ការផ្ទុះរាលដាលថ្មីនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសវៀតណាមបានឆ្លងទៅខេត្តពីរផ្សេងទៀតកាលពីថ្ងៃពុធ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសវៀតណាម ខណៈដែលក្រុមការងារទទួលបន្ទុកជំងឺកូវីដ១៩ នេះ ប្រកាសថា ការចម្លងជំងឺកូវីដ១៩ អាចគ្រប់គ្រងបាននៅទីក្រុង ដែលជំងឺនេះផ្ទុះឡើងដំបូង។
ការតាមដានយ៉ាងខ្លាំងក្លារកអ្នកដែលបានប្រាស្រ័យទាក់ទងជាមួយនឹងអ្នកជំងឺកូវីដ១៩ ការធ្វើតេស្ត និងការដាក់ឲ្យនៅដាច់ដោយឡែកយ៉ាងតឹងរ៉ឹង បានជួយវៀតណាមឲ្យអាចគ្រប់គ្រងការចម្លងជំងឺនេះបានកាលពីមុន ប៉ុន្តែឥឡូវនេះ វៀតណាមកំពុងតែប្រយុទ្ធប្រឆាំងនឹងការចម្លងជំងឺនេះនៅក្នុងទីក្រុង និងខេត្តយ៉ាងហោចណាស់ចំនួន ១០ បន្ទាប់ពីគ្មានករណីឆ្លងថ្មីទាល់តែសោះនៅក្នុងប្រទេសអស់រយៈពេលជាងបីខែ។
ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ថា មានករណីឆ្លងថ្មីចំនួនពីរកាលពីថ្ងៃពុធ ដែលធ្វើឲ្យចំនួនករណីឆ្លងជំងឺកូវីដ១៩ ថ្មីសរុបមានចំនួន ៦៧២ ករណី និងមានករណីស្លាប់ចំនួន ៨៕