ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​បង្កើត​ក្រុម​សិក្សា​ទីតាំង​សាងសង់​អាកាស​យានដ្ឋាន​ភ្នំពេញ​ថ្មី


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ពី​យន្តហោះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ពុធ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៥ ក្រោយ​ពី​ត្រឡប់​ពី​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង។​ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ពី​យន្តហោះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ពុធ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៥ ក្រោយ​ពី​ត្រឡប់​ពី​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង។​ (ហ៊ាន សុជាតា/VOA)

កាលពី​ឆ្នាំ​២០១៨​ រដ្ឋាភិបាល​ខ្មែរ​​បាន​ផ្តល់​ការ​យល់​ព្រម​លើ​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​នៅ​រាជធានី​ភ្នំពេញ​ ដែល​នឹង​ចំណាយ​ទឹក​ប្រាក់​​១៥០០​លាន​ដុល្លារ​អាមេរិក។​ ​លោកនាយក​រដ្ឋមន្ត្​ ហ៊ុន សែន​ រី​បាន​សម្រេច​បង្កើត​គណៈ​កម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ។​

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ​ហ៊ុន សែន​ ​បាន​សម្រេច​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​សិក្សា​គម្រោង​សាងសង់​អាកាសយានដ្ឋាន​ថ្មី​មួយ​ក្នុង​រាជធានី​ភ្នំពេញ បន្ថែម​លើ​អាកាស​យានដ្ឋាន​ដែល​មាន​ស្រាប់​ក្នុង​រាជធានី។ ​នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​មួយ​ដែល​ ​VOA​ ទទួល​បាន។

សេចក្តី​សម្រេច​របស់​លោក​ ​ហ៊ុន សែន​ ​ចុះ​ថ្ងៃ​ទី​១៨​ខែ​កុម្ភៈ​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​គណៈកម្មការ​រៀប​ចំ​ទីតាំង​គម្រោង​សាងសង់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ ​ដែល​មាន​ក្រុម​មន្ត្រី​ចំនួន​២៣​នាក់នឹង​ត្រូវ​ស្ថិត​ក្រោម​ការ​ចាត់ចែង​របស់លោក ​ជា សុផារ៉ា​ ​រដ្ឋមន្ត្រី​ក្រសួងរៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់។​

ប្រការ​២នៃ​សេចក្តី​សម្រេច​បាន​បញ្ជាក់​នូវ​ភារកិច្ច​ជាច្រើន​របស់​គណៈកម្មការ​ថ្មី​នេះ​ ​ដែល​រួម​មាន​ពិនិត្យ​ ​និង​កំណត់​និយាមកា​ទីតាំង​សម្រាប់​គម្រោង​សាង​សង់​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ថ្មី​ ​សិក្សា​ វាយ​តម្លៃ​ថ្លៃ​ដី​នៅ​តំបន់​គម្រោង​សាង​សង់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​សម្រប​សម្រួល​ជា​មួយ​ក្រសួង​ស្ថាប័ន​ ​និង​អង្គភាព​ពាក់ព័ន្ធ​របស់​រាជ​រដ្ឋាភិបាល​ ​និង​ក្រុមហ៊ុន​ដើម្បី​ដំណើរ​ការ​អនុវត្ត​គម្រោង​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​ ​និង​តាមដាន​ ​ហើយ​ត្រូវ​ពិនិត្យ​ការ​អនុវត្ត​គម្រោង​សាង​សង់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ ​និង​ហេដ្ឋារចនា​សម្ព័ន្ធ។​

VOA​ ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ជា សុផារ៉ា​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ ​នគររូបនីយកម្ម​ ​និង​សំណង់​ ​និង​លោក​សេង ឡូត​ ​អ្នក​នាំ​ពាក្យ​ក្រសួង​នេះ​ ​តែ​ទូរស័ព្ទ​លោក​ទាំងពីរ​រោទិ៍​ គ្មាន​អ្នក​ទទួល។​

