយពីបញ្ហារបស់ប្រទេសកម្ពុជា នៅពេលបច្ចុប្បន្នតើវាមានហានិភ័យដោយសារតែការរឹបអូសដីធ្លីទេ? តើអ្នកឃើញមានការផ្លាស់ប្តូរអ្វីខ្លះចាប់តាំងពីអ្នកបានចាប់ផ្តើមស្រាវជ្រាវបញ្ហាពាក់ព័ន្ធទៅនឹងប្រទេសកម្ពុជា? តើមានការផ្លាស់ប្តូរអ្វីខ្លះ?
Josie៖ ខ្ញុំគិតថា ខ្ញុំចាប់ស្រាវជ្រាវអំពីប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០១១។ ដូច្នេះវាជិតបួនឆ្នាំហើយ។ ការរឹបអូសដីបានក្លាយជាបញ្ហាធំរួចទៅហើយ។ ហើយដីភាគច្រើននៅប្រទេសកម្ពុជាត្រូវបានបែងចែកសម្រាប់សាច់ញាតិ ឬអ្នកជិតស្និទ្ធនិងបក្ខពួកមានអំណាច ហើយបញ្ហានោះបាននាំទៅកាន់ស្ថានភាពដូចអ្វីដែលបានកើតមានឡើងមុនការបោះឆ្នោតឃុំសង្កាត់ក្នុងឆ្នាំ ២០១២ និងការបោះឆ្នោតជាតិនៅឆ្នាំ២០១៣ ដែលធ្វើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនគិតថា គាត់ត្រូវតែចាត់វិធានការអ្វីមួយ ពីព្រោះមនុស្សកាន់តែច្រើនត្រូវបានបណ្តេញចេញពីលំនៅដ្ឋាន ពីដីធ្លីរបស់ពួកគេ។ ពួកគេនិយាយថា មានប្រជាជនកម្ពុជាជាង៧០០.០០០នាក់ដែលបានរងផលប៉ះពាល់ជាអវិជ្ជមានពីការចាប់យកដីធ្លីទាំងនោះ។ ដូច្នេះអ្វីដែលយើងបានឃើញពេលនោះគឺដំណោះស្រាយជាច្រើនពីនាយករដ្ឋមន្រ្តី និងពីរដ្ឋាភិបាល។ ជាដំបូងលោកបានអំពាវនាវឲ្យមានការផ្អាក មិនឲ្យមានការផ្តល់ដីសម្បទានសេដ្ឋកិច្ចជាបណ្តោះអាសន្ន ហើយលោកបាននិយាយថា លោកមិនអនុញ្ញាតឲ្យមានការផ្តល់ដីសម្បទាន តែធាតុពិតចំនួនដីសម្បទានត្រូវបានផ្តល់ចាប់តាំងពីពេលលោកអំនាវនាវឲ្យមានការហាមឃាត់។
បន្ទាប់មកលោកបានបញ្ជូននិស្សិតស្ម័គ្រចិត្តទៅជនបទនិងបានចាប់ផ្តើមគម្រោងការផ្ដល់កម្មសិទ្ធិដីធ្លី ដែលពួកគេបាននិយាយថា នឹងផ្តល់បណ្ណកម្មសិទ្ធិដីធ្លីរហូតដល់មួយលានបណ្ណដល់ប្រជាពលរដ្ឋ។ ប៉ុន្តែជាថ្មីម្តងទៀត ការវាស់ផ្តល់ប្លង់ដីនេះមិនត្រូវបានធ្វើដោយមានតម្លាភាពនោះទេ ហើយអង្គការសង្គមស៊ីវិលក៏មិនត្រូវបានអនុញ្ញាតឲ្យធ្វើការត្រួតពិនិត្យដែរ។ ហើយខ្ញុំដឹងថា អង្គការ និងសហគមន៍ជាច្រើននៅក្នុងប្រទេសកម្ពុជាដឹងថា ស្ថានភាពនេះមិនត្រូវបានដោះស្រាយទេ។ អ្នកបានដឹងហើយថា នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានមើលឃើញថា លោកហ៊ុន សែនបានកាត់បន្ថយរយៈពេលនៃការជួលដីពី៩៩ឆ្នាំមកដល់៥០ឆ្នាំ។ ហើយយើងបានឃើញដីសម្បទានមួយចំនួនត្រូវបានលុបចោលផងដែរ។ ដូច្នេះរដ្ឋាភិបាលកម្ពុជាកំពុងធ្វើឱ្យមានចំណាប់អារម្មណ៍ដើម្បីបង្ហាញថា ពួកគេកំពុងតែព្យាយាមដោះស្រាយស្ថានភាពនេះ។ តាមពិតទៅ ខ្ញុំយល់ថាដំណោះស្រាយទាំងនេះមិនបានទៅដល់ឫសគល់នៃបញ្ហានោះទេ។ ហើយខ្ញុំដឹងថា អង្គការសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា និងសហគមន៍ដែលរងផលប៉ះពាល់ជាច្រើនក៏យល់ឃើញដូចគ្នាដែរ។ ការណ៍ពិតស្ថានភាពកាន់តែអាក្រក់ខ្លាំងឡើង ពេលដែលមនុស្សកាន់តែច្រើនបានរងផលប៉ះពាល់ដោយការរំលោភបំពានយកដីធ្លីទាំងនេះ។
VOA៖ តើអ្នកឃើញមានការផ្លាស់ប្តូរទេ? ដូចជាថា តើរដ្ឋាភិបាលមានភាពធូរលុង ឬកាន់តែតឹងរ៉ឹងសម្រាប់លក្ខខណ្ឌនៃការផ្តល់ដីសម្បទានទៅឱ្យក្រុមហ៊ុនឯកជនដើម្បីធ្វើអ្វីដែលពួកគេចង់ធ្វើ?
