ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​តាម​សណ្ត​ស្ទឹង​ព្រែក​ត្នោត​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ក្នុង​ពេល​ទឹក​ជំនន់​ឡើង


ទិដ្ឋភាព​ផ្ទះ​របស់​អ្នកស្រី យ៉ុន សារី ដែល​ជន់​លិច​ដោយ​ជំនន់​ទឹក​ស្ទឹង​ព្រែកត្នោត ក្នុង​សង្កាត់​សាក់សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ស្របពេល​ទឹក​ចាប់ផ្តើម​ស្រកចុះ។ រូបនេះ ថត​នៅ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
ទិដ្ឋភាព​ផ្ទះ​របស់​អ្នកស្រី យ៉ុន សារី ដែល​ជន់​លិច​ដោយ​ជំនន់​ទឹក​ស្ទឹង​ព្រែកត្នោត ក្នុង​សង្កាត់​សាក់សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ស្របពេល​ទឹក​ចាប់ផ្តើម​ស្រកចុះ។ រូបនេះ ថត​នៅ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

អ្នកស្រី យ៉ុន សារី បាន​ចាក​ចេញ​ពី​ផ្ទះ​មក​ស្នាក់​អាស្រ័យ​លើ​ផ្លូវ ​ដោយ​សារ​ផ្ទះ​ថ្ម​របស់​អ្នកស្រី​ត្រូវ​បាន​ជន់​លិច​យ៉ាង​ខ្លំាង​។ ស្រ្តី​វ័យ​៤២​ឆ្នាំ ដែល​រស់​នៅ​ក្នុង​ភូមិ​ពោធិ៍​រលំ​ សង្កាត់​សាក់​សំពៅ ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញនេះ ថ្លែង​ថា ​អ្នកស្រី​បាន​មក​បោះតង់​កៅ​ស៊ូ​លើ​ចិញ្ចើម​ផ្លូវ ដើម្បី​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ជា​មួយ​កូន​ និង​ចៅ​ប្រមាណ​១០​នាក់​ ទម្រាំ​ទឹក​ស្រក​ទៅ​វិញ​។

អ្នក​ស្រី​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​៖ ​«ឆ្នាំ​មុន​ [ទឹក​ឡើង]​ដូចតិច​ជាង​បន្តិច​ទេ ​ចង់​ប្រហាក់​ប្រហែល​គ្នា​ហ្នឹង​។​ ឆ្នាំ​ទៅ ​បាន​ធ្វើ​ផ្លូវ​ហ្នឹង ​កុំ​អី​លិច​ បាក់​ផ្លូវ​ដូច​គ្នា​ហ្នឹង​ និយាយ​ទៅ​ទឹក​ហ្នឹង​ប្រហាក់​ប្រហែល​គ្នា​[​ជាមួយ​]​ឆ្នាំ​ទៅ​[​ឆ្នាំ​២០​២២​]​ហ្នឹង​»។

អ្នកស្រី សារី គឺ​ជា​អ្នករង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​អ្នក​រង​គ្រោះ​រាប់​រយនាក់​ផ្សេង​ទៀត ដែល​ផ្ទះ​ត្រូវ​បាន​ជន់​លិច​ចាប់​តាំង​ពី​សប្តាហ៍​មុន នៅ​គ្រា​ដែល​ទឹក​ស្ទឹង​ព្រែក​ត្នោត​បាន​ហក់​ឡើង​ខ្លាំង រហូត​ដល់​ជន់​លិច​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​។

អ្នកស្រី យ៉ុន សារី ស្នាក់នៅ​លើ​ផ្លូវ​ជា​បណ្តោះអាសន្ន​ជាមួយ​ក្រុមគ្រួសារ ដោយសារ​ផ្ទះ​របស់​អ្នកស្រី​ត្រូវបាន​ជន់លិច​ដោយ​ជំនន់​ទឹក​ស្ទឹង​ព្រែកត្នោត ក្នុងសង្កាត់​សាក់សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ រូបនេះ ថត​នៅ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី យ៉ុន សារី ស្នាក់នៅ​លើ​ផ្លូវ​ជា​បណ្តោះអាសន្ន​ជាមួយ​ក្រុមគ្រួសារ ដោយសារ​ផ្ទះ​របស់​អ្នកស្រី​ត្រូវបាន​ជន់លិច​ដោយ​ជំនន់​ទឹក​ស្ទឹង​ព្រែកត្នោត ក្នុងសង្កាត់​សាក់សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ រូបនេះ ថត​នៅ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