នៅ​មុន​ការ​សម្រេច​ប្រកាស​បង្កើត​គណៈកម្មការ​សិក្សា​គម្រោង​សាងសង់​អាកាស​យានដ្ឋាន​ថ្មី​នេះ​ដែល​គេ​គ្រោង​ទុក​ថា​ ត្រូវ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​១៥០០​លាន​ដុល្លារ​នោះ​ ​លោក​ ​ហ៊ុន សែន​ បាន​ចេញ​អនុក្រឹត្យ​មួយ​កាត់​ដី​មួយ​ផ្នែក​នៃ​ស្រុក​កណ្តាល​ស្ទឹង​មក​ឲ្យ​ក្រុង​តាខ្មៅ​ ​ដែល​គៀក​នឹង​រាជ​ធានី​ភ្នំពេញ។​

លោក​ ​ជា អូន​ ​អ្នក​នាំ​ពាក្យ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ ​មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ក្រុមហ៊ុន​ក្នុង​ស្រុក​ឈ្មោះ​ Overseas Cambodia Investment Corporation​ ​(OCIC)​ នឹង​ទទួល​ភារកិច្ច​ជា​អ្នក​សាង​សង់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ​ ​ដែល​ធំ​ជាង​ព្រលាន​យន្តហោះ​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន។​

អ្នក​នាំ​ពាក្យ​រូប​នេះ​ ​បាន​បញ្ជាក់​បន្ត​ថា​ ​ទីតាំង​សម្រាប់​សាងសង់​អាកាស​យាន​ដ្ឋាន​ថ្មីនេះ​ទំនង​ជា​ស្ថិត​ក្នុង​ផ្នែក​មួយ​នៃ​ស្រុក​កណ្តាល​ស្ទឹង​ ​ខេត្ត​កណ្ដាល។​ ផ្ទៃដី​ដែល​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​សាង​សង់​ព្រលាន​ថ្មី​នេះ​មាន​ចំនួន​ប្រមាណ​ជាង​២ពាន់​ហិកតា​ ​និង​មាន​ផ្លូវ​រត់​ប្រវែង​ប្រមាណ​៤​ពាន់​ម៉ែត្រ។ អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​សព្វ​ថ្ងៃ​នៅ​ពោធិ៍ចិនតុងមាន​ទំហំ​ផ្ទៃ​ដី​ប្រមាណ​តែ៧រយ​ហិកតា​ប៉ុណ្ណោះ។​

លោក​ ​ជា អូន​ ​បាន​បន្ថែម​ថា​ កំណើន​ទេសចរ​ ​និង​អ្នក​ធ្វើ​ដំណើរ​យ៉ាង​គំហុក​មក​កាន់​ប្រទេស​កម្ពុជា​ជា​ផ្នែក​សំខាន់​មួយ​ដែល​តម្រូវឲ្យ​រដ្ឋាភិបាល​សាងសង់​អាកាសយាន​ដ្ឋាន​ថ្មីនេះ​ ​ដែល​មាន​ផ្លូវ​ហោះហើរ​សងខាង​ពីរ​ ​និង​អាច​ទទួល​យន្តហោះ​ធំៗ​ ​ធ្វើ​ដំណើរ​ក្នុង​រយៈពេល​១២​ទៅ​១៥​ម៉ោង។​ លោក​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖

«យើង​ឃើញ​ទាំងអស់គ្នា​ហើយ​ ​កំណើន​ទេសចរ​អ្នក​ដំណើរ​ឡើង១៦​ទៅ​១៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ដែល​ជា​ទូទៅ​ក្នុង​ពិភពលោក​ ​វា​តែ​៦​ភាគរយ​៥​ទៅ​៦​ភាគរយ​ទេ។​ ​អ៊ីចឹង​អា​កំណើន​ភ្ញៀវ​របស់​យើង​នឹង​កើន​ខ្លាំង។​ មួយ​ទៀត​ ព្រលា​នយើង​រាល់​ថ្ងៃ​នេះ​វា​ ​ឥឡូវ​យើង​ឡើងពី​ឆ្នាំ​ទៅ​មួយ​នោះ​គឺយើង​ឃើញ​៩​លានឡើង​១០​លាន​ហើយ​ហ្នឹង!​ អ៊ីចឹង​បើ​យើង​ចែក​ជា​ពីរ​ទៅ ព្រលាន​យន្តហោះសៀមរាប​ ​និង​ភ្នំពេញ​ ​វា​៥​លាន​៥​លាន​ហើយ។​ អ៊ីចឹង​ ​វា​ជិត​ដល់​អា​កម្រិត​មួយ​ ​ដែល​យើង​ត្រូវ​ត្រៀមរក​កន្លែងថ្មី។ វា​ចំា​បាច់​ត្រូវតែ​ធ្វើ​ហើយ»។

