ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​បក្ស​កុម្មុយនីស្ត​វៀតណាម​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ជួប​លោក Xi Jinping នៅ​សប្តាហ៍​ក្រោយ


រូបឯកសារ៖ ប្រធាន​គណបក្ស​កុម្មុយនីស្ត​វៀតណាម​លោក Nguyen Phu Trong ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ ប្រធាន​គណបក្ស​កុម្មុយនីស្ត​វៀតណាម​លោក Nguyen Phu Trong ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋាភិបាល​វៀតណាម​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ថា ប្រធាន​គណបក្ស​កុម្មុយនីស្ត​វៀតណាម​លោក Nguyen Phu Trong នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​នៅ​សប្តាហ៍​ក្រោយ តប​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​មួយ​ទៅ​ក្រៅ​ប្រទេស​របស់​មេដឹកនាំ​វៀតណាម​ដែល​មាន​វ័យចំណាស់​រូប​នេះ។ ដំណើរ​ទស្សកិច្ច​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី ៣០ ខែ​តុលា ដល់​ថ្ងៃ​ទី ២ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​វៀតណាម​ដែល​មិន​បាន​រៀបរាប់​លម្អិត​អំពី​រឿង​នេះ។

ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ផងដែរ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​ចិន​កាលពី​ថ្ងៃ​អង្គារ។

លោក Trong ដែល​មាន​អាយុ ៧៨ ឆ្នាំ បាន​ផ្ញើ​សារ​អបអរសាទរ​កាលពី​ថ្ងៃ​អាទិត្យ​ទៅ​កាន់​លោក Xi ដែល​ត្រូវ​បាន​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​មេដឹកនាំ​នៅ​អាណត្តិ​ទី ៣ ជា​បន្ត​ទៀត។

លោក Trong បាន​បញ្ជាក់​នៅ​ក្នុង​សារ​នោះ​អំពី​ក្តី​សង្ឃឹម​នៃ «ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនុកចិត្ត​ខាង​នយោបាយ និង​ការ​ដាក់​ចេញ​នូវ​ទិសដៅ​ដ៏​ល្អ​ប្រសើរ​សម្រាប់​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ»។

ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ប្រទេស​វៀតណាម​និង​ជា​ប្រភព​ដ៏​សំខាន់​នៃ​ការ​នាំចូល​សម្រាប់​សេដ្ឋកិច្ច​រីក​ចម្រើន​ដ៏​ឆាប់​រហ័ស​របស់​វៀតណាម ដែល​ក្នុង​នោះ​ក៏​រួម​មាន​ផង​ដែរ​នូវ​វត្ថុធាតុ​ដើម​និង​គ្រឿង​យន្ត​នានា​សម្រាប់​វិស័យ​ផលិតកម្ម​ដ៏​សំខាន់​របស់​ប្រទេស​វៀតណាម។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើន​ចំនួន ១០,២% នៅ​ក្នុង​រយៈពេល ៩ ខែ​ដំបូង​នៅ​ក្នុង​ឆ្នាំ​នេះ​រហូត​ទៅ​ដល់​ចំនួន ១៣២.៣៨០ លាន​ដុល្លារ​អាមេរិក បើ​ប្រៀប​នឹង​មួយ​ឆ្នាំ​មុន ដែល​ក្នុង​ចំណោម​នោះ ៧០% គឺ​ជា​ការ​នាំចូល​របស់​ប្រទេស​វៀតណាម​ពី​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​ទិន្នន័យ​ផ្លូវការ​របស់​រដ្ឋាភិបាល​វៀតណាម។

បើ​ទោះបីជា​ប្រទេស​ទាំង​ពីរ​មាន​ប្រវត្តិ​ជា​យូរ​មក​ហើយ​នៃ​ការ​មិន​ទុកចិត្ត​គ្នា​និង​ជម្លោះ​ទឹកដី​ក៏ដោយ ក៏​គណបក្ស​កុម្មុយនីស្ត​នៃ​ប្រទេស​ទាំង​ពីរ​នៅតែ​រក្សា​ភាព​ស្និទ្ធស្នាល​ផ្លូវការ​ជាមួយ​គ្នា​ដដែល៕

XS
SM
MD
LG