មេឃ​កំពុង​ភ្លៀងស្រិច​ៗ លាយ​ឡំ​តំណក់​ទឹក​ភ្លៀង​ដែល​ហូរពី​កន្លែង​ធ្លុះ​ធ្លាយ​នៃ​តង់​កៅ​ស៊ូ​ ​អ្នកស្រី ​សារី​ បាន​រៀប​រាប់​ថា​ អ្នក​ស្រី និង​កូន​ចៅបាន​ស្នាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ ជិត​វត្ត​កំពង់​ក្តុល​នេះ ចាប់តាំង​ពី​ថ្ងៃ​ព្រហ​ស្បតិ៍​សប្តាហ៍​មុន ពោល​គឺ​ពេលទឹក​ឡើង​ខ្លាំង​លិចផ្ទះ​ថ្ម​របស់​អ្នក​ស្រី​ពាក់​កណ្តាលផ្ទះ ​ឬ​ក្នុង​កម្រិត​ប្រមាណ២​ម៉ែត្រ​។

​អ្នក​ស្រី​ថ្លែង​ថា​ កម្ពស់​ទឹក​ស្ទឹង​ព្រែក​ត្នោត​ឆ្នាំ​នេះ ប្រហាក់​ប្រហែល​នឹងឆ្នាំ​មុន ប៉ុន្តែ​ឆ្នាំនេះ ​ទឹក​ស្ទឹង​មិន​បាន​សាយ​ភាយ ​ចូល​ភូមិ​ដូច​ឆ្នាំ​២០​២២​នោះ​ទេ​។

ផ្លូវ​ថ្នល់​គ្រួស​ ​នៅ​ខាង​មុខ​ផ្ទះរ​បស់​អ្នក​ស្រី ​យ៉ុន ​សារី ត្រូវ​បានអាជ្ញាធរ​សង្កាត់ ​សាង​សង់​ខ្ពស់​ជាង​ផ្ទះ​របស់​អ្នក​ស្រី ​កាល​ពី​ឆ្នាំ​២០​២២ ដែល​បណ្តាល​ឱ្យ​ផ្ទះ​អ្នក​ស្រី ​និង​ផ្ទះ​អ្នក​ភូមិ​ផ្សេង​ទៀត ​ដែល​សាង​សង់ផ្ទាល់​ដី ​និង​ជាប់សណ្ត​ស្ទឹង​ព្រែក​ត្នោត​ ត្រូវ​បានជន់​លិច​។

​បើ​តាម​អ្នក​ស្រី យ៉ុន សារី ការ​ស្ថាបនា​ផ្លូវ​ថ្នល់​ខ្ពស់​បែប​នេះ​ក៏​បាន​ទប់​ស្កាត់ទឹក​ជំនន់​ស្ទឹង​ព្រែកត្នោត ​កុំឱ្យ​ជន់​លិចផ្ទះ​អ្នក​ភូមិ​ ដែល​រស់​នៅ​ម្ខាង​ទៀត​នៃ​ថ្នល់ ​ដែល​មិន​ជាប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត​។

អ្នក​ស្រី​រៀប​រាប់​ថា​៖ «​កុំធ្វើផ្លូវ​នេះ ​ដែរ​ហ្នឹង ​ទឹក​ឡើង​មក​ដល់​ថ្នល់​នេះ​ ហើយនេះ។ ​កុំធ្វើ​ផ្លូវ​នេះ​បាន[​រួច​រាល់]ឆ្នាំទៅ​[ឆ្នាំ២០២២​] កុំ​អី​ទឹក​ត្រូវ​បាក់ ​ត្រូវ​លិច​ចូល​ក្នុង​ភូមិទៀត»។

