ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកកាសែត​ប្រឆាំង​ដែល​មាន​ឈ្មោះ​បោះសំឡេង​ម្នាក់ ត្រូវបាន​កាត់ទោស​ដាក់​ពន្ធនាគារ​ក្នុង​ប្រទេស​វៀតណាម


រូបឯកសារ៖ លោក​ស្រី Pham Doan Trang ជាអ្នក​កាសែត​​ប្រឆាំង​ម្នាក់ ​ដែល​មាន​ឈ្មោះ​បោះ​សំឡេង និងជា​អ្នក​ដែល​ធ្វើ​យុទ្ធនាការ​ដើម្បី​សេរីភាព​​សារព័ត៌មាន ​និង​សិទ្ធិ​ស៊ីវិល។ (Photo thevietnamese.org)
រូបឯកសារ៖ លោក​ស្រី Pham Doan Trang ជាអ្នក​កាសែត​​ប្រឆាំង​ម្នាក់ ​ដែល​មាន​ឈ្មោះ​បោះ​សំឡេង និងជា​អ្នក​ដែល​ធ្វើ​យុទ្ធនាការ​ដើម្បី​សេរីភាព​​សារព័ត៌មាន ​និង​សិទ្ធិ​ស៊ីវិល។ (Photo thevietnamese.org)

តុលាការ​មួយ​ក្នុង​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម​ កាលពី​ថ្ងៃ​អង្គារ បានកាត់ទោស​ដាក់​ពន្ធនាគារអ្នក​កាសែតប្រឆាំង​ម្នាក់ ​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​ចំណោម​អ្នក​កាសែត​ប្រឆាំង​ជា​ច្រើន​នាក់​ឲ្យជាប់​ពន្ធនាគារ​ចំនួន​៩​ឆ្នាំ ​ពី​បទ​ធ្វើ​សកម្មភាពប្រឆាំងនឹង​រដ្ឋ​ ដែល​ជា​ការដាក់​ពន្ធនាគារ​ចុង​ក្រោយ​ថ្មី​បំផុត​មួយទៅ​លើ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​វៀតណាម។ នេះ​ បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក​ស្រី Pham Doan Trang ដែល​ជា​អ្នក​ធ្វើ​យុទ្ធនាការ​ដើម្បី​សេរីភាពសារព័ត៌មាន ​និង​សិទ្ធិ​ស៊ីវិល បាន​ក្លាយ​ជា​បន្លា​ក្នុង​កែវ​ភ្នែក​របស់​អាជ្ញា​ធរ​វៀតណាមអស់​រយៈពេល​ជាយូរ​មក​ហើយ​ ដោយ​លោក​ស្រី​បាន​សរសេរ​នូវអត្ថបទ​ចម្រូង​ចម្រាស់​ជា​ច្រើន រាប់​តាំង​ពី​បញ្ហា​ដណ្តើម​កាន់កាប់​ដី​ធ្លី​ រហូត​ដល់ការ​ប្រើ​អំពើ​ហិង្សា​របស់​ប៉ូលិស​ជា​ដើម។

លោកស្រី​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០២០ ក្នុង​ទីក្រុង​ហូជីមិញ។ លោក​ស្រី Trang ដែល​មាន​អាយុ​៤៣​ឆ្នាំ បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការក្នុង​ទីក្រុង​ហាណូយ​កាលពីថ្ងៃ​អង្គារ​ម្សិល​មិញ​សម្រាប់​សវនាការកាត់ក្តី​ដែល​មាន​រយៈ​ពេល​តែ​មួយ​ថ្ងៃ​ ហើយ​ត្រូវ​បានចូល​រួម​សង្កេតការណ៍​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​ និង​អ្នក​ការទូត​ផ្សេងៗទៀត​ផង​ដែរ​តាម​ប្រព័ន្ធ​វីដេអូ​ដែល​មាន​សំឡេង ត្រូវ​បាន​កាត់​ផ្តាច់​ជា​ញឹក​ញាប់។

ចៅក្រម Chu Phuong Ngoc បាន​បញ្ជាក់​ថា អតីត​អ្នក​រាយការណ៍​ព័ត៌មាន​របស់​រដ្ឋវៀតណាម​រូប​នេះ​ ត្រូវ​បាន​រង​ការចោទ​ប្រកាន់​ពីការ«ផ្សព្វផ្សាយ​ការឃោសនាប្រឆាំង​នឹង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម»។

ចៅក្រម​រូប​នេះ​បន្ត​ទៀត​ថា «អកប្បកិរិយា​របស់​លោក​ស្រី បាន​បង្កគ្រោះថ្នាក់​ដល់​សង្គមជាតិ ដោយ​មានចេតនាបំពាន​លើរបប​សង្គមនិយម ​ហើយ​លោកស្រី ត្រូវទទួល​នូវ​ទណ្ឌ​កម្ម​យ៉ាង​ធ្ងន់ធ្ងរ»។

នៅ​ក្នុង​សវនាការ​នោះ លោក​ស្រី Trang បាន​ប្រាប់​តុលាការ​ថា លោក​ស្រី ត្រូវ​បានចាប់​ឃុំ​ខ្លួន​ចំនួន​២៥​ដង​រួចមក​ហើយ​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ ហើយ​លោកស្រី​ត្រូវបាន​ក្រុមកម្លាំងសន្តិសុខ​ធ្វើ​ឲ្យ​លោកស្រី​មាន​ការ​ភ័យខ្លាច​យ៉ាង​ខ្លាំង។

