ស្របពេលដែលរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ធ្វើដំណើរទៅកាន់ប្រទេសវៀតណាមនោះ លោកត្រូវចរចាពីការតស៊ូផ្នែកការទូតមួយ ដែលវៀតណាមនិងចិនកំពុងប្រជែងគ្នាស្វែងរកសិទ្ធិអភិវឌ្ឍន៍អាងប្រេងនិងឧស្ម័ន នៅក្នុងសមុទ្រចិនខាងត្បូង។
ដំណើរទស្សនកិច្ចរបស់លោក Blinken កើតឡើងក្រោយការសន្ទនាគ្នាតាមទូរសព្ទមួយរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong កាលពីថ្ងៃទី ២៩ ខែមីនាកន្លងទៅ ខណៈពេលដែលមេដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការពង្រីកទំនាក់ទំនងទ្វេភាគី។
ឆ្នាំនេះជាខួបលើកទី ១០ នៃភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងសហរដ្ឋអាមេរិកនិងប្រទេសវៀតណាម។ ប្រទេសទាំងពីរបានពិភាក្សាគ្នាជាហូរហែពីរបៀបនៃការលើកកម្ពស់ទំនាក់ទំនងរបស់គេឱ្យទៅដល់កម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រមួយ។ ប្រទេសវៀតណាមមានកិច្ចព្រមពៀងស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរដ្ឋាភិបាលក្រុងមូស្គូ និងរដ្ឋាភិបាលក្រុងប៉េកាំងផងដែរ។
ទំនាស់ផលប្រយោជន៍ ដែលរដ្ឋាភិបាលក្រុងហាណូយកំពុងប្រឈមមុខ គឺត្រូវគិតគូរដល់ទំនាក់ទំនងដ៏ជូរចត់ជាប្រវត្តិសាស្ត្រជាមួយនឹងចិន ទំនាក់ទំនងទ្វេភាគីជាមួយនឹងដៃគូដែលមានចិត្តគំនិតស្រដៀងគ្នាជាមួយនឹងរុស្ស៊ី និងទំនាក់ទំនងកាន់តែកក់ក្តៅជាមួយសហរដ្ឋអាមេរិក ដែលធ្លាប់ជាសត្រូវដែលខ្លួនបានផ្តួលកាលពីជិត ៥០ ឆ្នាំមុននោះ ហើយទាំងនេះអាចជាវិញ្ញាសាសាកល្បងមួយ ទៅលើគោលនយោបាយការបរទេស «៣កុំ» របស់វៀតណាម ដែលមិនធ្លាប់ប្រកាន់យកក្នុងពេលកន្លងទៅ។
ទី ១ មិនចូលសម្ព័ន្ធមិត្តជាមួយប្រទេសណាមួយដើម្បីប្រឆាំងនឹងប្រទេសទី ៣
ទី២ មិនចងសម្ព័ន្ធភាពយោធាជាមួយប្រទេសណាមួយ
ទី ៣ មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសណាមួយ នៅលើទឹកដីរបស់ខ្លួននោះឡើយ
បើយោងលើមជ្ឈមណ្ឌលសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រ (CSIS) ដែលជាវិទ្យាស្ថានស្រាវជ្រាវដែលមានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានឱ្យដឹងថា ក្រុមហ៊ុនប្រេងរដ្ឋរុស្ស៊ី Zarubezhneft និងមហាក្រុមហ៊ុនប្រេង Gazprom កំពុងធ្វើការជាមួយសាខាក្រុមហ៊ុនប្រេងរដ្ឋវៀតណាម PetroVietnam ក្នុងទីតាំងរុករកប្រេងនិងឧស្ម័ននៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម ក្នុងសមុទ្រចិនខាងត្បូង។