​បើ​តាម​អ្នក​ភូមិ​រូប​នោះ ទឹក​បានស្រក​ទៅ​ជា​បណ្តើរ​ៗ ប៉ុន្តែមាន​សភាព​យឺត ខណៈ​អ្នកស្រី នៅ​ចាំមើលថា​តើ​ទឹក​នឹង​ឡើង​ទៀត ឬ​យ៉ាង​ណា ព្រោះ​អ្នក​ស្រី​ឮ​អាជ្ញាធរ​និយាយ​ថា ​ភ្លៀង​នៅ​ខេត្ត​កំពង់​ស្ពឺ​ច្រើន​ ដែល​បណ្តាល​ឱ្យ​ទឹក​ស្ទឹង​ព្រែក​ត្នោត​ ដែល​ហូរភ្ជាប់​គ្នាពី​ខេត្ត​កំពង់​ស្ពឺឡើង​បែប​នេះ​។

​អ្នក​ស្រី​បញ្ជាក់​ថា​៖ «ទឹក​ឡើង​តាំង​ថ្ងៃ​ព្រហ​ស្បតិ៍ ​ទី​១៨​ [ខែតុលា] [ទឹក​]​ឡើង​រហូត​ អត់​មាន​ស្រក​ទេ ​ទើប​ប៉ុន្មាន​ថ្ងៃ​ហ្នឹង ​ស្រក​បាន​បន្តិច​ហ្នឹង​»​។

​អ្នក​ស្រី​ក៏​ត្អូញ​ត្អែរ​អំពី​ជីវ​ភាព ដែល​ស្នាក់​នៅ​ក្នុង​តង់​ធ្លុះ​ធ្លាយ ​ខណៈចៅ​តូច​ម្នាក់កំពុង​ក្តៅ​ខ្លួន​។ ​អ្នក​ស្រី​ទើប​ទទួល​បាន​អំណោយ​ជា​អង្ករ ​ទឹក​ត្រី ​មី ​ពី​អាជ្ញាធរ​សង្កាត់។

​ចំណែក​ស្ត្រី​ម្នាក់​ទៀត ដែល​រស់​នៅ​ក្នុង​ភូមិ​ពោធិ៍​រលំ​ សង្កាត់​សាក់​សំពៅ ​ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ ​អ្នកស្រី ​សេង ស្រីណែត ​អាយុ​៣៦​ឆ្នាំ តែង​តែ​ព្រួយ​បារម្ភ​ឱ្យ​តែខែ​ទឹក​ឡើង​ម្តង​ៗ។ ស្រ្តី​ដែល​មាន​កូន​ប្រុស​៣​នាក់​រូប​នោះ​រៀប​រាប់​ថា​៖ «ពេល​ទឹក​ឡើង​មក ចិត្ត​ខ្វល់​ខ្វាយ​ច្រើន​ រឿងទឹក​ឡើង​ហ្នឹង ​ខ្លាចទឹក​ឡើង​ខ្លាំង រើ​ ​[គ្រែ មុង​ ភួយ​ជា​ដើម​]​មិន​ទា​ន់​អ៊ីចឹ​ង​ កូន​ផង​ ​អី​ផង»។

អ្នកស្រី សេងស្រីណែត បានស្នាក់នៅក្រោមតង់កៅស៊ូលើផ្លូវជាបណ្តោះអាសន្ន ដោយសារ​ផ្ទះ​របស់​អ្នកស្រី​ត្រូវបាន​ជន់លិចដោយជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ រូបនេះ ថតនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី សេងស្រីណែត បានស្នាក់នៅក្រោមតង់កៅស៊ូលើផ្លូវជាបណ្តោះអាសន្ន ដោយសារ​ផ្ទះ​របស់​អ្នកស្រី​ត្រូវបាន​ជន់លិចដោយជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ រូបនេះ ថតនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី សេង ស្រីណែត ស្នាក់នៅលើផ្លូវជាបណ្តោះអាសន្នដោយសារផ្ទះរបស់អ្នកស្រីត្រូវបាន​ជន់លិចដោយជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កំពុង​ស៊ីឈ្នួលប្រលេះម្ទេសឱ្យគេ។ រូបនេះ ថតនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០៣។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី សេង ស្រីណែត ស្នាក់នៅលើផ្លូវជាបណ្តោះអាសន្នដោយសារផ្ទះរបស់អ្នកស្រីត្រូវបាន​ជន់លិចដោយជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កំពុង​ស៊ីឈ្នួលប្រលេះម្ទេសឱ្យគេ។ រូបនេះ ថតនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០៣។ (លាស់ លីបលីប/វីអូអេ)

