ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​មេបញ្ជាការ​អាមេរិក​ថា សហរដ្ឋ​អាមេរិក​មិន​មាន​សុវត្ថិភាព​ជាង​មុន​នោះ​ទេ​បន្ទាប់ពី​ដក​ទ័ព​ពី​អាហ្វហ្គានីស្ថាន


រូបឯកសារ៖ ក្រុម​យុទ្ធជន​តាលីបង់​អបអរសាទរ​ខួប​មួយ​ឆ្នាំ​ក្រោយ​ដណ្ដើម​បាន​ការ​គ្រប់គ្រង​អំណាច​នៅ​អាហ្វហ្គានីស្ថាន​វិញ នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២២។
រូបឯកសារ៖ ក្រុម​យុទ្ធជន​តាលីបង់​អបអរសាទរ​ខួប​មួយ​ឆ្នាំ​ក្រោយ​ដណ្ដើម​បាន​ការ​គ្រប់គ្រង​អំណាច​នៅ​អាហ្វហ្គានីស្ថាន​វិញ នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២២។

សហរដ្ឋ​អាមេរិក​មិន​មាន​សុវត្ថិភាព​ជាង​មុន​នោះ​ទេ បន្ទាប់ពី​ខ្លួន​បាន​ដក​កងទ័ព​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន ហើយ​ការ​តាំងចិត្ត​របស់​លោក​អតីត​ប្រធានាធិបតី Donald Trump និង​ការ​តាំងចិត្ត​របស់​លោក​ប្រធានាធិបតី Joe Biden នៅ​ក្នុង​ការ​ដក​កងទ័ព​ទាំង​អស់​របស់​សហរដ្ឋ​អាមេរិក​ចេញ​ពី​អាហ្វហ្គានីស្ថាន​បាន​បណ្ដាល​ឱ្យ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ដួល​រលំ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មេបញ្ជាការ​កងទ័ព​សហរដ្ឋ​អាមេរិក​ចុងក្រោយ​បង្អស់​ពីរ​រូប​ដែល​មើល​ការ​ខុស​ត្រូវ​លើ​វត្តមាន​របស់​យោធា​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​និង​នៅ​តំបន់​មជ្ឈិម​បូព៌ា។

លោក​នាយ​ឧត្តមសេនីយ៍​ចូល​និវត្តន៍ Frank McKenzie ដែល​ធ្លាប់​ធ្វើ​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ទទួក​បន្ទុក​កិច្ចការ​តំបន់​មជ្ឈិម​បូព៌ា​និង​អាស៊ី​កណ្ដាល (CENTCOM) ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២២ និង​លោក​នាយ​ឧត្តមសេនីយ៍​ចូល​និវត្តន៍ Joseph Votel ដែល​ធ្លាប់​ធ្វើ​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​នេះ​ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០១៩ បាន​បញ្ជាក់​ប្រាប់ VOA កាលពី​ថ្ងៃ​ចន្ទ​អំពី​សង្គ្រាម​ជិត ២០ ឆ្នាំ​របស់​សហរដ្ឋ​អាមេរិក​និង​អង្គការ​អូតង់ (NATO) នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

លោក McKenzie ដែលបានស្នើ​ប្រធានាធិបតី​ស.រ.អ.​ឱ្យ​រក្សា​ទុក​ទាហាន​ស.រ.អ.​តិច​បំផុត​២ពាន់៥រយ​នាក់ក្នុងប្រទេស​អាហ្វហ្គានីស្ថាននោះ បាននិយាយ​ប្រាប់​វីអូអេថា«ខ្ញុំ​មិនជឿ​ថា​យើង​មានសុវត្ថិភាព​ជាង​មុន​ទេដោយសារ​ការ​ដក​ថយ​របស់យើង​ចេញ​ពី​អាហ្វហ្គានីស្ថាន‍»។​

លោក Votel បាន​បន្ថែម​ថា«មានរឿងជា​ច្រើន​ដែល​យើងមិន​ដឹង​អំពី​អង្គការ​ភេរវជនដែល​នៅ​សេសសល់ក្នុងប្រទេស​អាហ្វហ្គានីស្ថាន។ ខ្ញុំមិនជឿថាយើង​មាន​ស្ថិរភាពឬ​មានសុវត្ថិភាព​ជាងមុន​ទេ។ ខ្ញុំ​យល់​ថា​អាហ្វហ្គានីស្ថាន​មានអស្ថិរភាពជាងមុន ហើយ​ជាលទ្ធផលតំបន់​នោះមានអស្ថិរភាព​ជាងមុន‍»។​

រូបឯកសារ៖ លោក Frank McKenzie អគ្គមេបញ្ជាការ​ CENTCOM ពី​ឆ្នាំ២០១៩​ដល់ឆ្នាំ២០២២ ចូលរួម​ក្នុង​កម្មវិធី​មួយ​នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១។
រូបឯកសារ៖ លោក Frank McKenzie អគ្គមេបញ្ជាការ​ CENTCOM ពី​ឆ្នាំ២០១៩​ដល់ឆ្នាំ២០២២ ចូលរួម​ក្នុង​កម្មវិធី​មួយ​នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១។

