ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​វៀតណាម២​នាក់​ ជាប់ពន្ធនាគារ​ ដោយបង្ហោះ​ព័ត៌មាន​ស្តី​ពី​ជម្លោះ​ដី​ធ្លី​ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់


សកម្មជន អ្នកស្រី Nguyen Thi Tam ត្រូវបានកាត់ទោសនៅតុលាការក្នុងទីក្រុងហាណូយ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ (រូបថតដកស្រង់ពី Vietnam News Agency)
សកម្មជន អ្នកស្រី Nguyen Thi Tam ត្រូវបានកាត់ទោសនៅតុលាការក្នុងទីក្រុងហាណូយ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ (រូបថតដកស្រង់ពី Vietnam News Agency)

តុលាការ​មួយ​នៅ​ក្នុងទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជាឲ្យ​ដាក់​ពន្ធនា គារសកម្មជន​២​នាក់​ដែល​បានចុះផ្សាយ​នៅ​លើ​ហ្វេសប៊ុក​អំពី​ការប៉ះ​ទង្គិច​គ្នា​អំពី​ជម្លោះ​ដីធ្លី​មួយ​កន្លែង​ដែល​បណ្តាល​ឲ្យមនុស្ស​៤​នាក់ស្លាប់​ដែលហេតុការណ៍នេះ​កើត​មាន​ឡើង​នៅ​ជាយ​ទីក្រុង​ហាណូយ​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រដ្ឋាភិបាល​វៀតណាម​មិន​ដែល​អត់អោន​ឲ្យ​ដល់​អ្នកទាំងឡាយ​ណាដែល​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​រិះគន់​របប​របស់​ខ្លួន​ទេ។

លោកស្រី Trinh Ba Phuong ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១០​ឆ្នាំ​ហើយ​លោកស្រី​Nguyen Thi Tam ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៦​ឆ្នាំ​ពី​បទ​រក្សាទុក ចែកចាយ​ឬធ្វើ​ការ ឃោសនា​ព័ត៌មាននិង​ឯកសារមិន​ពិត​ដែល​មាន​គោលបំណង​ប្រឆាំងសារធារណរដ្ឋ​សង្គមនិយម​វៀតណាម។

មន្ត្រី​ប៉ូលិស​៣នាក់​និង​ពលរដ្ឋម្នាក់​ត្រូវ​បាន​សម្លាប់​នៅក្នុង​ការ​ប៉ះទង្គិច​គ្នា​ក្នុង​ជម្លោះ​ដី​ធ្លី​មួយ​កន្លែងនៅ​ក្នុង​ឃុំ Dong Tam កាល​ពី​ខែ​មករា​ឆ្នាំ​២០២០​នៅ​ពេល​ដែល​មន្ត្រី​អាជ្ញាធរ​បាន​ព្យាយាម​ដើម្បី​ធ្វើ​របងនៅ​លើ​ដី​នោះ ក៏ប៉ុន្តែ​ត្រូវ​បានអ្នកភូមិដែល​ប្រដាប់​ដោយ​គ្រាប់បែក គ្រាប់បែក​សាំង និង​កាំបិត ចេញ​មក​ប្រឆាំង​តវ៉ា​យ៉ាង​ព្រោងព្រាត។ ពួក​អ្នកភូមិ​បាន​ប្រឆាំង​ជំទាស់​នឹង​ការប៉ុនប៉ង​របស់​យោធា​សាង​សង់​ព្រលាន​យន្តហោះ។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋវៀតណាម (Vietnam News Agency) បាន​រាយការណ៍​ថា ខ្លឹមសារ​បង្ហោះនៅ​លើ​បណ្តាញ​សង្គម​របស់​លោកស្រី​Phuong និង​លោក​ស្រី Tam មាន​លក្ខណៈមួល​បង្កាច់និង​ប្រ ឌិត​នូវ​ហេតុការណ៍ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ឃុំ Dong Tam ដោយ​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយសរបស់​រដ្ឋាភិបាល​និងបាន​ញុះញង់​ឲ្យ​ពលរដ្ឋ​ប្រឆាំង​ទៅ​លើ​អាជ្ញាធរ​រដ្ឋ។

ម្តាយនិង​ប្អូន​ប្រុស​របស់​លោក​ស្រី Phuong ត្រូវ​បានកាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគា៨​ឆ្នាំ​ផង​ដែរ​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ពី​បទ​ចោទ​ប្រកាន់​ថាបាន​បង្ហោះព័ត៌មាន​ជុំវិញ​រឿង​នេះ។

កាល​ពី​ខែ​កញ្ញា​ឆ្នាំ២០២០ តុលាការ​ក្រុង​ហាណូយ ក៏​បាន​កាត់​ទោស​ប្រហារ​ជីវិត​បុរស​២​នាក់​ដែល​បាន​សម្លាប់​មន្ត្រី​ប៉ូលិស​៣នាក់​ហើយ​មនុស្ស​២៧​នាក់​ផ្សេង​ទៀត​ក៏ត្រូវ​បានកាត់ទោស​ផង​ដែរ​ជុំវិញ​ហេតុការណ៍​នៃ​ការ​ប៉ះ​ទង្គិចគ្នា​ក្នុង​រឿង​ជម្លោះ​ដី​ធ្លីមួយ​នេះ។

ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​ប្រទេស​វៀតណាម​បានកើត​មាន​ឡើងជាទូទៅដោយ​សារ​បុគ្គល​មាន​អំណាច​និង​ក្រុមហ៊ុន​ជា​ញឹក​ញាប់​បាន​ទាមទារ​កាន់កាប់​ទ្រព្យ​សម្បត្តិ​ទាំង​នោះ។

ការការ​ទោស​លោកស្រី Phuong និង​លោកស្រី Tam កើត​មាន​ឡើង​តែ​មួយ​ថ្ងៃប៉ុណ្ណោះ​បន្ទាប់​ពី​អ្នក​កាសែត​ប្រឆាំង​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ម្នាក់​ក៏ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល៩​ឆ្នាំ​ផង​ដែរ៕

XS
SM
MD
LG