កំពុង​អង្គុយ​ប្រលេះផ្លែ​ម្ទេស​ស្រស់ ស៊ី​ឈ្នួល​ប្រលេះ​ឱ្យគេ អ្នក​ស្រី ស្រីណែត រៀប​រាប់ប្រាប់​អ្នក​សារព័​ត៌​មាន​វីអូអេ​នៅ​ក្រោម​តង់​កៅស៊ូ​ ​ដែល​ជា​កន្លែង​ស្នាក់​នៅប​ណ្តោះ​អាសន្ន​ ពេល​ទឹក​ជន់​លិច​នោះថា​ ជារៀងរាល់ឆ្នាំ​ ផ្ទះ​អ្នក​ស្រី​តែ​ង​តែ​លិច ព្រោះ​ជា​ផ្ទះ​ប្រក់ស័ង្ក​សី ​ដែល​សង់​ជាប់​ដី​។

អ្នក​ស្រី​បន្ត​ថា​៖​ «ខ្ញុំ​ពិភាក្សា​ជា​មួយ​ប្តី​ខ្ញុំ​រហូត​ហ្នឹង​ថា​ ធ្វើ​ម៉េច​ឱ្យ​សល់​លុយ ​ចាក់​ជើង​ស​សរ ​ហើយ​ឱ្យ​ផុត​ពី​ទឹក​ហ្នឹង​ទៅ​ ឆ្នាំហ្នឹង​ខ្ញុំ​អត់​សល់​ទេ ព្រោះ​យើង​អត់​ដី​នៅអ៊ីចឹង។ យើង​ចង​ការ​គេ ក៏​គេអ​ត់ឱ្យ​ដែរ​ រក​ធនាគារ ក៏​គេ​មិន​ឱ្យដែរ ​ព្រោះ​យើងអត់​មាន​ប្លង់ដី ប្លង់​អី​ទាំង​អស់​។ ...​តែ​ខ្ញុំ​អត់​មែន​ [ក្រ] ​ប៉ុន​ខ្ញុំ​អត់​ដែល​ជំពាក់​លុយ​គេ​ទេ។ ​បាន​តែ​ហូប​គ្រប់​គ្រាន់​អ៊ីចឹង​។ ​ខ្ញុំ​រំពឹង​ខ្លួន​ឯងឱ្យ​បាន​លើក​ជើង​សសរផុត[​ពី​ ទឹក] ព្រោះ​រាល់​ថ្ងៃ ​ឱ្យ​ទឹក​[ឡើង​]មក ​ខ្ញុំ​លើក​គ្រែ​ទៅ​ ជំងឺ​ខ្ញុំ​រឹត​តែ​ធ្វើ​ទុក្ខ​»។

​ចំណែក​លោក ​ហ៊ន ហ៊ុន ​អាយុ ​៥០ឆ្នាំ ​រស់​នៅ​ភូមិ​ពាម សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ​កំពុង​អង្គុយ​លើ​ផ្ទះ​ឈើ​ ដែល​ទឹក​ក្រោម​ផ្ទះ​នៅ​កម្រិត​ជាង​១​ម៉ែត្រ​ ប្រាប់​អ្នក​សារ​ព័ត៌​មាន​វីអូអេ​ថា​កាល​ពី​សប្តាហ៍មុន ​ផ្ទះ​របស់​លោក​លិច​ខ្លាំង ​ហើយ​កម្ពស់​ទឹក​ជាង​២​ម៉ែត្រ​។ លោក ​និង​ភរិយា​បាន​ទៅ​សុំ​ផ្ទះ​អ្នកជិត​ខាង​ស្នាក់​នៅ​បណ្តោះ​អាសន្ន។ លោក​ត្អូញ​ត្អែរ​អំពី​ការ​លំបាករស់​នៅ​ទី​នោះ ដោយ​សារ​តែ​ទឹក​ជន់​រាល់​ឆ្នាំ។