លោក McKenzie បាននិយាយច្រើន​ដង​ហើយថា​ការស៊ើបការ​សម្ងាត់របស់​ស.រ.អ.ក្នុង​ប្រទេស​អាហ្វហ្គានីស្ថានបានកាត់​បន្ថយ​មកនៅ​តែបន្តិចបន្តួច​ប៉ុណ្ណោះ បើប្រៀបធៀបជាមួយ កាល​មុន​ការ​ដកទ័ព។ លោក Votel បាន​និយាយប្រាប់វីអូអេ​ថាពិតមែនតែការ​វាយ​ប្រហារ​របស់​ស.រ.អ.កាល​ពី​ពេល​ថ្មីៗ​នេះ​ប្រឆាំង​នឹង​មេដឹកនាំ al-Qaida ឈ្មោះ Ayman al-Zawahri បង្ហាញ​ថាស.រ.អ.​បានរក្សា​ទុកសមត្ថភាព​ខាង​ស៊ើបការ​សម្ងាត់​ខ្លះៗមែន ប៉ុន្តែការ​វាយ​ប្រហារក្នុង​ខែ​នេះជា​ការ​វាយប្រហារ​លើក​ទី​មួយបែប​នេះតាំង​ពីស.រ.អ.បានចាកចេញ​ពីអាហ្វហ្គានីស្ថានកាលពី​ឆ្នាំ​ទៅ​មិញ ដូច្នេះ​វាលាត​ត្រដាង​ឱ្យឃើញ​ថាស.រ.អ.នៅ​មានកិច្ចការជាច្រើនថែម​ទៀត ដែលត្រូវធ្វើ។​

​លោកឧត្តមសេនីយទាំងពីរនាក់​នេះថ្លែង​ថា​សេចក្តី​សម្រេចដក​ទ័ពស.រ.អ.ទាំង​អស់​ចេញ​ពី​អាហ្វហ្គានីស្ថាន​បានបណ្តាល​ឱ្យ​ក្រុង​កាប៊ុល​រលំ ហើយជាការ​សម្រេច​ក្នុង​តំណែង​ប្រធានាធិបតី​ពីរ​នាក់។ ប្រធានាធិបតីបម្រើ​ការ​ជា​អគ្គមេបញ្ជាការកំពូល​នៃ​កង​យោធពលនៅពេលលោក​កាន់តំណែង ហើយនាយ​ទាហានជាន់ខ្ពស់​ផ្តល់ជម្រើស​ឱ្យពួក​មេដឹកនាំ​ស៊ីវិល​របស់ពួកគេ​ហើយ​អនុវត្ត​សេចក្តី​សម្រេច​របស់​មេដឹកនាំ​ស៊ីវិល​ទាំង​នោះ។​

លោក Biden​ បានការពារ​សេចក្តី​សម្រេច​របស់លោក​ថា«ត្រូវបាន​ធ្វើឡើង​ដើម្បី​ជួយជីវិត​អាមេរិកាំង‍»។ លោក​បាន​មានប្រសាសន៍នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់នៃ​ការដកទ័ព​កាលពី​ឆ្នាំ​ទៅថាលោក«មិនបន្តសង្គ្រាម​ដែលគ្មានទីបញ្ចប់នេះទេ‍»ហើយ​លោកមិន

ពន្យារ​ពេលនៃការ​ចាកចេញ​ពី​ប្រទេសអាហ្វហ្គានីស្ថានទេ។​

រូបឯកសារ៖ លោក Joseph Votel អគ្គមេបញ្ជាការ​ CENTCOM ពី​ឆ្នាំ២០១៦​ដល់​ឆ្នា២០១៩ ថ្លែង​នៅ​ក្នុង​សវនាការ​មួយ​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០១៩។
រូបឯកសារ៖ លោក Joseph Votel អគ្គមេបញ្ជាការ​ CENTCOM ពី​ឆ្នាំ២០១៦​ដល់​ឆ្នា២០១៩ ថ្លែង​នៅ​ក្នុង​សវនាការ​មួយ​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០១៩។

តែ​លោក Votel បាននិយាយ​ប្រាប់វីអូអេ​ថាលោក​បារម្ភថា សម្តីនយោបាយអំពី«សង្គ្រាមគ្មានទីបញ្ចប់ » នាំឱ្យមើលមិន​ឃើញការ​ធ្វើ​សេចក្តី​សម្រេចដ៏​ឈ្លាស​វៃ​និង​មានភាព​យុទ្ធសាស្ត្រ‍»នៅ​ក្នុង​រដ្ឋធានី Washington។ ​