ក្នុង​លិខិត​មួយ​ចុះថ្ងៃ​ទី​២១​ ខែ​ធ្នូ ឆ្នាំ​២០១៧របស់​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ ​ ទំហំ​ទុន​វិនិយោគ​សម្រាប់​អាកាស​យានដ្ឋាន​ថ្មីនេះ​សរុប​មាន​តម្លៃ​១៥០០​លាន​ដុល្លារ​អាមេរិក​ ​ក្រោម​នាម​ករណ៍​ក្រុមហ៊ុន​ Cambodia Airport Investment​ Co.Ltd.​ដែល​ជា​ទុន​វិនិយោគ​រួម​រវាងក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅ​ប្រទេស​កម្ពុជា​ ​OCIC​ ​និង​រដ្ឋលេខាធិការ​ដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល។ លិខិត​ដដែល​បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​ OCIC​ នឹង​ចេញ​កម្ចី​ភាគ​ទុន២៨០​លាន​ដុល្លារ​ ដើមទុន​ចុះ​បញ្ជី​រួម​មាន១២០​លាន​ដុល្លារ​ ​និង​ ​១១០០​លាន​ដុល្លារ​ផ្សេង​ទៀត​ជា​កម្ចី​ពី​ធនាគារ​បរទេស​ដែល​មិន​បញ្ចេញ​ឈ្មោះ។​

តែ​កន្លង​មក​ក្នុង​កំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ចិន​ ​Li Keqiang​ ​មក​កាន់​រាជធានី​ភ្នំពេញ​ ​កាលពី​ដើម​ខែ​មករា​ឆ្នាំ​២០១៨​ ​ក៏មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្ដល់​កម្ចីដល់​គម្រោង​អាកាស​យាន​ដ្ឋាន​ថ្មី​របស់​រាជធានី​ប្រទេស​កម្ពុជា​ដែរ​ ​ដែល​ក្នុង​នោះ​ ​ធនាគារ​អភិវឌ្ឍន៍​របស់​ចិន​ ​CDB​ ​ដែល​ជា​ធនាគារ​រដ្ឋ​ ​ត្រូវ​បាន​ប្រកាស​ឈ្មោះ​ថា ​ជា​អ្នក​ផ្ដល់​កម្ចី​ដល់​គម្រោង​ថ្មី​ខាង​លើ។

CDB​ ​បាន​ប្រកាស​ថា ​ខ្លួនជា​ធនាគារ​ដែល​បម្រើ​ឱ្យ​ការ​ផ្ដល់​ហិរញ្ញប្បទាន​លើ​គម្រោង​វិនិយោគ​នានា​នៃ​គំនិត​ផ្ដួច​ផ្ដើម​ផ្លូវ​ក្រ​វ៉ាត់​ពាណិជ្ជ​កម្ម​ (BRI) របស់​រដ្ឋាភិបាល​ចិន។

បច្ចុប្បន្ន​នេះ​ ​កម្ពុជា​មាន​ព្រលាន​យន្តហោះ​ចំនួន​បី​ ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ។​ ព្រលាន​យន្ត​ហោះ​ទាំង​បី​នោះគឺ​ព្រលាន​យន្ត​ហោះ​នៅ​រាជធានី​ភ្នំពេញ​ ​ខេត្តសៀមរាប​ ​និង​ខេត្ត​ព្រះសីហនុ៕

XS
SM
MD
LG