Josie៖ ការបែងចែកដីសម្បទានមានតិចជាងមុន ដោយសារដីភាគច្រើនត្រូវបានបែងចែករួចទៅហើយ។ ប៉ុន្តែ ជាឧទាហរណ៍ មានក្រុមហ៊ុនខ្លះមិនបានធ្វើតាមកិច្ចសន្យារបស់ពួកគេទេ តែយើងមិនឃើញរដ្ឋាភិបាលបង្ក្រាបក្រុមហ៊ុនទាំងនោះទេ។ អ្នកដឹងទេ ឧទាហរណ៍ក្រុមហ៊ុន ដែលអង្គការ Global Witness បានធ្វើការលាតត្រដាងនៅក្នុងឆ្នាំ២០១៣ គឺក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋរបស់វៀតណាមឈ្មោះ Vietnamese Rubber Group ដែលបានកាន់កាប់ដី១៦០.០០០ហិកតានៅកម្ពុជា។ សម្បទានដីនេះមានទំហំ១៦ដងធំជាងកម្រិតទំហំដីសម្បទានស្របច្បាប់ ព្រោះថា ក្រុមហ៊ុនមួយអាចកាន់កាប់ដីសម្បទានបាន១០.០០០ហិកតា។ យើងបានលាតត្រដាងរឿងនេះ ហើយវាត្រូវបានសារព័ត៌មាន និងសហគមន៍ដែលរងការប៉ះពាល់សរសេរ។ ប៉ុន្តែក្រុមហ៊ុននេះនៅតែត្រូវបានអនុញ្ញាតឱ្យកាន់កាប់ដីទំហំនោះ ហើយក្រុមហ៊ុននៅតែមានការប៉ះទង្គិចជាមួយសហគមន៍។ ជម្លោះទាំងនោះមិនត្រូវបានដោះស្រាយទេ។ មានករណីមួយចំនួនដែលក្រុមហ៊ុនបាននិយាយថា ពួកគេចង់ដោះស្រាយជម្លោះជាមួយប្រជាពលរដ្ឋ។ តែអាជ្ញាធរមិនអនុញ្ញាតឱ្យក្រុមហ៊ុននិយាយដោយផ្ទាល់ជាមួយសហគមន៍ដែលរងផលប៉ះពាល់ទេ។ ដូច្នេះពិតជាធ្វើឱ្យមានបញ្ហាដល់សហគមន៍។ ដូច្នេះខ្ញុំអាចនិយាយបានថា ស្ថានភាពកាន់តែអាក្រក់ខ្លាំងឡើង។
VOA៖ តើអ្នកមានបានឃើញ ឬបានឮការឆ្លើយតបពីរដ្ឋាភិបាលទាក់ទងនឹងរបាយការណ៍របស់អ្នកទេ?
