ការធ្វើទស្សនកិច្ចនៅក្នុងវិទ្យាស្ថានវិសាណូសាស្ត្រ Wuhan ដែលបានធ្វើការស្រាវជ្រាវអំពីជំងឺកូវីដ១៨ ដ៏គ្រោះថ្នាក់បំផុតក្នុងពិភពលោក គឺជាទីកន្លែងដែលក្រុមអធិការរបស់អង្គការសុខភាពពិភពលោក (WHO) បានយកចិត្តទុកដាក់បំផុតសម្រាប់ការស៊ើបអង្កេតរបស់ពួកគេ អំពីប្រភពនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
បេសកកម្មស្រាវជ្រាវដ៏សំខាន់មួយនេះ ដែលប្រទេសចិនបានពន្យារពេលក្នុងរយៈពេលមួយឆ្នាំមកនេះ មានគោលដៅស្វែងរកថា តើវីរុសនេះឆ្លងពីសត្វទៅមនុស្សដោយរបៀបណា។
ក៏ប៉ុន្តែមានសំណួរចោទសួរថា តើក្រុមអ្នកជំនាញនេះអាចរំពឹងថានឹងរកឃើញអ្វី បន្ទាប់ពីពេលវេលាជាច្រើនខែបានកន្លងផុតទៅ។
កាលពីព្រឹកថ្ងៃពុធដែលមានចុះអ័ព្ទ ក្បួនរថយន្តបានបើកកាត់កន្លែងការពារសន្តិសុខចូលទៅក្នុងវិទ្យាស្ថានវិសាណូសាស្ត្រ Wuhan ដោយរថយន្តទីមួយបានឈប់ ដើម្បីឆ្លើយសំណួរពីអ្នកកាសែត។
លោក Peter Daszak សមាជិកក្រុមអធិការរបស់អង្គការសុខភាពពិភពលោកបាននិយាយថា ក្រុមស្រាវជ្រាវរបស់លោក៖ «រំពឹងថាការស៊ើបអង្កេតនៅ[វិទ្យាសា្ថនវិសាណូសាស្ត្រ] នៅថ្ងៃនេះនឹងបានលទ្ធផលល្អ ហើយនិងចោទសួរសំណួរទាំងអស់ដែលយើងចាំបាច់ត្រូវសួរ»។
ក្រុមអ្នកវិទ្យាសាស្ត្រយល់ថាជំងឺកូវីដ១៩ ដែលជាដំបូងបានផ្ទុះឡើងនៅក្នុងក្រុង Wuhan ហើយបានរាតត្បាតរាលដាលពេញពិភពលោក ដោយបណ្តាលឱ្យមនុស្សជាងពីរលាននាក់ស្លាប់ មានប្រភពដើមចេញពីសត្វប្រជៀវ ហើយអាចឆ្លងទៅមនុស្សតាមរយៈថនិកសត្វមួយប្រភេទទៀត។
ក៏ប៉ន្តែ រហូតមកដល់ពេលនេះ គេនៅមិនទាន់មានចម្លើយច្បាស់លាស់នៅឡើយទេ។
ក្នុងអំឡុងពេលដំបូងនៃការរាតត្បាតជំងឺកូវីដ១៩ មានការប៉ាន់ស្មានថាវីរុសនេះអាចលេចចេញដោយចៃដន្យពីមន្ទីរពិសោធន៍ជីវសាស្ត្រនៅក្នុងទីក្រុង Wuhan បើទោះបីជាគ្មានភ័ស្តុតាងគ្រន់គ្រាន់ដើម្បីគាំទ្រទ្រឹស្តីក្តី៕