មន្ត្រីសេតវិមាន និងសមាជិកសភាកំពូលៗខាងគណបក្សប្រជាធិបតេយ្យគ្រោងនឹងចាប់ផ្ដើមជាថ្មីនៅថ្ងៃច័ន្ទនេះនូវការពិភាក្សារបស់ពួកគេអំពីកញ្ចប់ថវិកាជំនួយថ្មីសម្រាប់វិបត្តិជំងឺកូវីដ១៩ ដែលក្នុងនោះមានទាំងជំនួយសម្រាប់ពលរដ្ឋរាប់លាននាក់ដែលបាត់បង់ការងារធ្វើផងដែរ។
ការពិភាក្សានេះធ្វើឡើង បន្ទាប់ពីប្រាក់ជំនួយរបស់រដ្ឋាភិបាលសហព័ន្ធចំនួន ៦០០ ដុល្លារក្នុងមួយសប្ដាហ៍ សម្រាប់ពលរដ្ឋបាត់បង់ការងារ ដែលជាផ្នែកមួយនៃកញ្ចប់ថវិកាជំនួយលើកដំបូង បានផុតកំណត់។
ប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi មេដឹកនាំគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភាលោក Chuck Schumer រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Steven Mnuchin និងនាយកខុទ្ទកាល័យសេតវិមានលោក Mark Meadows បានជួបពិភាក្សាគ្នាកាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីព្យាយាមបំបែកភាពជាប់គាំង ដែលបានលេចឡើងរវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋអំពីពេលវេលា និងទំហំនៃប្រាក់ជំនួយពេលបាត់បង់ការងារ ស្របពេលដែលសហរដ្ឋអាមេរិកកំពុងដោះស្រាយជាមួយនឹងការកើនឡើងនៃការឆ្លងជំងឺកូវីដ១៩។
អ្នកស្រី Pelosi និងសមាជិកគណបក្សប្រជាធិបតេយ្យដទៃទៀតចង់ឲ្យប្រាក់ជំនួយនោះបន្តរហូតដល់ចុងឆ្នាំ ២០២០ នេះ ចំណែកឯលោកប្រធានាធិបតី Donald Trump និងរដ្ឋបាលរបស់លោកវិញ ចង់កាត់ប្រាក់ជំនួយចំនួន ៦០០ ដុល្លារក្នុងមួយសប្ដាហ៍នោះ ឲ្យមកនៅត្រឹម ២០០ ដុល្លារក្នុងមួយសប្ដាហ៍វិញ ហើយស្របពេលនោះដែរចង់កំណត់ប្រាក់ជំនួយឲ្យនៅត្រឹមតែ ៧០% ប៉ុណ្ណោះនៃប្រាក់បៀវត្សរ៍ដែលអ្នកធ្វើការទទួលបានមុនពេលបាត់បង់ការងារ។
ភាគីទាំងពីរនៅខ្វែងគំនិតគ្នាខ្លាំងលើទំហំនៃកញ្ចប់ថវិកាជំនួយនេះ ដោយគណបក្សប្រជាធិបតេយ្យចង់ឲ្យកញ្ចប់ថវិកាជំនួយនេះមានទំហំ ៣ លានលានដុល្លារ ចំណែកឯគណបក្សសាធារណរដ្ឋវិញចង់ឲ្យកញ្ចប់ថវិកាជំនួយមានទំហំត្រឹមតែ ១ លានលានដុល្លារប៉ុណ្ណោះ៕