Josie៖ អង្គការ Global Witness បាននឹងកំពុងធ្វើការក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៥ ដូច្នេះរយៈពេល២០ឆ្នាំមកហើយរហូតដល់ឥឡូវនេះ។ តាមពិតទៅ នៅប៉ុន្មានឆ្នាំដំបូងនៃការធ្វើការងារនៅទីនោះ ការឆ្លើយតបទៅនឹងរបាយការណ៍នេះពេលខ្លះមានលក្ខណៈវិជ្ជមាន។ ឧទាហរណ៍នៅចំណុចមួយយើងត្រូវបានអញ្ជើញឲ្យធ្វើជាអ្នកឃ្លាំមើលព្រៃឈើឯករាជ្យរបស់រដ្ឋាភិបាល ហើយវាជាការងាររបស់អង្គការ Global Witness ដើម្បីត្រួតពិនិត្យមើលព្រៃឈើរបស់ប្រទេសកម្ពុជា ដើម្បីធ្វើឱ្យប្រាកដថា ប្រជាជនមិនកាប់ឈើខុសច្បាប់។ ប៉ុន្តែទំនាក់ទំនងរបស់យើងជាមួយនឹងរដ្ឋាភិបាលត្រូវចប់នៅពេលដែលយើងចេញរបាយការណ៍ហៅថា Family Tree (ចង្កោមគ្រួសារ)។ យើងបានលាតត្រដាងពីរបៀបដែលនាយករដ្ឋមន្រ្តី និងសមាជិកមួយចំនួននៃក្រុមគ្រួសាររបស់គាត់ បានធ្វើចំពោះព្រៃឈើរបស់ប្រទេសកម្ពុជា។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងរបស់យើងជាមួយរដ្ឋាភិបាលមិនល្អនោះទេ។ ហើយការឆ្លើយតបទៅនឹងរបាយការណ៍របស់យើងមិនមានលក្ខណៈវិជ្ជមានទេ។ នោះជាការណ៍ពិតរហូតមកដល់ខែមីនាឆ្នាំនេះ នៅពេលដែលយើងបានចេញរបាយការណ៍ The Cost of Luxury «តម្លៃនៃភាពប្រណិត»។ ជាថ្មីម្តងទៀត របាយការណ៍របស់យើងពិនិត្យមើលទៅលើការកាប់ឈើខុសច្បាប់។ រដ្ឋសភាជាតិបានបង្កើតគណៈកម្មការសភាមួយឡើង។ នេះជាលើកដំបូងដែលមានការឆ្លើយតបសមរម្យ។
VOA៖ តើអ្នកឃើញអនាគតនៃបញ្ហាដីធ្លីក្នុងប្រទេសកម្ពុជាទៅជាយ៉ាងណាក្នុងរយៈពេល១០ឆ្នាំក្រោយ? តើមានដំណោះស្រាយឬទេ?
Josie៖ យើងលំបាកសន្និដ្ឋានណាស់ ព្រោះថា ប្រទេសកម្ពុជានៅក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះមានការប្រែប្រួលខ្លាំងណាស់ ដែលយើងមិនអាចទស្សន៍ទាយបាន ដោយសារមានព្រឹត្តិការណ៍ផ្សេង។ ហើយដីគឺជាបញ្ហាសំខាន់របស់ប្រទេសនេះ។ នៅពេលដែលរដ្ឋាភិបាលចាប់ផ្តើមរៀបចំជាថ្មីម្តងទៀតសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧ ហើយបន្ទាប់មកការបោះឆ្នោតជាតិ យើងពិបាកទស្សន៍ទាយណាស់ថា តើលោកនាយករដ្ឋមន្ត្រីនឹងធ្វើអ្វី។ ប៉ុន្តែបច្ចុប្បន្នមើលទៅដូចជាមិនមានដំណោះស្រាយអ្វីទេ។ អ្វីដែលត្រូវកើតឡើងគឺរដ្ឋាភិបាលត្រូវយកដីពីក្រុមហ៊ុនត្រឡប់មកវិញ ហើយបែងចែកដីទាំងនោះទៅឲ្យសហគមន៍មូលដ្ឋាន និងផ្តល់ឱ្យពួកគេនូវប្លង់ដីរឹង។ ទោះជាបណ្ណកម្មសិទ្ធិឯកជន ឬបណ្ណកម្មសិទ្ធិសហគមន៍ក៏ដោយ។ ដូច្នេះបញ្ហាដីធ្លីនឹងមិនអាចកើតឡើងចំពោះពួកគេទៀតទេ នៅពេលអនាគត។ ខ្ញុំមើលមិនឃើញសញ្ញាដែលថា រដ្ឋាភិបាលកម្ពុជានឹងធ្វើដូច្នេះទេ។ ប៉ុន្តែជាក់ស្តែង វាអាស្រ័យទៅលើកម្លាំងនយោបាយ។
VOA៖ តើប្រទេសកម្ពុជាជាប្រទេសដែលមានបញ្ហាធ្ងន់ធ្ងរបំផុតឬ? តើប្រទេសផ្សេងៗទៀតមានបញ្ហាដូចគ្នានេះដែរទេ? តើប្រទេសណាដែលមានបញ្ហាធ្ងន់ធ្ងរបំផុតទាក់ទងនឹងការរឹបអូសដីធ្លី?