លោក Votel បាន​ថ្លែង​ប្រាប់​វីអូអេ​ថា«ខ្ញុំ​មិនជឿគំនិត​ដែល​ថា​យើងត្រូវ​តែ​ដកថយទាហានទាំង​អស់ចេញ​ពី​អាហ្វហ្គានីស្ថានទេ‍»ដោយលោក​បានហៅ​វត្តមាន​យោធា​ស.រ.អ.​និង​អូតង់​ក្នុងប្រទេស​អាហ្វហ្គានីស្ថាន​ថា​ជា «ការធានារ៉ាប់រង‍»​ចាំបាច់មួយដើម្បីឱ្យ​ប្រាកដ​ថា​ស.រ.អ.អាច«​គាំទ្រជនជាតិអាហ្វហ្គានីស្ថាន‍»និង«បន្ត​ថែរក្សាផលប្រយោជន៍ជាតិ​របស់​យើងដែល​មាននៅ​ក្នុង​ប្រទេស​នោះ‍»។

លោក McKenzie បានពោលថា«អ្វី​ដែល​យើង​ចង់បាន​គឺ​ដំណោះស្រាយថ្លៃថ្នូរមួយដែល​មិនបានធ្វើឱ្យ​សម្រេច។ យើង​មិនចង់ឱ្យ​មានទ័ព ប៉ុន្តែចង់រក្សា​ទុកអ្នកការទូត​មួយ​ក្រុម​តូច​ក្នុង​អាហ្វហ្កានីស្ថានដែល​ត្រូវ​មានការកាពារ‍»។

ពួក​អ្នក​ការទូតអាមេរិកាំត្រូវ​បានជម្លៀស​ពី​ស្ថានទូតតាមឧទ្ធម្ភាគចក្រ ដែលជាទិដ្ឋភាព​មួយ​មនុស្ស​ជាច្រើន​ប្រៀប​ធៀប​ជា​មួយ​ការ​ជម្លៀស​របស់​ស.រ.អ.ចេញ​ពីក្រុង​ព្រៃនគរ

ប្រទេស​វៀតណាម​កាលពីឆ្នាំ១៩៧៥។ ស.រ.អ.ហាក់​ដូចជា​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​ពួក​តាលីបង់​វាយ​យក​បានក្រុង​កាប៊ុល​ ដែលនាំឱ្យ​ជនជាតិ​អាហ្វហ្គានីស្ថានដែល​អស់​សង្ឃឹម​តោងយន្តហោះអាមេរិកាំង​ជម្លៀស​មនុស្សនៅ​មុន​ស.រ.អ.អាច​ធ្វើឱ្យ​អាកាសយានដ្ឋានក្រុង​កាប៊ុល​មានសន្តិសុខ។

លោក McKenzie បាន​បង្ហាញ​ថាកិច្ចព្រមព្រៀង​ក្រុង Doha ដែល​ត្រូវបាន​ចរចា​រវាង​ស.រ.អ.និង​ពួក​តាលីបង់នៅ​ក្នុង​រយៈពេលរដ្ឋបាលលោក Trump ថាជា​«យន្តការបរាជ័យ‍»​សម្រាប់យុទ្ធនាការ​យោធានិង​ជា«​បទពិសេសោធន៍​ធ្វើ​ឱ្យ​បាក់មុខ‍»​ដល់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ផង​ដែរ។​

លោក Votel បានបន្ថែម​ថា​ ប៉ុន្តែរដ្ឋាភិបាល​អាហ្វហ្គានីស្ថានក៏ត្រូវបន្ទោស​ដែរ​ពី​អសមត្ថភាពរបស់​ខ្លួន​ក្នុង​ការ​បញ្ឈប់​អំពើពុក​រលួយនិង​ការ​រារែក​ក្នុងការបញ្ចប់​សង្គ្រាម​តាម​រយៈ​ដំណោះ​ស្រាយ​នយោបាយ នៅ​ពេលដែលលោក Trump និង​លោក Biden ​បានសម្រចចិត្ត​ដក​ទ័ព​អាមេរិកាំង​ចេញ​ពី​អាហ្វហ្គានីស្ថាន។

លោក Biden បាន​មានប្រសាសន៍​ថា​កិច្ចចរចា​ដែល​រដ្ឋបាលលោក​ Trump បាន​ធ្វើ​ជា​មួយ​ពួក​តាលីបង់ បានធ្វើឱ្យលោក​មានជម្រើស​តែ​ពីរ​ គឺ​ចាកចេញ​ពី​អាហ្វហ្គានីស្ថានឬ​មួយក៏បង្កើនសង្គ្រាម​នេះ​ដោយ«បញ្ជូនទ័ព​រាប់ម៉ឺន​នាក់ថែមទៀត​ឱ្យ​ទៅ​ធ្វើ​សង្គ្រាម‍»៕


ប្រែសម្រួលដោយលោក ឈឹម​ សុមេធ

XS
SM
MD
LG