លោក​ស្រី​បាន​ប្រើ​ឈើ​ច្រត់​ដើម្បី​ដើរដោយ​សារ​តែលោក​ស្រី​មាន​របួស​ជើង​ នៅ​ពេល​ដែល​ប៉ូលិស​ បាន​បង្ក្រាប​លើ​ការ​ប្រឆាំង​តវ៉ា​បរិស្ថាន​មួយកាល​ពី​៦​ឆ្នាំ​មុន​ដែល​មាន​លោកស្រី​ចូល​រួម​ផង​ដែរ។

ក្នុង​ឆ្នាំ២០១៦ ក្នុង​នាម​ជា​អ្នក​កាសែតដែល​មិន​ចំណុះ​អង្គភាព​ណា​មួយ លោកស្រី​បាន​សរសេរ​អត្ថបទ​ជា​ច្រើនពាក់​ព័ន្ធ​នឹង​គ្រោះ​មហន្តរាយ​បរិស្ថាន​ដ៏​អាក្រក់​បំផុត​មួយ​ដែល​ជា​ការ​បែក​ធ្លាយ​នូវ​ជាតិ​ពុល​ទៅ​ក្នុងផ្ទៃទឹក​ ដែល​បាន​សម្លាប់​ពូជត្រី​អស់​រាប់​តោននៅ​ក្នុង​ប្រទេស​វៀត​ណាម​ភាគ​កណ្តាល​ ដែល​បណ្តាល​ឲ្យ​មាន​ការ​ប្រឆាំង​តវ៉ា​ដ៏​កម្រ​មួយនៅ​ពាស​ពេញ​ផ្ទៃ​ប្រទេស​នៅ​ពេល​នោះ។

នៅ​ឆ្នាំ​២០១៦​ដដែល​នោះ​ផង​ដែរ លោក​ស្រី​ត្រូវបាន​ចាប់​ខ្លួនដោយ​ប៉ូលិស​ នៅ​ពេល​ដែល​លោកស្រី​កំពុង​ធ្វើ​ដំណើរ​ទៅ​ជួប​ប្រធានាធិបតី​អាមេរិក​លោក Barack Obama ដែល​នៅ​ពេល​នេះ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង​ហាណូយ​ប្រទេស ​ហើយ​បាន​អញ្ជើញ​លោក​ស្រី​ចូលរួម​នៅ​ក្នុងកម្មវិធី​មួយ​ជាមួយសកម្មជន​ដទៃ​ផ្សេងៗទៀតនៅ​ក្នុង​អំឡុង​ពេលនៃ​ដំណើរ​ទស្សនកិច្ចរបស់​លោក។

លោក​ស្រី Trang ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ជា​ថ្មី​ម្តង​ទៀតនៅ​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ បន្ទាប់​ពីបាន​ជួប​ប្រជុំ​ជា​មួយគណៈប្រតិភូ​សហភាព​អឺរ៉ុប​ ដែល​បាន​ត្រៀម​ធ្វើកិច្ចសន្ទនា​ប្រចាំឆ្នាំ​ទ្វេភាគី​ស្តីពី​សិទ្ធិ​មនុស្ស​រវាង​សហភាព​អឺរ៉ុប​ និង​វៀតណាម។

ក្នុងសៀវភៅរបស់លោកស្រី​ដែល​មាន​ចំណង​ជើង​ថា «នយោបាយ​របស់​រដ្ឋ​ប៉ូលិស» លោក​ស្រី​ បានរៀប​រាប់​ពីការ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​រូប​លោកស្រី​នៅ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ។

នៅ​ក្នុង​លិខិត​មួយច្បាប់ដែល​លោកស្រី​បាន​សរសេរ​កាលពី​ឆ្នាំ២០១៩ ដែល​មាន​ចំណង​ជើង​ថា «បើក្នុង​រឿងករណីដែល​ខ្ញុំ​ត្រូវ​បានជាប់​ពន្ធនាគារ» លោក​ស្រី​ បាន​ជំរុញដល់​សាធារណជន​ទាំង​អស់​ឲ្យ​ផ្តោត​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​ការ​បោះ​ឆ្នោត​មួយ​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​វៀតណាម​ ជាជាង​ការស្វែង​រក​សេរីភាព​សម្រាប់​រូបលោក​ស្រី។

អនុប្រធាន​អង្គការ​សិទ្ធិមនុស្ស Amnesty International លោក​ស្រី Ming Yu Hah បាន​និយាយ​ថា ការ​ធ្វើ​បាប​លោក​ស្រី Trang គឺ​ជា​និម្មតិរូប​ដ៏​ឃោរឃៅ​ព្រៃផ្សៃ​នៃ​ការ​គាប​សង្កត់​របស់​អាជ្ញាធរ​វៀតណាម លើ​ការងារ​សកម្មជន​សិទ្ធិមនុស្ស​ដោយ​សន្តិវិធី​នៅ​ទូទាំងប្រទេស​វៀតណាម»៕

XS
SM
MD
LG