បេសកកម្មរបស់ក្រុមអ្នកជំនាញអង្គការសុខភាពពិភពលោក (WHO) នៅក្នុងទីក្រុង Wuhan ប្រទេសចិន បានសន្និដ្ឋានថា វីរុសដែលបណ្តាលឲ្យកើតជំងឺកូវីដ១៩ ទំនងជាបានឆ្លងពីសត្វប្រជៀវទៅមនុស្សតាមរយៈសត្វផ្សេងទៀត។
ការសន្មតដូចនេះ ត្រូវបានគេចាត់ទុកថាមានលក្ខណៈ«ទំនងទៅទំនងខ្លាំង» ខណៈដែលការលើកឡើងដែលថា វីរុសនេះមានប្រភពចេញមកពីមន្ទីរពិសោធន៍ត្រូវបានគេមើលឃើញថា មានលក្ខណៈ «មិនទំនងខ្លាំង»។ នេះបើយោងតាមរបាយការណ៍របស់ក្រុមអ្នកជំនាញអង្គការ WHO ដែលស៊ើបអង្កេតរកប្រភពវីរុសនេះ មុនពេលផ្សព្វផ្សាយជាផ្លូវការ។
កន្លងមក របាយការណ៍នេះត្រូវបានពន្យារពេលចេញផ្សាយ តាំងពីក្រុមអ្នកជំនាញអង្គការ WHO បានចាកចេញពីប្រទេសចិនកាលពីជាងមួយខែមុនមក។
ការពន្យារពេលនេះត្រូវបានគេរិះគន់ថា បណ្ដាលមកពីបញ្ហាសម្របសម្រួលនិងបញ្ហាបកប្រែ។
លោក Peter Ben Embarek អ្នកជំនាញអង្គការ WHO ដែលដឹកនាំបេសកកម្មស៊ើបអង្កេតរកប្រភពវីរុសនេះនៅក្នុងទីក្រុង Wuhan បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា របាយការណ៍នេះកំពុងរៀបចំបញ្ចប់ និងកំពុងផ្ទៀងផ្ទាត់និងបកប្រែ។
លោកបញ្ជាក់ដូច្នេះថា៖ «ខ្ញុំរំពឹងថា នៅពេលប៉ុន្មានថ្ងៃខាងមុខ ដំណើរការទាំងមូលនឹងបញ្ចប់ ហើយយើងនឹងអាចផ្សព្វផ្សាយរបាយការណ៍នេះជាសាធារណៈ»៕