លោក ហ៊ន ហ៊ុន រស់នៅ​ភូមិពាម សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុង​អង្គុយ​លើ​ផ្ទះ​ឈើ បេះបន្លែ ខណៈ​ភរិយា​របស់​លោក កំពុងដើរ​មើល​សម្ភារ​ក្រោមផ្ទះ ស្របពេល​កម្រិត​ទឹក​ចាប់ផ្តើម​ស្រកចុះ។ រូបនេះ ថតនៅ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក ហ៊ន ហ៊ុន រស់នៅ​ភូមិពាម សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុង​អង្គុយ​លើ​ផ្ទះ​ឈើ បេះបន្លែ ខណៈ​ភរិយា​របស់​លោក កំពុងដើរ​មើល​សម្ភារ​ក្រោមផ្ទះ ស្របពេល​កម្រិត​ទឹក​ចាប់ផ្តើម​ស្រកចុះ។ រូបនេះ ថតនៅ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

មូល​ហេតុ​ដែល​លោក​មិន​ផ្លាស់​ទីលំ​នៅ​ទៅ​កន្លែង​ផ្សេង ដោយ​សារ​លោក​មិន​មាន​ធន​ធាន​សេដ្ឋ​កិច្ច ដើម្បី​ផ្លាស់​ប្តូរ​។ លោកនិង​ភរិយា​ជា​អ្នក​លក់​បន្លែ ដឹក​តាម​រម៉ក​លក់​នៅ​ខាង​មុខ​រោង​ចក្រ។

លោក​ថ្លែង​ថា៖ ​«ពិបាក​រស់​នៅ ​ភ្លើង​ក៏​អត់​មាន​ ភ្លើង​ក៏​គេ​អត់​ឱ្យ​យើង​ប្រើ បិទ​ចោល​ហ្មងនេះ ទៅ​នៅ​ណា បើ​អត់​មាន​កន្លែង​នៅ​។​ ​ថ្ងៃ​ណា ​យើង​អស់​ជីវិត​ យើង​គិត​តាម​ហ្នឹង​ទៀត»។

​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ទៀត ​ក្នុង​សង្កាត់​សាក់​សំពៅ ​ខណ្ឌ​ដង្កោ ​រាជ​ធានី​ភ្នំពេញ​ ក៏​នៅ​តែ​បន្តជន់​លិច​ នា​សប្តាហ៍​នេះ ​ខណៈ​ភ្លៀង​បន្ត​ធ្លាក់​ជា​រៀង​រាល់​ថ្ងៃ។

​ខណៈ​ទឹក​បាន​ស្រក​ទៅ​វិញ​ជា​បណ្តើ​រៗ ប្រជា​ពល​រដ្ឋ​ខ្លះ​ក៏​បាន​ចូល​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​វិញ ​ខណៈ​ពល​រដ្ឋ​ខ្លះ​ក៏​បន្ត​រស់​នៅ​កន្លែង​ទី​ទួល​មាន​សុវត្ថិ​ភាព​។

លោក ​ឃួង ស្រេង ​អភិ​បាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ​រាជ​ធានី​ភ្នំពេញ​ ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​ទឹក​ស្ទឹង​ព្រែក​ត្នោត​បាន​ស្រក​ជាង១​ម៉ែត្រ​។

លោក ​ឃួង ស្រេង ​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់សារ​ព័ត៌​មានថ្មីៗ កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា​ថា ការ​លិច​ឆ្នាំ​នេះ​មិន​ប៉ះ​ពាល់​ខ្លាំង​ដល់​ផ្ទះ​ប្រជា​ពល​រដ្ឋ ​ដូច​ឆ្នាំ​២០​២២​ឡើយ​។

​លោក​ថ្លែង​ថា៖ ​«តាមពិ​ត​ទៅ​ទឹក​នេះ វា​ធំ ​ប៉ុន​វា​លិច ​អត់​បាច​សាច​ ដូចឆ្នាំ​កន្លង​មក​ទេ ដោយ​សារ​យើង​បាន​ធ្វើ​ទំនប់​ទប់​ស្កាត់​មួយ ​នៅ​ខាង​បុរី ​នៅ​ជិត​ភូមិ​ភាគ​ពិសេស​នេះ ​យើ​ង​មាន​ទំនប់​ទប់​។ ឯ​លិច​នេះ​គឺ​លិ​ច​បង​ប្អូន​[រស់នៅ​]​ក្នុង​សណ្ត​ស្ទឹង​តែ​ម្តង​»​។