នាវាឆ្មាំសមុទ្រចិន បានបើកចូលទៅកាន់ទីតាំងរុករកប្រេងរបស់វៀតណាម ដែលកំពុងដំណើរការដោយក្រុមហ៊ុនប្រេងរុស្ស៊ី នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាមចំនួនប្រមាណ ៤០ ដង ចាប់តាំងពីខែមករា ឆ្នាំ ២០២២ មក។ នេះបើយោងទៅលើអង្គការស្រាវជ្រាវមួយរបស់វៀតណាម ស្តីពីការតាមដានត្រួតពិនិត្យទិន្នន័យនាវាឆ្លងកាត់ក្នុងសមុទ្រចិនខាងត្បូង ឈ្មោះ South China Sea Chronicle Initiative ឬ SCSCI ហើយត្រូវបានដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការបើកនាវារបស់ឆ្មាំសមុទ្រចិនទៅកាន់ទីតាំងប្រេងនេះក្នុងពេលចុងក្រោយថ្មីៗនេះ គឺធ្វើឡើងកាលពីថ្ងៃទី ២៧ ខែមីនាកន្លងទៅ គឺប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីចិនលោក Xi Jinping បានជួបគ្នា ដើម្បីបញ្ជាក់ឡើងវិញពី«មិត្តភាពគ្មានដែនកំណត់» របស់ពួកគេ។
លោក Colin Koh អ្នកស្រាវជ្រាវបញ្ហាសន្តិសុខដែនសមុទ្រ នៅមហាវិទ្យាល័យ S. Rajaratnam សម្រាប់ការសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang របស់សិង្ហបុរី បានប្រាប់ VOA ភាសាវៀតណាមថា លោកជឿថា លោក Putin បានលើកយកហេតុការណ៍ពាក់ព័ន្ធជាមួយនឹងនាវាឆ្មាំសមុទ្រចិននៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីពិភាក្សាជាមួយលោកXi ពីព្រោះវាជាផលប្រយោជន៍របស់រុស្ស៊ី ក្នុងការធ្វើការជាមួយក្រុមហ៊ុនវៀតណាម ដើម្បីរុករកនិងខួងយកប្រេងនៅក្នុងតំបន់នោះ។
លោក Koh បានបង្ហាញនូវមន្ទិលសង្ស័យថា រដ្ឋាភិបាលក្រុងមូស្គូ នឹងអាចបោះបង់ចោលនូវភាពជាដៃគូថាមពលប្រេងជាមួយវៀតណាម ទៅតាមបំណងរបស់ចិន។ រដ្ឋាភិបាលក្រុងហាណូយរហូតមកដល់ពេលនេះ ជាមិត្តយូរអង្វែងនិងមិនងាករេមួយរបស់រុស្ស៊ី នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងទៅលើសារតាមអ៊ីមែលមួយ ដែលលោក Koh បានសរសេរមកកាន់វីអូអេជាភាសាវៀតណាម កាលពីថ្ងៃទី ២៩ ខែមីនា កន្លងទៅ។
នៅក្នុងសារអ៊ីមែលនោះ លោក Koh លើកឡើងថា៖ «តើរដ្ឋាភិបាលក្រុងមូស្គូចង់ប្រឈមនឹងការរុញវៀតណាមទៅកៀកនឹងបស្ចឹមប្រទេសឬយ៉ាងណា? ហើយក្នុងន័យទូលាយមួយទៀត តើរុស្ស៊ីពិតជាចង់ប្រឈមនឹងការត្រូវបានគេមើលឃើញថា មិនគ្រាន់ត្រឹមតែជាដៃគូដែលមិនអាចទុកចិត្តបានរបស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងស៊ុំគ្រលំគ្នាជាមួយចិនផងដែរឬយ៉ាងណា?»
បើតាមលោក Koh បានឱ្យដឹងថា វាជាបរាជ័យមួយដ៏ធំសម្រាប់វៀតណាម ជាពិសេសខាងការទទួលបាននូវគ្រឿងសព្វាវុធ ប្រសិនបើរដ្ឋាភិបាលក្រុងមូស្គូគាំទ្រជំហរបស់ចិននៅក្នុងបញ្ហាសមុទ្រចិនខាងត្បូងនោះ៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