Josie៖ នេះជាបញ្ហាធំ ដែលកើតមានឡើងចាប់តាំងពីឆ្នាំ២០០៨មក។ វាបានកើតមាននៅអាហ្វ្រិក នៅអាមេរិកឡាទីន និងនៅអាស៊ីអាគ្នេយ៍ផងដែរ។
ជាការណ៍ពិតណាស់ នាពេលបច្ចុប្បន្ននេះ ប្រទេសដែលគេនិយាយថា មានការរំលោភដីធ្លីច្រើនជាងគេបំផុតនោះគឺប្រទេសស៊ូដង់ខាងត្បូង នៅទ្វីបអាហ្វ្រិក។ ហើយបណ្តាប្រទេសនៅអាហ្វ្រិកមានទំហំធំសម្បើមណាស់ បើធៀបទៅនឹងប្រទេសកម្ពុជា ហើយទំហំដីដែលត្រូវបានគេរឹបអូសយកទំនងជាមានទំហំធំជាង។ បើនិយាយអំពីតំបន់អាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជា ឡាវ និងភូមាបញ្ហារឹបអូសដីធ្លីមានច្រើន។ ហើយបញ្ហានេះកាន់តែធំទៅទៀតនៅក្នុងប្រទេសចិន និងនៅក្នុងប្រទេសប៉ាពួញូហ្គីណេ។ ខ្ញុំដឹងថា ប្រទេសឥណ្ឌូនេស៊ីក៏មានបញ្ហារឹបអូសដីធ្លីច្រើនសម្បើមណាស់ដែរ។ ដូច្នេះវាបង្ហាញពីរូបភាពដែលកើតមាននៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើនបំផុតនៅពេលបច្ចុប្បន្ននេះ គឺតាំងពីមានវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ២០០៨ និងវិបត្តិស្បៀងពិភពលោក។ វិបត្តិទាំងពីរនេះបានកើតឡើងនៅពេលជាមួយគ្នា។ ហើយពិភពលោកបានចាប់ផ្តើមដឹងថា ប្រហែលមកពីវិបត្តិហិរញ្ញវត្ថុ ដូចជាស្តុក និងភាគហ៊ុន ដែលប្រហែលជាមិនអាចរក្សាទុកបានហ្នឹងហើយ បានជាវិនិយោគិនចាប់ផ្តើមរកទ្រព្យសម្បត្តិដែលពួកគេអាចធ្វើការវិនិយោគបាន។ ហើយដីស្រែចម្ការជាផ្នែកមួយនៃទ្រព្យសម្បត្តិទាំងនោះ។ ដូច្នេះពួកគេបានចេញទៅប្រទេសដែលពួកគេអាចធ្វើកិច្ចព្រមព្រៀងមានលក្ខណៈពុករលួយជាមួយរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យពួកគេកាន់កាប់ដីជាច្រើន។ ហើយប្រសិនបើអ្នកកាន់កាប់ដី ដីនឹងឡើងថ្លៃ ហើយអ្នកអាចលក់វាបានថ្លៃ។ ដូច្នេះវាជាបញ្ហាធំនៅទូទាំងពិភពលោក។
VOA៖ តើអ្នកនឹងមានផែនការធ្វើគម្រោងផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាតទៅទៀត ឬក៏មានផែនការឈប់ក្នុងពេលណាមួយ?
Josie៖ អង្គការ Global Witness មិនមានផែនការបញ្ឈប់ការងារនៅក្នុងប្រទេសកម្ពុជាទេ។ យើងបានចាប់ផ្តើមធ្វើនៅក្នុងប្រទេសកម្ពុជា ហើយយើងមានការប្តេជ្ញាចិត្តដោយសង្ឃឹមថា ប្រជាជនកម្ពុជាអាចទទួលបានផលប្រយោជន៍ពីធនធានធម្មជាតិរបស់ពួកគេ។ បច្ចុប្បន្ននេះពាក់ព័ន្ធទៅនឹងផែនការរបស់យើងនាពេលអនាគត យើងកំពុងតែធ្វើការលើរបាយការណ៍ដែលយើងបានចេញផ្សាយនៅក្នុងរយៈពេលពីរឆ្នាំមុន។ ដូច្នេះយើងកំពុងធ្វើការជាមួយក្រុមហ៊ុនកៅស៊ូវៀតណាម Vietnamese Rubber Group និងក្រុមហ៊ុន Hoang Anh Gia Lai ដើម្បីព្យាយាម និងជួយឲ្យសហគមន៍ដែលរងផលប៉ះពាល់នៅក្នុងប្រទេសកម្ពុជាទទួលបានសំណង៕