​អ្នកស្រី ​គឹម ញឹប ​អភិបាល​ខណ្ឌ​ដង្កោ ​ប្រាប់​វីអូអេ​យ៉ាង​ខ្លី​ថា ​ស្ថាន​ភាព​ទឹក​ស្ទឹង​ព្រែក​ត្នោត ​បាន​ស្រក​ចុះ​វិញ​ហើយ ​ដោយ​ឡែក​អ្នក​ស្រី​ប​ដិ​សេធ​មិន​ឆ្លើយ​តប​នឹង​សំណួរ​បន្ថែម​ទៀត​។

អ្នកស្រី​ថ្លែង​នៅ​ថ្ងៃ​អង្គារ​ថា​៖ ​«ខ្ញុំ​ជម្រាប​ជូន​[តែ​]​បន្តិចទេ​បង ​ពាក់​ព័ន្ធ​ជាមួយ​ស្ថាន​ភាព​ គឺ​ទឹក​ស្រក​ ​ហើយ​ល្អ​ប្រសើរ​វិញ​ហើយ​»។

កាល​ពី​សប្តាហ៍​មុន មន្រ្តី​កាក​បាទ​ក្រហម​កម្ពុជា​បាន​ចុះ​ចែក​អំណោយ​ជា​គ្រឿង​បរិ​ភោគ​មួយ​ចំនួន​ដល់​ប្រជា​ពល​រដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ទឹក​ជំនន់​ស្ទឹង​ព្រែក​ត្នោត​ចំនួន​២,​១០០​គ្រួសារ​ ដែល​ស្ថិត​ក្នុង​សង្កាត់​ចំនួន​១០​ ​ក្នុង​ខណ្ឌ​ដង្កោ​។ នេះបើ​តាម​ការ​បង្ហោះ​ព័ត៌​មាន​របស់រដ្ឋ​បាល​ខណ្ឌ​ដង្កោ​ កាល​ពី​ថ្ងៃ​ទី២២ ​ខែ​តុលា​។

​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​ក៏​បាន​ចេញ​សេច​ក្តី​ណែនាំ​មួយ​ឱ្យ​ប្រជា​ពល​រដ្ឋ​ដែល​មាន​លំនៅ​ឋាន​តាម​បណ្តោយ​ដង​ទន្លេ​មេគង្គ ​និង​ដង​ស្ទឹង​ព្រែក​ត្នោត ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ និង​តាម​ដានកម្ពស់​ទឹក ​ដើម្បី​បញ្ចៀសហានិ​ភ័យ​នានា​។

​ត្រឡប់​មក​អ្នក​ស្រី​ យ៉ុន សារី ដែល​ជា​ពល​រដ្ឋ​រង​គ្រោះ​ដោយ​សារទឹក​ជំនន់​ស្ទឹង​ព្រែក​ត្នោត​ អំពាវនាវ​ឱ្យ​អាជ្ញាធរ​ផ្តល់​តង់​កៅ​ស៊ូ​ថ្មី​សម្រាប់​ប្រក់​ការពារ​ទឹក​ភ្លៀង ព្រោះ​អ្នកស្រី​មិន​ដឹងថា ​ទឹក​នឹង​ស្រក​អស់​ទៅ​វិញ​នា​ពេល​ណា​នោះ​ទេ​។ ​

​អ្នក​ស្រី​ថ្លែង​ថា​៖ ​«​ទឹក​ឡើង​ខ្លាំង​បំផុត​ដល់​ផ្លូវ​ហើយ ​ដល់​ស្រក់​ម្សិល​មិញ ​ម្សិល​ម្ងៃ​ហ្នឹង បាន​បន្តិច​ហ្នឹង​។ បើ​វា​ស្រក​ខ្លាំង​ហ្មង ​វា​លឿន​ទេ​ តែ​អានេះ​ស្រក​តិច​ៗ ​ឮ​សូរថា​នៅ​មាន​ទឹក​ទៀត​អ៊ីចឹង​។ ​នៅ​មាន​ទឹក​ថែម​ទៀត ​អ៊ីចឹង​ទៅ​ ឥឡូវ​បង​នៅ​តែ​លើ​ថ្នល់ ​ភ្លៀង​មក​រហូត​ដែរ​ហ្នឹង​»​៕

XS
SM
MD
LG