ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ទីប្រឹក្សាសេតវិមានទទួលបន្ទុកផ្នែកវីរុសកូរ៉ូណាកាលពីថ្ងៃចន្ទនៅក្រោយពេលដែលទីប្រឹក្សារូបនេះបានប្រាប់ទស្សនិកជននៃទូរទស្សន៍ក្នុងប្រទេសមួយថា កំណើននៃការឆ្លងវីរុសកូរ៉ូណាថ្មីកំពុងរាតត្បាតយ៉ាងខ្លាំងក្លានៅតំបន់ជនបទ និងទីក្រុង។ តែអត្ថាធិប្បាយនៅក្នុងប្រព័ន្ធទ្វីតធឺ លោក ត្រាំបានអះអាងថា សហរដ្ឋអាមេរិកបានធ្វើកិច្ចការល្អយ៉ាងច្រើន ដូចជាបើកទ្វារសាលារៀន។
ការរិះគន់របស់លោក ត្រាំកើតឡើងតែមួយថ្ងៃបន្ទាប់ពីលោកស្រីវេជ្ជបណ្ឌិត Deborah Birx អ្នកសម្របសម្រួលក្រុមការងារពិសេសរបស់សេតវិមានបានប្រាប់បណ្តាញទូរទស្សន៍ CNN ថា យើងកំពុងស្ថិតនៅក្នុងដំណាក់កាលថ្មីមួយ។ អ្វីដែលយើងឃើញបច្ចុប្បន្ននេះ គឺខុសគ្នាកាលពីខែមីនា និងខែមេសា។ ចំពោះពលរដ្ឋដែលរស់នៅតាមជនបទ គេមិនស៊ាំ ឬគ្មានប្រព័ន្ធការពារខ្លួនប្រឆាំងនឹងវីរុសទេ។
តែលោកស្រីប្រធានសភា Nancy Pelosi និងជាមេដឹកនាំក្រុមអ្នកតំណាងរាស្ត្រដែលគ្រប់គ្រងសភា បានប្រាប់ទូរទស្សន៍ ABC កាលពីថ្ងៃអាទិត្យថា លោកស្រីគ្មានការជឿជាក់លើការវាយតម្លៃរបស់លោកស្រី Birx ដែលថា វីរុសថមថយកាលពីប៉ុន្មានអាទិត្យកន្លងទៅ មុនពេលកំណើនថ្មីដែលកើតឡើងនៅពាក់កណ្តាលខែមិថុនា។ លោកស្រីបានថ្លែងថា ខ្ញុំគិតថាលោកប្រធានាធិបតីកំពុងតែចែករំលែកព័ត៌មានមិនពិតអំពីវីរុស ហើយលោកស្រី Birx គឺជាអ្នកដែលជ្រើសតាំងដោយលោកប្រធានាធិបតី។
លោកប្រធានាធិបតី ត្រាំថា លើកលែងតែញូវយ៉ក និងកន្លែងមួយពីរចេញ សហរដ្ឋអាមេរិកបានធ្វើការដោះស្រាយវីរុសចិនបានយ៉ាងប្រសើរ។ ប្រទេសជាច្រើនកំពុងរងគ្រោះខ្លាំងដោយរលកថ្មី ហើយព័ត៌មានក្លែងក្លាយកំពុងតែធ្វើការថែមម៉ោងដើម្បីបញ្ជាក់ថា សហរដ្ឋអាមេរិក និងប្រធានាធិបតីអាក្រក់តាមដែលអាចធ្វើទៅបាន៕