ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកកាសែត​មីយ៉ាន់ម៉ា​ម្នាក់ ត្រូវគេ​រាយការណ៍​ថា បាន​ស្លាប់​នៅ​ក្នុង​ការឃុំឃាំង​របស់​ពួកយោធា


ផ្លូវ​ដ៏ស្ងាត់​មួយ​នៅ​ក្នុង​ទីក្រុង Mandalay នៃ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ លោក Soe Naing អ្នកកាសែត​ថតរូប​ក្នុង​ស្រុក​ម្នាក់​ដែល​មិន​ធ្វើការ​ឲ្យ​អង្គភាព​ណា​មួយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា បាន​ស្លាប់​នៅ​ក្នុង​ការឃុំឃាំង​របស់​ពួកយោធា។
ផ្លូវ​ដ៏ស្ងាត់​មួយ​នៅ​ក្នុង​ទីក្រុង Mandalay នៃ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ លោក Soe Naing អ្នកកាសែត​ថតរូប​ក្នុង​ស្រុក​ម្នាក់​ដែល​មិន​ធ្វើការ​ឲ្យ​អង្គភាព​ណា​មួយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា បាន​ស្លាប់​នៅ​ក្នុង​ការឃុំឃាំង​របស់​ពួកយោធា។

អ្នក​កាសែត​ថតរូប​ក្នុង​ស្រុក​ម្នាក់​ដែល​មិន​ធ្វើការ​ឲ្យ​អង្គភាព​ណាមួយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា បាន​ស្លាប់​នៅ​ក្នុង​ការឃុំឃាំង​របស់​ពួក​យោធា​ បន្ទាប់ពី​បាន​ត្រូវ​ចាប់ខ្លួន​កាលពី​សប្តាហ៍​មុន ​ខណៈ​ដែលលោក​កំពុង​រាយការណ៍​ពី​ការ​តវ៉ា​ប្រឆាំង​មួយ។ នេះ​ បើ​តាម​សហការី ​និង​មិត្តភក្តិ​របស់​ក្រុម​គ្រួសារ​លោក បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AP។

លោក Soe Naing ជា​អ្នក​កាសែត​លើក​ដំបូង​ដែល​ត្រូវ​បាន​គេ​ដឹង​ថា បាន​ស្លាប់​នៅ​ក្នុង​ការ​ឃុំឃាំង​ ចាប់តាំង​ពី​ពួក​យោធា​បាន​ដណ្តើម​កាន់កាប់​យកអំណាច​កាលពី​ខែ​កុម្ភៈ​មក ដោយ​បណ្តេញ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោក​ស្រី Aung San Suu Kyi ចេញ​ពី​អំណាច។ អ្នក​កាសែត​ជាង​១០០​នាក់ ​បាន​ត្រូវ​ឃុំ​ខ្លួន​ចាប់តាំង​ពីពេល​នោះ​មក ថ្វីបើ​ចំនួន​ពាក់​កណ្តាល​នៃ​ចំនួន​ទាំង​នោះ​ បាន​ត្រូវ​ដោះលែង។

លោក Soe Naing ដែល​ជា​អ្នក​រចនា​ក្រាហ្វិក​ និង​ជា​អ្នក​កាសែត​ដែល​មិន​ធ្វើ​ការ​ឲ្យ​អង្គភាព​ណា​មួយ បាន​ត្រូវ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ​នៅ​ពេល​ដែល​លោក​និង​សហការី​ម្នាក់​ទៀត​ បាន​ស្ថិត​នៅ​កណ្តាល​ក្រុង​រ៉ង់ហ្គូន​ដើម្បី​ថតរូប​ក្នុង​អំឡុងពេលនៃ​«កូដកម្ម​ស្ងៀមស្ងាត់»​ដែល​ត្រូវ​បាន​អំពាវនាវឡើង​ដោយ​ពួក​អ្នក​ប្រឆាំង​ការ​គ្រប់គ្រង​របស់​ពួក​យោធា។ ព្រឹត្តិការណ៍​នោះ ​ជា​ការតវ៉ា​ប្រឆាំង​ដ៏​ធំ​បំផុត​ទូទាំង​ប្រទេស​ក្នុង​រយៈពេល​ជា​ច្រើន​ខែ ហើយ​នៅ​តាម​ផ្លូវ​នានា​ស្ទើរ​តែ​គ្មាន​មនុស្ស​ នៅ​ពេល​ដែល​មនុស្ស​ធ្វើ​ទៅ​តាម​ការ​អំពាវនាវ​ឱ្យ​នៅ​ផ្ទះ​ ហើយ​អាជីវកម្ម​នានា​ បាន​បិទ​ទ្វារ​អស់​រយៈ​ពេល​៦ម៉ោង។

លោក Soe Naing មិន​មែន​ជា​អ្នក​ជាប់​ឃុំ​លើក​ដំបូង​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ឃុំឃាំង​របស់​រដ្ឋាភិបាល​នោះ​ទេ។ ចំនួនអ្នក​ស្លាប់​មិន​ច្បាស់លាស់ ក៏ប៉ុន្តែ​អ្នក​ជាប់ឃុំឃាំង​ផ្សេង​ទៀត​ដែលត្រូវ​គេ​រាយការណ៍​ថា​បាន​ស្លាប់​ខណៈ​ដែល​ស្ថិត​នៅ​ក្នុង​ការឃុំឃាំងនោះ រួម​មានសកម្មជន​នយោបាយ​និង​សមាជិក​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ (NLD) របស់​លោក​ស្រី Aung San Suu Kyi។ ក្នុង​ករណី​ជាច្រើនដែល​គេ​អាច​ឃើញ​សាកសព​ ​គេ​ឃើញ​មាន​ស្លាកស្នាម​ដែល​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុគ្គល​ទាំង​នោះ​ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម។ នេះ​បើតាម​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស៕

XS
SM
MD
LG