ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ចំណាកស្រុក៣០០នាក់​​ដែល​គេសង្ស័យ​ថា​មក​ពីស្រីលង្កា​ ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ផ្ទៃ​សមុទ្រ​វៀតណាម


ក្រុម​មន្ត្រី​ជួយសង្គ្រោះ​កំពុង​ជួយ​ជនចំណាកស្រុក​ដែល​ជួប​ឧបទ្ទវហេតុ​លិចទូក​នៅ​វៀតណាម។
ក្រុម​មន្ត្រី​ជួយសង្គ្រោះ​កំពុង​ជួយ​ជនចំណាកស្រុក​ដែល​ជួប​ឧបទ្ទវហេតុ​លិចទូក​នៅ​វៀតណាម។

ជនចំណាកស្រុក​ជាង៣០០នាក់​ដែល​សង្ស័យ​ថា​មក​ពី​ប្រទេស​ស្រីលង្កា​ត្រូវ​បាន​ជួយ​សង្គ្រោះក្នុង​សមុទ្រ​នៃ​ប្រទេស​វៀតណាម​ បន្ទាប់ពី​ទូក​របស់​គេ​ចាប់ផ្តើម​លិច។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​វៀតណាមនៅ​ថ្ងៃ​អង្គារ៍​នេះ​ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP។

មជ្ឈមណ្ឌលស្រាវជ្រាវ​ដែន​សមុទ្រ​និង​សម្រប​សម្រួល​ការសង្គ្រោះវៀតណាម​បាន​ឱ្យ​ដឹង​ថា នាវា​នេសាទ​មួយ​គ្រឿង​របស់​មីយ៉ាន់ម៉ា​ចាប់ផ្តើម​ជួប​ឧបសគ្គ​នៅ​ចម្ងាយប្រ មាណ៤០០គីឡូម៉ែត​ទល់មុខឆ្នេរសមុទ្រVung Tauដែល​ស្ថិត​នៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម ហើយ​ដែល​ត្រូវ​គេ​គិត​ថា​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់​ប្រទេស​កាណាដាដោយ​មាន​ចម្ងាយ​ប្រមាណ​ជិត១ម៉ឺន​គីឡូម៉ែត្រដោយ​ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

មជ្ឈមណ្ឌល​នេះ​បន្ត​ទៀត​ថា«កប៉ាល់​នេសាទ​នេះមាន​បញ្ហា ដោយ​មាន​ទឹក​ហូរ​ចូល​ទៅក្នុង​បន្ទប់​ដាក់​ម៉ាស៊ីន​ដែល​មិន​អាច​ជួស​ជុល​បាន​ចាប់តាំង​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា​មក។

បន្ទាប់​ពី នាវិក​កប៉ាល់​នោះ​ហៅ​ឱ្យ​ជួយ​សង្គ្រោះនាវានេះកាល​ពី​ថ្ងៃ​ចន្ទ​មក ពួក​ អាជ្ញាធរ​វៀតណាម​បាន​ទាក់​ទង​ទៅ​នាវា​របស់​ជប៉ុន​មួយ​គ្រឿង​ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​ជិត​នោះ ឱ្យ​ជួយ​សង្គ្រោះ​ជនជាតិស្រី​លង្កា​ទាំង​នោះ។

កប៉ាល់​នេសាទ​នេះបាន​អណ្តែត​លើ​ផ្ទៃទឹកដោយ​មាន​មនុស្ស​ជា​ច្រើន​នាក់​កំពុង​ភ័យ​ស្លន់ស្លោ​នៅ​លើ​នោះ។ នេះបើតាម​ការឱ្យ​ដឹង​របស់​មជ្ឈមណ្ឌល​វៀតណាម​ខាង​លើ។មនុស្ស​ទាំង​ចំនួន៣០៣នាក់​ដែលរួម​មាន​កូន​ក្មេង​២០​នាក់​ផង​ត្រូវ​បាន​នាំ​ទៅ​កាន់​ទី​កន្លែង​សុវត្ថិភាព​នៅក្នុង​ទីក្រុង Vung Tau ប្រទេស​វៀតណាម។

ប្រទេស​ស្រីលង្កា​ដែល​មាន​បញ្ហា​បំណុល​បរទេស​យ៉ាង​ជ្រាល​ជ្រៅ​នោះ​កំពុង​តែ​ជួប​ប្រទះ​ការខ្វះខាត​ម្ហូបអាហារ ប្រេងឥន្ធនៈ​និង​ថ្នាំ​សង្កូវ​ជា​ខ្លាំង​ជាមួយ​នឹងអតិផលរណា និង​ការដាច់​ភ្លើង​ខ្លាំង បន្ទាប់ពីអស់​ប្រាក់​បម្រុង​បរទេស​ដើម្បី​នាំចូល​ទំនិញ​សំខាន់ៗ​មកក្នុង​ប្រទេសរបស់​ខ្លួន៕

XS
SM
MD
LG